ការអានជាផ្នែកយ៉ាងសំខាន់សម្រាប់ជីវិតមនុស្សនៅលើពិភពលោក ព្រោះស្ទើរតែ 100%នៃប្រជាជនក្នុងប្រទេសទាំងអស់សុទ្ធតែឆ្លងកាត់ការអប់រំ និងការអានដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាអ្នកជំនាញ ឬជាប្រជាជនដែលប្រកបដោយសមត្ថភាពរហូតមកដល់បច្ចុប្បន្ន។
ទោះជាយ៉ាងនេះក្តី គ្រាន់តែអានអត្ថបទនៅក្នុងប្រព័ន្ធអប់រំ មិនទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់ការរស់នៅរបស់មនុស្សម្នាក់ៗ។
មានប្រភេទសៀវភៅ និងអត្ថបទជាច្រើនផ្សេងទៀត ដែលទាមទារឱ្យមនុស្សគ្រប់គ្នាស្វែងយល់ និងប្រើប្រាស់វាប្រកបដោយប្រសិទ្ធភាព តែអ្វីដែលជាឧបសគ្គ គឺមនុស្សជាច្រើនមិនទាន់ដឹងពីវិធីក្នុងការអានឱ្យមានប្រសិទ្ធភាពសម្រាប់ការរស់នៅរបស់ខ្លួននៅឡើយ។
លោក សុខ ឡាក់ ស្ថាបនិកបណ្ណាល័យបញ្ញវន្ត បានលើកឡើងថា មនុស្សដែលចូលចិត្តអាន ជាមនុស្សមានសមត្ថភាពល្អមួយក្នុងការអភិវឌ្ឍជីវិត ព្រោះគាត់ទទួលបានព័ត៌មានច្រើនសម្រាប់ការសម្រេចចិត្ត និងសម្រាប់ការបន្តអភិវឌ្ឍន៍អ្វីដែលមាន ស្រាប់ឱ្យកាន់តែប្រសើរឡើង។
ជាឧទាហរណ៍ប្រសិនបើយើងជាអ្នកធ្វើការងារ ការអានច្រើននឹងធ្វើឱ្យយើងទទួលបានចំណេះដឹងជាច្រើនសម្រាប់ការអភិវឌ្ឍសមត្ថភាពការងារ ការបង្កើតជាគំនិតថ្មីៗសម្រាប់ជំរុញឱ្យការធ្វើការងារជាក្រុមទទួលបានជោគជ័យ និងលេចធ្លោជាងក្រុមដទៃ ជាដើម។
ប្រសិនបើយើងជាអ្នកធ្វើអាជីវកម្ម ការអាននឹងអាចធ្វើឱ្យយើងរកឃើញគំនិតល្អៗ ថ្មីៗ ដើម្បីជំរុញការអភិវឌ្ឍអាជីវកម្មរបស់យើងឱ្យមានភាពប្លែកពីគេ មានភាពច្នៃប្រឌិតខ្ពស់ និងទទួលបានចំណែកទីផ្សារកាន់តែធំឡើង ជាដើម។ ទោះជាយ៉ាងនេះក្តី ប្រសិនបើយើងមិនយល់ពីវិធីសាស្រ្តក្នុងការអានឱ្យមានប្រសិទ្ធភាពទេនោះ យើងនឹងចំណាយទាំងពេលវេលា ទាំងថវិកាដោយឥតប្រយោជន៍ ព្រោះការអានបែបនេះអាចនឹងចំណាយពេលវេលាច្រើន តែទទួលបានលទ្ធផលល្អតិច។
លោក សុខ ឡាក់ បាននិយាយថា៖ «ដើម្បីការអានរបស់យើងធ្វើឱ្យមានប្រសិទ្ធភាព គឺដំបូងឡើយ យើងត្រូវព្យាយាមអានឱ្យយល់ ហើយបកប្រែ(ឬបំបែក)ការយល់ដឹងនេះទៅជាសកម្មភាពឱ្យបាន»។
ស្ថាបនិកបណ្ណាល័យខាងលើបានណែនាំថា ការអានឱ្យយល់នេះ ជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយក្នុងការជំរុញឱ្យយើងអាចមានសមត្ថភាពសម្រាប់ប្រើប្រាស់ក្នុងជីវិត តែគ្រាន់តែយល់ មិនទាន់គ្រប់គ្រាន់នោះទេ…។
សមត្ថភាពមួយផ្សេងទៀតដែលមនុស្សត្រូវមានដែរនោះ គឺការបកប្រែ(ឬបំបែក)អ្វីដែលជាចំណេះដឹង(ដែលយើងទទួលបាន)ទាំងអស់នោះ ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីអនុវត្តនៅក្នុងដំណើរជីវិត ឬក្នុងមុខរបរអាជីវកម្ម។
