អាណាព្យាបាលគ្រប់រូបតែងតែចង់ឱ្យកូនៗក្លាយជាមនុស្សមានសមត្ថភាព ចំណេះដឹង និងសេចក្តីសុខក្នុងជីវិត តែអ្វីដែលជាបញ្ហាប្រឈមរបស់អាណាព្យាបាលនៅកម្ពុជា គឺពួកគាត់មិនសូវមានចំណេះដឹងក្នុងភាពជាអាណាព្យាបាល (Parenting Skill) ដោយបញ្ហាទាំងអស់នេះធ្វើឱ្យពួកគាត់មើលមិនឃើញពីគុណសម្បត្តិនានា ជុំវិញការអប់រំរបស់កូន ក្រៅពីការសិក្សាតែមុខវិជ្ជាគោលក្នុងសាលា។
តាមការបញ្ជាក់របស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានឱ្យដឹងថា ការសិក្សាតន្ត្រីត្រូវបានគេមើលឃើញថា ជាវិធីសាស្ត្រល្អបំផុតក្នុងការអប់រំ ទាំងចិត្តសាស្រ្ត និងឥរិយាបថរបស់កុមារឱ្យក្លាយជាមនុស្សម្នាក់ប្រកបដោយសមត្ថភាពខ្ពស់នៅថ្ងៃអនាគត។
អ្នកជំនាញចិត្តសាស្ត្រនិយាយថា តាមការសង្កេតលើកុមារជាច្រើនលើពិភពលោក ដែលកំពុងរៀនលេងគ្រឿងតន្ត្រី ឃើញថា ពួកគេភាគច្រើនមានកម្រិតពិន្ទុ (Grade) ខ្ពស់លើភាសាអង់គ្លេស វិទ្យាសាស្ត្រ និងគណិតវិទ្យា។
ចំណុចខ្លាំងទាំងអស់នេះ កើតឡើងបានដោយសារតែតន្ត្រីធ្វើឱ្យមនុស្សផ្តោតអារម្មណ៍ និងគ្រប់គ្រងខ្លួនឯងបានល្អ ព្រោះអ្នកដែលរៀនតន្ត្រីបានលុះត្រាតែជាមនុស្សដែលមានការអត់ធ្មត់លើការគ្រប់គ្រងខ្លួនឯងទាំងអារម្មណ៍ និងរាងកាយ។
នៅពេលលេងតន្ត្រី អ្នកលេងត្រូវតែផ្តោតអារម្មណ៍លើចង្វាក់ ការបញ្ជាឧបករណ៍ភ្លេង និងស្តាប់អ្នកដទៃ ដែលកត្តានេះធ្វើឱ្យពួកគេមានទម្លាប់ល្អក្នុងការផ្តោតអារម្មណ៍បានល្អនៅពេលពួកគេមកសិក្សាមុខវិជ្ជាផ្សេងៗទៀតនៅក្នុងថ្នាក់រៀន។
យោងតាមសមាគមអ្នកចិត្តសាស្ត្រអាមេរិក (APA) បានបញ្ជាក់ថា ការសិក្សាគ្រឿងតន្រ្តីអាចជួយបង្កើនសមត្ថភាពខួរក្បាលក្នុងការសិក្សាឱ្យកាន់តែមានកម្រិតខ្ពស់ និងថែមទាំងជំរុញឱ្យមានភាពឆ្លាតវៃ (IQ) កាន់តែខ្លាំង។ ជាក់ស្តែង សិស្សដែលរៀនអានអក្សរភ្លេងបាន គឺហាក់បីដូចជាកំពុងសិក្សាលើភាសាមួយដែលត្រូវការការផ្តោត និងការអនុវត្តជាក់ស្តែង ដែលវាបានភ្ជាប់គ្រប់ផ្នែកទាំងអស់នៅក្នុងខ្លួនក្នុងពេលតែមួយ។
