Skip to content

រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​គ្រោង​ស្ថាបនា​ផ្លូវ​ក្រោម​ដី​ ​មុខ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​និង​មុខ​វិទ្យាស្ថាន​ភាសាបរទេស​

​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន​ដាក់​គម្រោង​ផែនការ​សាងសង់​ផ្លូវ​ក្រោម​ដី​ ​2ខ្សែ​ ​នៅមុខ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​និង​មុខ​វិទ្យាស្ថាន​ភាសាបរទេស​ ​បន្ទប់​ពី​បាន​មើលឃើញ​ពី​ការ​កកស្ទះ​ចរាចរណ៍​ជាប្រចាំ​ ​ហើយ​គម្រោង​ផែនការ​សាងសង់​ផ្លូវ​ក្រោម​ដី​គ្រោង​នឹង​បើក​ការដ្ឋាន​ស្ថាបនា​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​តាមរយៈ​សេចក្ដីប្រកាស​នៅ​លើ​គណនី​ផ្លូវការ​ ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី9​ ​ខែ​ ​មករា​ ​ឆ្នាំ2020​ ​បាន​បញ្ជាក់​ថា​ ​នៅ​ពេល​ឆាប់​ៗ​ខាងមុខនេះ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​សាងសង់​ផ្លូវ​ក្រោម​ដី​ ​2ខ្សែ​នៅមុខ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​និង​ត្រង់​ចំណុច​មុខ​វិទ្យាស្ថាន​ភាសាបរទេស​ ​IFL​ ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ​ដែល​ទទួលរង​ការ​កកស្ទះ​ចរាចរណ៍​ស្ទើរតែ​រាល់ថ្ងៃ​។​ ​

​ឯកឧត្ដម​ ​ឃួង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​បាន​បើក​កិច្ចប្រជុំ​ជាមួយ​ក្រុម​ជំនាញ​ ​ដើម្បី​ពិភាក្សា​លើ​គម្រោង​ស្ថាបនា​ផ្លូវ​ក្រោម​ដី​ទាំង​ ​2ខ្សែ​នេះ​ ​ដើម្បី​ជំរុញ​ឱ្យ​គម្រោង​នេះ​ដំណើរការ​ទៅ​ឱ្យ​បាន​រលូន​ ​និង​ទទួល​បាន​ជោគជ័យ​ ​ដើម្បី​បង្ក​ភាព​ងាយស្រួល​ ​ដល់​ការ​ធ្វើដំណើរ​របស់​បណ្តា​សិស្ស​ ​និស្សិត​ ​ដែល​ចេញចូល​វិទ្យាស្ថាន​ ​ជាពិសេស​បញ្ចៀស​ការ​កកស្ទះ​ ​ក្នុង​ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​នៅត្រង់​ចំណុច​នោះ​។​

​លោក​ ​សាំ​ ​ពិសិដ្ឋ​ ​ប្រធានមន្ទីរ​សាធារណការ​ ​និង​ដឹកជញ្ជូន​នៃ​សាលា​រាជធានី​ភ្នំពេញ​ ​បាន​បញ្ជាក់​ឱ្យ​ដឹង​ ​ក្នុង​កិច្ចប្រជុំ​នោះ​ថា​ ​ជា​គម្រោង​ដែល​បាន​ ​និង​កំពុង​សិក្សា​ទៅលើ​ផ្លូវ​ក្រោម​ដី​ទាំង​ ​2ខ្សែ​នេះ​ ​គឺ​ ​1ខ្សែ​រត់​ក្រោម​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​នៅ​ចំណុច​មុខ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​ទម្លុះ​ទៅ​ផ្លូវ265​ ​ដោយធ្វើ​ចរាចរណ៍​ទៅមក​។​ ​

​ចំណែក​ផ្លូវ​ក្រោម​ដី​ ​1ខ្សែ​ទៀត​ ​គ្រោង​នឹង​ធ្វើឡើង​នៅមុខ​វិទ្យាស្ថាន​ភាសាបរទេស​ ​ដោយ​ចេញពី​ក្នុង​វិទ្យាស្ថាន​ ​មុជ​ក្រោម​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ​ទម្លុះ​មក​ផ្លូវ261​ ​ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី1​ ​ខណ្ឌទួលគោក​។​ ​ក្នុង​គម្រោង​នេះ​ដែរ​ ​កំណាត់ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ​ចាប់ពី​ស្ពាន​អាកាស​ ​5មករា​ ​រហូតដល់​ស្ពាន​អាកាស​ ​7មករា​ ​គឺ​គ្រោង​នឹង​បិទ​របាំង​ថ្ម​ទ្រូងផ្លូវ​មិន​ឱ្យធ្វើ​ចរាចរ​ឆ្លងកាត់​តែម្ដង​។​ ​
​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ​ ​ក៏បាន​ពិភាក្សា​វែកញែក​រក​ដំណោះស្រាយ​ថា​ ​តើ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​និង​សភា​ពាណិជ្ជកម្ម​កម្ពុជា​នឹង​ចេញចូល​ច្រក​ណាមួយ​។​

​ឯកឧត្ដម​ ​ឃួង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​ក្នុង​កិច្ចប្រជុំ​នោះ​បាន​ជំរុញ​ឱ្យ​ក្រុមការងារ​ធ្វើការ​សិក្សា​ឱ្យ​បាន​ហ្មត់ចត់​ ​លើក​គម្រោង​ស្ថាបនា​ផ្លូវ​ក្រោម​ដី2ខ្សែ​នេះ​ ​ដោយ​ឯកឧត្តម​ជំរុញ​ឱ្យ​មាន​កិច្ចប្រជុំ​លើកក្រោយ​ទៀត​ ​ដោយ​ត្រូវ​អញ្ជើញ​នាយក​សាលា​ទាំង2​ ​ក្រសួងការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ​និង​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​មក​ប្រជុំ​រួមគ្នា​ដើម្បី​រក​ដំណោះស្រាយ​រួម​ ​មុននឹង​ដាក់​ឱ្យ​គម្រោង​ខាងលើ​ដំណើរការ​ ​ព្រោះ​គម្រោង​នេះ​ត្រូវតែ​អនុវត្ត​ហើយ​ ​ដោយសារតែ​មាន​និស្សិត​ប្រមាណ​ជាង​ ​2ម៉ឺន​នាក់​ចេញពី​សាកល​វិទ្យាល័យ​ទាំង2នេះ​ ​ហើយ​តែងតែ​កកស្ទះ​ចរាចរណ៍​រាល់ថ្ងៃ​ ​នៅ​ម៉ោង​ដែល​និស្សិត​ចេញ​ ​និង​ចូលក្នុង​សាលា​៕​



Leave a Reply

Your email address will not be published. Required fields are marked *