ការប្រែក្លាយអ្វីដែលយើងដឹង ឱ្យក្លាយជាសកម្មភាពនេះមិនមែនជារឿងងាយស្រួលទេ ព្រោះវាទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និងអត់ធ្មត់ក្នុងការអនុវត្តនូវសកម្មភាពទាំងឡាយណាដែលមិនមែនជាទម្លាប់ដើមរបស់យើង។
ហេតុនេះហើយទើបមានមនុស្សជាច្រើនដែលចេះដឹងហើយ តែមិនមានការរីកចម្រើន ព្រោះពួកគេគ្រាន់តែដឹង តែមិនព្រមធ្វើសកម្មភាព ឬប្រើប្រាស់ចំណេះដឹងទាំងអស់នោះដើម្បីជាប្រយោជន៍សម្រាប់ការរស់នៅ។
ចំណុចសំខាន់មួយផ្សេងទៀតដែលលោក សុខ ឡាក់ បានលើកឡើងដែរនោះ គឺក្រោយពេលអនុវត្តបានហើយ មនុស្សគ្រប់គ្នាគួរចេះបំបែកផ្នត់គំនិតទាំងអស់នោះឱ្យក្លាយជាទស្សនៈ ឬវិធីសាស្រ្តថ្មីសម្រាប់ជីវិតរស់នៅ និងសម្រាប់ជាប្រយោជន៍ចំពោះអ្នកដទៃ។
លោកនិយាយថា នេះជាដំណាក់កាលខ្ពស់មួយទៀត នៃការអានដែលមានប្រសិទ្ធភាព ព្រោះគ្រាន់តែចេះអនុវត្ត យើងនឹងទទួលបានផលល្អមួយសម្រាប់ការរស់នៅរួចហើយ តែប្រសិនបើយើងមានសមត្ថភាពខ្លាំងរហូតដល់ទៅចេះកែច្នៃគំនិតទាំងអស់នោះឱ្យក្លាយជាប្រយោជន៍សម្រាប់មនុស្សទូទៅ ឬជានវានុវត្តន៍ទៀតផងនោះ យើងនឹងទទួលបានផលប្រយោជន៍យ៉ាងធំធេងអំពីការអាន។
ការអានដែលធ្វើឱ្យយើងឈានដល់នវានុវត្តន៍នៃគំនិតនេះ ត្រូវទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការសង្កេត អនុវត្ត និងពិចារណា ដើម្បីឈានទៅដល់ការបំបែកគំនិតរបស់មនុស្សជាច្រើនបញ្ចូលគ្នាបាន។
ក្រៅពីនេះ វាក៏ទាមទារឱ្យយើងខិតខំប្រឹងប្រែងអានឱ្យបានច្រើន ដើម្បីប្រមូលទិន្នន័យព័ត៌មានណាដែលស្រដៀងគ្នាដើម្បីយកមកពិចារណាឱ្យក្លាយជាច្រកចេញដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍគំនិតថ្មី។
គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះកំណើននៃការអាន បានចាប់ផ្តើមមានលក្ខណៈវិជ្ជមានជាបណ្ដើរៗហើយ បើទោះបីជាបណ្តាញបច្ចេកវិទ្យាបានដើរលឿនយ៉ាងណាក៏ដោយ។
តាមរយៈពិព័រណ៍សៀវភៅដែលមានអ្នកចូលរួមច្រើន ជាពិសេសយុវជនបានកើនឡើងយ៉ាងខ្លាំងពី 1ឆ្នាំទៅ 1ឆ្នាំ ហេតុនេះវាបានក្លាយជាចំណុចចាប់ផ្តើមដ៏ល្អមួយក្នុងការជំរុញការអភិវឌ្ឍសមត្ថភាព និងផលិតភាពធនធានមនុស្សប្រកបដោយប្រសិទ្ធភាព។
អ្វីដែលជាចំណុចត្រូវផ្តោតបន្តនៅក្នុងកាលៈទេសៈនេះ គឺមិនមែនគ្រាន់តែជំរុញឱ្យមនុស្សចូលចិត្តអានប៉ុណ្ណោះទេ តែត្រូវជំរុញ និងរិះរកវិធីសាស្ត្រថ្មីៗ ដើម្បីធ្វើយ៉ាងណាឱ្យអ្នកដែលកំពុងចាប់អារម្មណ៍លើការអានស្រាប់ហើយនោះ ចេះប្រើប្រាស់អំណានរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទទួលបានលទ្ធផលល្អពីការអានរបស់ពួកគេ៕