ព័ត៌មានរសើបករណីការចុះឆែកឆេ ផលិតផលគ្រឿងសំអាង ម៉ាក NK ដែលមានតារាកំប្លែង អ្នកនាងខ្ញុង ជាអ្នកឡាយលក់តាមប្រព័ន្ធហ្វេសប៊ុក បានធ្វើឱ្យផ្អើលអស់មិត្តអ្នកសិល្បករ និងមហាជនជាច្រើននាក់ចាប់អារម្មណ៍និងមានទំនុកចិត្តចំពោះផលិតផល។ ក៏ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺថា ផលិតផល ដែលខាងសមត្ថកិច្ចកំពុងតែពិនិត្យ និងបានបង្ហើបថា មានច្រើនប្រភេទ ដែលមិនមានច្បាប់ត្រឹមត្រូវ និងឆ្លងកាត់ការត្រួតពិនិត្យរបស់ក្រសួងសុខាភិបាល ដូច្នេះហើយ ទាំងនេះជាការព្រួយបារម្ភមួយដែលគ្រប់គ្នា បានដឹងថា ក្នុងចំណោមផលិតផលជាច្រើនប្រភេទ មិនថា តែរបស់ក្រុមហ៊ុន NK តែមួយមុខនោះទេ គឺមានក្រុមហ៊ុនច្រើនទៀតដែលកំពុងតែចរាចរផលិតផលក្នុងស្រុក យ៉ាងគឃ្លើនដោយមិនខ្វាយខ្វល់ពីសុខភាពនិងផលប៉ះពាល់របស់ប្រជាពលរដ្ឋ។
តាមការសង្កេតគឺ ក្រុមអ្នកសិល្បៈ មួយចំនួន ដែលមិនមែនជាអ្នកលក់អនឡាញ ប៉ុន្តែជាការជួយគ្នា ដែលគេនិយមបំផុតគឺការផុស្ត តៗគ្នា និងកាន់ម៉ាកផលិតផល ដែលទាំងខ្លួនអ្នកកាន់ផ្ទាល់មិនបានដឹងថា ផលិតផលដែលខ្លួនកំពុងតែកាន់ថតផ្សព្វផ្សាយទាំងនោះ មានចុះបញ្ជី ឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវឬអត់។
និយាយរួម ក្នុងនាមយើងជាអ្នកសិល្បៈ ប្រសិនបើខ្លួនជាអ្នកតំណាងផលិតផលណាមួយនោះ ខ្លួនច្បាស់ជាចង់ដឹង និងបានប្រើប្រាស់សាកល្បងផលិតផល ដើម្បីអោយដឹងពីគុណភាពពិតប្រាកដរបស់ផលិតផលដែលខ្លួនកំពុងតែចុះកុងត្រាធ្វើការជាមួយ។ ប៉ុន្តែប្រសិន បើអ្នកខ្លួនមិនមែនជាអ្នកតំណាងផលិតផល គួរណាស់ផ្លាស់ប្តូរទម្លាប់ចាស់ ការថតរូបផ្សព្វផ្សាយផលិតផល ដែលគ្មានគុណភាព អាចធ្វើអោយប៉ះពាល់សុខភាពប្រជាជនទូទៅ ព្រោះថា ក្នុងនាមជាអ្នកសិល្បៈ ច្បាស់ណាស់ យើងជាមនុស្សរបស់មហាជន ដែលចាំបាច់ត្រូវទាមទារ នូវលក្ខខ័ណ្ឌមួយចំនួន ព្រោះថា មនុស្សរបស់មហាជន គប្បីផ្សព្វផ្សាយអ្វីដែលល្អ លក្ខណៈអប់រំ និង មានប្រយោជន៍ ជាសាធារណៈ នោះទើបគេអោយតំលៃ យ៉ាងពេញលេញទៅលើបុគ្គលសាធារណៈ៕