នៅក្នុងអំឡុងខែរដូវរងា ប្រសិនបើស្បែករបស់អ្នករមាស់ ដែលកើតមានកន្ទួលផ្ទាំងៗ ឡើងកន្ទួលក្រហមដូចមុន ថែមទាំងរមាស់ក្នុងរយៈវេលាយូរទៀតនោះ ទាំងនេះអាចបញ្ជាក់បានអំពីសញ្ញានៃអាការជំងឺរលាកស្បែកហើយ។ ដោយសារអាកាសធាតុរងា ទើបស្បែកស្ងួតហើយមានអាការរមាស់តិចៗ ហើយបើបន្តយូរទៅ និងហាក់ដូចជាមិនមានការប្រែជាល្អវិញនោះ អ្នកគួរតែប្រញាប់ស្វែងរកពីមូលហេតុរបស់វា។ ការពិគ្រោះជាមួយគ្រូពេទ្យស្បែក គ្រូពេទ្យតែងប្រាប់ថា ជំងឺរលាកស្បែកនាអំឡុងខែរងានេះ គឺភាគច្រើនកើតឡើងចំពោះកុមារច្រើនជាងមនុស្សចាស់។ តើជំងឺរលាកស្បែកប្រភេទនេះគឺជាអ្វី?
ជំងឺរលាកស្បែកជាអ្វី?
ជំងឺរលាកស្បែក ឬអាចហៅម្យ៉ាងទៀតថា ជំងឺស្បែកប្រតិកម្មចាញ់អាកាសធាតុ ដែលជាប្រភេទជំងឺសើរស្បែកជួបញឹកញាប់បំផុត។ អ្នកជំងឺដែលកើតរោគនេះ អាចមានអាការចាញ់អាកាសធាតុ ឬមានអាការជំងឺហឺត រួមទាំងជំងឺរមាស់ស្បែកក្រហមជាដើម។ ជំងឺរលាកស្បែកនេះ អាចមានរោគសញ្ញាទូទៅដូចជា រមាស់ក្រហាយពេញដងខ្លួន ឡើងកន្ទួលក្រហមផ្ទាំងៗ និងរមាស់ក្រហមអុចៗក្នុងរយៈពេលយូរមិនងាយជាសះស្បើយ។
នៅពេលស្បែកមានសុខភាពខ្សោយ ហើយងាយប្រតិកម្មចាញ់ជាមួយអាកាសធាតុ គ្រូពេទ្យតែងតែប្រាប់អំពីការព្យាបាលដោយការបំបាត់អាការរមាស់ ការពារមិនឱ្យរោគសញ្ញាកំរើបឡើងវិញ និងការមើលថែសុខភាពរាងកាយឱ្យប្រសើរឡើងទៅតាមរបបជីវិត។
រោគសញ្ញាអាការជំងឺរលាកស្បែក
អាការនៃជំងឺរលាកស្បែកត្រូវបានឃើញខុសប្លែកផ្សេងៗគ្នាទៅតាមសភាពនៃអ្នកជំងឺ ដោយអ្នកខ្លះមានអាការដូចជា ៖
1. ស្បែកស្ងួត
2. រមាស់ និងរមាស់ធ្ងន់ធ្ងរនាពេលយប់
3. ស្បែកឡើងក្រហម ឬមានស្នាមពណ៌ក្រហមព្រឿងពេញបរិវេណបាតដៃ ជើង ជង្គង់ កជើង កដៃ កញ្ចឹងក ទ្រូង ត្របកភ្នែក។ ហើយចំពោះទារកអាចមានរោគសញ្ញានៅលើមុខ និងស្បែកក្បាល។
4. ស្បែកកាន់តែក្រាស់ ប្រេះស្ងួត និងរលោង។
5. ស្បែកងាយប្រតិកម្មក្រហម និងហើមដោយសារអេះ។អ្នកជំងឺត្រូវបានកំណត់ការកើតរោគសញ្ញាចាប់ពីមុនអាយុ5ឆ្នាំ វ័យជំទង់ និងមនុស្សចាស់ ដែលភាគច្រើនគឺឡើងរោគសញ្ញារមាស់ផ្ទាំងក្រហមៗមួយរយៈ ហើយក៏បាត់វិញ និងអស់រយៈពេលជាច្រើនឆ្នាំទើបកើតឡើងវិញមានលក្ខណៈរលាកធ្ងន់ធ្ងរ។
ជំងឺរលាកស្បែកដែលបង្កដោយបញ្ហាសុខភាព
អាការៈរលាក និងរមាស់នៅស្បែកនារដូវរងា ក៏អាចកើតពីកត្ដាបញ្ហាសុខភាពផងដែរ ដែលមានហុចផលអាក្រក់ដល់ស្បែកដូចជា ៖
1. ជំងឺផ្ដាសាយ និងផ្ដាសាយធំ
2. ការឆ្លងបាក់តេរី
3. អាការចាញ់ ដូចជា អាឡែកហ្ស៊ីលម្អងកេសរ រោមសត្វ និងធូលីជាដើម។