វាក៏ធ្វើឱ្យមនុស្សមានសមាធិល្អ និងបញ្ជាសតិអារម្មណ៍ខ្លួនឯងបានល្អផងដែរ ព្រោះនៅពេលដៃធ្វើកាយវិការ អ្នកលេងភ្លេងមានសមត្ថភាពប្រើប្រាស់ខួរក្បាលដើម្បីបញ្ជាផ្នែកផ្សេងទៀតឱ្យធ្វើសកម្មភាពប្រកបដោយការគ្រប់គ្រងបាន និងរួមទាំងអាចអភិវឌ្ឍក្នុងការស្តាប់បានល្អថែមទៀតផង។ ខុសពីក្មេងទូទៅ កុមារដែលបានរៀនភ្លេង ភាគច្រើនជាអ្នកដែលអាចស្តាប់ និងវិភាគលើមេរៀនបានល្អ។
បន្ថែមពីលើនេះ ការសិក្សាភ្លេងក៏បានជំរុញឱ្យកុមារ ក៏ដូចជាយុវជនមានសមត្ថភាពក្នុងការធ្វើការងារជាក្រុមបានល្អផងដែរ ព្រោះនៅពេលលេងភ្លេងជាក្រុម ពួកគេត្រូវការការសហការខ្ពស់ទើបអាចបង្កើតបានជាភ្លេងពីរោះ និងត្រូវចង្វាក់គ្នាបានល្អ។ ហេតុនេះ ការរៀនភ្លេងជាការបង្វឹកស្មារតីក្រុមប្រកបដោយភាពរីករាយ និងការយកចិត្តទុកដាក់។
ពួកគេកម្សាន្តផង និងអប់រំផ្លូវចិត្តផងដែលធ្វើឱ្យពួកគេក្លាយជាមនុស្សម្នាក់មានផ្នត់គំនិតយ៉ាងវិជ្ជមានក្នុងការធ្វើការងារជាមួយមនុស្សដទៃ ឬអាចមានសមត្ថភាពគ្រប់គ្រងស្ថានការណ៍បានល្អនៅថ្ងៃអនាគត។
ចំពោះការគ្រប់គ្រងខ្លួនឯងពីខាងក្នុងវិញ លេងតន្ត្រីចាំបាច់ត្រូវតែជាមនុស្សដែលកំណត់វិន័យខ្ពស់លើខ្លួនឯង ទើបជោគជ័យ។ សិក្សាភ្លេង គឺហាក់បី-ដូចជាសន្សំចំណេះដឹងដែលទាមទារឱ្យអនុវត្តឱ្យបានត្រូវ និងឱ្យបានទៀងទាត់ទើបអាចសម្រេចបាន ហេតុនេះអ្នករៀនត្រូវកំណត់ម៉ោងឱ្យបានច្បាស់លាស់ជារៀងរាល់ថ្ងៃ ដើម្បីហ្វឹកហាត់ ឬកំណត់ឱ្យបានទៀងទាត់ចំពោះពេលវេលាក្នុងសប្តាហ៍នីមួយៗដើម្បីហ្វឹកហាត់ដោយខ្លួនឯង។
ទម្លាប់ទាំងអស់នេះ នឹងធ្វើឱ្យពួកគេក្លាយជាមនុស្សមានវិន័យ និងមានគោលការណ៍សម្រាប់ជីវិតដោយមិនបាច់បង្ខំ។ នៅថ្ងៃក្រោយ បន្ទាប់ពីបញ្ចប់ការសិក្សាតន្រ្តី ក៏ពួកគេនៅតែក្លាយជាមនុស្សដែលកំណត់ការងារបានប្រកបដោយប្រសិទ្ធភាពខ្ពស់។
បន្ថែមពីលើនេះ ការសិក្សាស្រាវជ្រាវបានបង្ហាញថា សិស្សដែលបានសិក្សាតន្រ្តី អាចធ្វើការប្រឡងបានល្អជាងសិស្សដែលមិនបានរៀនតន្រ្តី ព្រោះសន្លឹកកិច្ចការរបស់ពួកគេមានបញ្ហាច្រឡំតិចតួចប៉ុណ្ណោះ ដោយសារតែគេជាមនុស្សដែលមានការផ្តោត និងហ្មត់ចត់ជាងក្មេងទូទៅ។
ហេតុនេះហើយទើបនៅវិទ្យាល័យនានានៅក្នុងប្រទេសធំៗដែលមានការអភិវឌ្ឍខ្ពស់ផ្នែកអប់រំ តែងតែបង្កើតឱ្យមានក្រុមតន្ត្រី (Orchestra) នៅក្នុងសាលារបស់ខ្លួន៕