នៅថ្ងៃទី 13 ខែមករា ឆ្នាំ2020 នេះ តារាសម្ដែងល្បីឈ្មោះ និងជាពិធីការិនីស្រស់សោភា កញ្ញា ម៉ៃយ៉ា (ខាហ្គឺ ម៉ៃយ៉ា) ត្រូវបានក្រុមហ៊ុនក្រុមហ៊ុន TRE ជ្រើសតាំងឱ្យក្លាយជាតារាតំណាងផលិតផលសាប៊ូកក់សក់ ម៉ាក កូឡាទីន រយៈពេលមួយឆ្នាំពេញ។
តារាសម្ដែង ម៉ៃយ៉ា បានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា នាងពិតជាសប្បាយចិត្ត នៅពេលដែលក្រុមហ៊ុន ចាប់អារម្មណ៍លើរូបនាង ហើយយកនាងធ្វើជាអ្នកតំណាង។ ជាការពិតសុខភាព និងសម្រស់ គឺជាអ្វីដែលស្ត្រីគ្រប់រូបត្រូវការ ហើយនាងគឺជាមនុស្សស្រឡាញ់សក់បំផុត មុននឹងបានសក់ប្រវែងនេះ គឺនាងប្រឹងប្រែងថែរក្សា និងប្រើផលិតផលល្អៗជាច្រើន។ ម៉ៃយ៉ា និយាយថា «នេះក៏ជាបទពិសោធន៍ដ៏ពិសេសមួយ សម្រាប់រូបខ្ញុំផ្ទាល់ដែរ ខ្ញុំមានឱកាសមកចែករំលែកពីបទពិសោធន៍នៃការប្រើប្រាស់ផ្ទាល់ និងលទ្ធផលដែល ខ្ញុំទទួលបាន តាំងពីមុន និង ក្រោយពេលដែលខ្ញុំទទួលបានការងារ ជាឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់សាប៊ូ កូឡាទីន»។
ម៉ៃយ៉ា បន្ថែមថា សម្រាប់កិច្ចសន្យា ជាអ្នកតំណាងផលិតផលខាងលើនេះ គឺមានរយៈពេលមួយឆ្នាំប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំក្រោយៗទៀត នាងនឹងពិភាក្សាជាមួយម្ចាស់ក្រុមហ៊ុន ដើម្បីបន្ត ឬបញ្ចប់។ អ្វីដែលនាងទទួលបាន ពីការងារនេះ គឺមិនបានប៉ះពាល់ដល់អាជីពសិល្បៈរបស់នាងឡើយ ទោះបីជាមមាញឹកខ្លាំង ក្នុងរដូវនេះក្ដី។
ដោយឡែកអ្នកស្រី តែ ស៊ូអេង អគ្គនាយិការក្រុមហ៊ុន ធីអអ៊ី បានថ្លែងថា មូលហេតុដែលអ្នកស្រីជ្រើសរើសកញ្ញា ម៉ៃយ៉ា ធ្វើជាអ្នកតំណាង គឺដោយសារតែអ្នកស្រីមើលឃើញពីសមត្ថភាព គួបផ្សំជាមួយនឹងសម្រស់ដ៏ស្រស់របស់នាង ពោលគឺស័ក្តិសមជាមួយនឹងផលិតផលសាប៊ូកក់សក់នេះតែម្ដង។ សមិទ្ធផលដ៏អស្ចារ្យលើសពីការរំពឹងទុករបស់នាង គឺបានកើតឡើង ដោយសារតែនាង បានធ្វើការសម្រិតសម្រាំង យ៉ាងយកចិត្តទុកដាក់បំផុត មុននឹងសម្រេចចិត្តនាំចូលផ្តាច់មុខនូវផលិតផលកក់ក់ និងព្យាបាលគ្រប់បញ្ហាស្បែកក្បាល និងសរសៃសក់ ដែលជារូបមន្តឥតខ្ចោះ៕