មនុស្សភាគច្រើនតែងតែសម្អាតត្រចៀករបស់ខ្លួនជាមួយនឹងដុំសំឡីផ្សេងៗ ដើម្បីធ្វើអនាម័យ និងដើម្បីសុខភាពត្រចៀក នៅពេលដែលគាត់មានអារម្មណ៍ថាដូចជាមានអាចម៍ត្រចៀកច្រើន និងមួយវិញទៀតនៅក្រោយពេលងូតទឹករួច។ សកម្មភាពបែបនេះ លោកអ្នកបានគិតថា ជាសកម្មភាពដ៏ល្អមួយ ដើម្បីអនាម័យខ្ពស់ដល់ត្រចៀក ប៉ុន្តែតាមការស្រាវជ្រាវបានឲ្យដឹងថា ការសម្អាតត្រចៀកញឹកញាប់ធ្វើឲ្យប៉ះពាល់ដល់ត្រចៀកទៅវិញ។
អ្នកជំនាញខាងវះកាត់ត្រចៀករបស់អាមេរិកបានព្រមានថា ការប្រើឧបករណ៍ត្បារត្រចៀកញឹកញាប់ អាចប្រឈមមុខនឹងគ្រោះថ្នាក់ (ជំងឺថ្លង់)។ ជាធម្មតាអាចម៍ត្រចៀកត្រូវបានអ្នកជំនាញបញ្ជាក់ដឹងថា វាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្អាតត្រចៀក ដោយខ្លួនឯង ដូចជា ផ្តល់ជាតិប្រេង រក្សាលំនឹងសំណើមក្នុងត្រចៀក និងប្រឆាំងមេរោគបាក់តេរី។ ជាទូទៅអាចម៍ត្រចៀក កើតមកពីកាកសំណល់បញ្ចេញពីក្រដាសត្រចៀក ធ្វើដំណើរបន្តចេញក្រៅតាមរន្ធត្រចៀក និងធ្វើការសម្អាតសម្ងួត ដោយខ្លួនឯង រួចជ្រុះមកក្រៅ ។ ប្រសិនបើគ្មានអាចម៍ត្រចៀកទេ ត្រចៀកអ្នកនឹងមានសភាពស្ងួត ហើយរមាស់មិនខាន។ ដូច្នេះអ្នកគួរចៀសវាងទម្លាប់ត្បារត្រចៀកដោយឧបករណ៍រឹងផ្សេងៗ ព្រោះវាក៏អាចធ្វើឱ្យប៉ះពាល់ដល់ក្រដាសត្រចៀក និងអាចបង្កជាបញ្ហាសុខភាពផ្សេង។
ការសម្អាតត្រចៀកអាចធ្វើទៅបានលុះ ណាតែមានការអនុញាត និងធ្វើឡើងដោយ គ្រូពេទ្យជំនាញ ព្រោះបើមិនដូច្នោះទេ អ្នកអាចប្រឈមមុខនឹងបញ្ហាឈឺត្រចៀក ដាច់រលាត់រលាក កើតតេតាណុស និងកើតបាក់តេរីបន្ថែមទៀត បើឧបករណ៍ត្បារត្រចៀកគ្មានអនាម័យ។ បើតាមលោកវេជ្ជបណ្ឌិត Backous បានស្នើឱ្យអ្នកប្រើ សំឡីជ្រលក់ទឹកខ្មេះបន្តិច ឬអាល់កុល និងទឹកយកទៅត្បារសម្អាតត្រចៀកបាន ប្រសិនបើអ្នកទម្លាប់សម្អាត និងមិនអាចបពា្ឈប់ទម្លាប់នេះបានទេ៕