ខ្លះទៀតក៏មានជាកន្ទួលរមាស់ដែលមានលក្ខណៈជាផ្ទាំងធំៗពណ៌ក្រហម ហើយវាអាចកើតឡើងដោយសារតែបញ្ហាស្ត្រេស សត្វតិច ប្រតិកម្មថ្នាំ ឬអាហារ និងបាក់តេរីផ្សេងៗ។ បើមានបញ្ហានេះសូមទៅរកវេជ្ជបណ្ឌិតជាបន្ទាន់។
ទង្វើប្រតិកម្មនៃជំងឺរលាកស្បែកនឹងបរិស្ថានជុំវិញខ្លួន
សកម្មភាពខ្លះៗ និងបរិស្ថាន អាចបណ្តាលឱ្យស្បែកស្ងួត និងងាយរលាក ឬបណ្តាលឱ្យស្បែកកើតជំងឺផ្សេងៗទៀត ដែលមានរោគសញ្ញាកន្ទួលក្រហម។ នេះក៏មកពី ៖
1. អាកាសធាតុក្តៅពេក ហើយប្រែជាចុះត្រជាក់វិញ។
2. ការត្រាំទឹករយៈពេលយូរ
3. ការបែកញើស ហើយផ្អាប់ជាមួយសម្លៀកបំពាក់
4. ងូតទឹកក្តៅនៅសីតុណ្ហភាពខ្ពស់ពេក
5. កម្ទេចកម្ទីនៅក្នុងខ្យល់
6. កន្លែងស្នាក់នៅស្ថិតក្នុងតំបន់ផ្សែងពុល
ជំងឺស្បែកអាលែកហ្ស៊ីស្រដៀងគ្នានឹងជំងឺប្រតិកម្មចាញ់អាកាសធាតុ បណ្ដាលឱ្យរលាកស្បែក និងជំងឺរលាកស្បែក (Irritant Contact Dermatitis)៖
1. រោគសញ្ញា : ក្រហម ក្រហាយ ហើម របកស្បែក រមាស់ ពងបែក ដំបៅ ប្រេះ និងស្បែកឡើងក្រាស់។
2. មូលហេតុ : ការឆ្លើយតបរបស់ស្បែក ដែលបញ្ចេញសារធាតុបណ្តាលឱ្យរលាកចំពោះការខូចខាតស្បែកដោយសារធាតុគីមី។ ដៃជាកន្លែងកើតញឹកញាប់។ មូលហេតុមាន សាប៊ូ ទឹកសម្អាត ការប៉ះទង្គិច ការកោស ការរាំងខ្ទប់ស្បែក ខ្យល់ស្ងួត ការប្រែប្រួលសីតុណ្ហភាព ប្រេងរំអិល ស្រោមដៃ។ល។
3. ផលវិបាក : ព្យាបាលមិនបានត្រឹមត្រូវ វិវត្តទៅជាធ្ងន់ធ្ងរ និងរលាករ៉ាំរ៉ៃមានការក្លាយរោគ ងាយឆ្លងរោគ ដែលរំខានដល់ការងារប្រចាំថ្ងៃយ៉ាងខ្លាំង ឡើងជាំខ្មៅ ស្នាមសន្លាក បាត់បង់ក្រយ៉ៅដៃ ងាយប្រត្តិកម្មជាមួយថ្នាំលាប ពិបាកចិត្ត។
ខែត្រជាក់ស្បែកងាយនឹងឡើងស្ងួត ដូច្នេះហើយអ្នកគួរតែយល់ដឹងពីវិធីក្នុងថែរក្សាស្បែកឱ្យមានសំណើម និងការពារការឆ្លងបាក់តេរី។ ការជ្រើសសាប៊ូសម្អាតស្បែកក៏ជារឿងសំខាន់ ដែលអ្នកគួរតែជ្រើសរើសប្រើផលិតផលសាប៊ូដុសខ្លួន និងសាប៊ូលាងមុខ ដែលមានជាតិផ្ដល់សំណើមច្រើនដល់ស្បែក ទើបអាចទប់ទល់នឹងការបំផ្លាញដោយសារតែអាកាសធាតុត្រជាក់។ អុ្នកគួរបញ្ឈប់ការប្រើប្រាស់សាប៊ូដុសខ្លួន និងសាប៊ូលាងមុខណាដែលបំផ្លាញសំណើមរបស់ស្បែក និងធ្វើឱ្យស្បែកស្ងួត។ ប្រសិនបើអ្នកចង់ដឹងថា សាប៊ូណាធ្វើឱ្យស្បែករបស់អ្នកស្ងួត អ្នកអាចកត់សម្គាល់បាន ក្រោយពេលងូតទឹករួចហើយ ស្បែករបស់អ្នកនឹងប្រែទៅជាក្រហម ស្ងួត គ្មានសំណើម ក្រហម និងជួនកាលអាចរមាស់តិចៗក៏មាន។ ប្រសិនបើមានបញ្ហាស្បែកអាលែកហ្ស៊ី ឬបណ្ដាលឱ្យរលាកខ្លាំងនោះ អ្នកគប្បីទៅពិគ្រោះជំងឺស្បែក ជាមួយគ្រូពេទ្យជំនាញ៕