ភ្នំពេញ៖ មុននឹងចាប់ផ្តើមអាជីវកម្មមួយ មិនថាអាជីវកម្មខ្នាតតូច អាជីវកម្មខ្នាតមធ្យម ឬខ្នាតធំនោះទេ គេតែងបារម្ភអំពីផលលំបាកក្នុងការបង់ពន្ធជូនរដ្ឋ ប៉ុន្តែយ៉ាងណានោះការប្រកបអាជីវកម្មលក្ខណៈគ្រួសារដែលមានទំហំទឹកប្រាក់ក្រោម 250លានរៀល(ប្រមាណជា 6,000 ដុល្លារ) មិនត្រូវបានតម្រូវឱ្យបង់ពន្ធនោះទេ ដែលនេះជាការលើកឡើងរបស់ឯកឧត្តម គង់ វិបុល ទីប្រឹក្សារដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានពន្ធដារ។
ឯកឧត្តម គង់ វិបុល មានប្រសាសន៍បញ្ជាក់ជាថ្មីទៀតនៅក្នុងកិច្ចប្រជុំស្តីពីការពង្រឹងការគ្រប់គ្រងចំណូលពន្ធសម្រាប់ថ្នាក់ក្រោមជាតិ ព្រមទាំងការចុះអង្កេតផ្ទៀងផ្ទាត់សហគ្រាស និងការធ្វើបច្ចុប្បន្នភាពទិន្នន័យអចលនទ្រព្យក្នុងខេត្តសៀមរាបនៅក្នុងសាលាខេត្តសៀមរាបកាលពីម្សិលមិញនេះថា អគ្គនាយកដ្ឋានពន្ធដារតែងយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តយុទ្ធសាស្រ្តកៀងគរចំណូលរយៈពេលមធ្យម ឆ្នាំ2014 – 2018 ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលដែលបានដាក់ចេញគឺមិនមានការបង្កើតប្រភេទពន្ធថ្មី ឬដំឡើងអត្រាពន្ធនោះទេ គឺមានតែពង្រឹងការគ្រប់គ្រងប្រមូលពន្ធប៉ុណ្ណោះ។
ឯកឧត្តមបញ្ជាក់បន្ថែមថា លើសពីនេះរាជរដ្ឋាភិបាលតែងគិតគូរដល់ប្រជាពលរដ្ឋអ្នករកស៊ីតូចតាចតាមរយៈការលុបចោល របបម៉ៅការស្របតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ2016 ដែលក្នុងនោះប្រជាពលរដ្ឋជាអាជីវករតូចតាចបែបលក្ខណៈគ្រួសារដូចរៀបរាប់ខាងលើ និងមានកម្រិតផលរបរក្រោម 250លានរៀល គឺជាកម្មវត្ថុនៃការលើកលែងពន្ធ និងមិនមានកាតព្វកិច្ចសារពើពន្ធនោះទេ៕