នៅរាត្រីថ្ងៃទី៦ ខែកមរា ឆ្នាំ ២០២០នេះ តារាសម្ដែង ឈួន ពន្លឺ និងពិធីកររូបសង្ហា នាង វ៉ាងសាន់ បានរៀបចំពិធីគម្រប់ខួប២ឆ្នាំ ភោជនីយដ្ឋាន «សាន់ឡាយ» មានទីតាំងស្ថិតនៅក្បែរស្តុបទូលទំពូង ក្នុងនោះក៏មានការចូលរួមពីសិល្បករ-សិល្បការិនីមួយចំនួន និងភ្ញៀវកិត្តិយសជាច្រើននាក់ ប្រកបដោយបរិយាកាសរីករាយ។ លោកឈួន ពន្លឺ និង លោកនាងវ៉ាន សាន់ ពិធីករហង្សមាស ត្រូវបានគេដឹងថា បានរួមដៃគ្នាចុះទុនពង្រីកមុខរបរបើកហាង បានរយៈពេល២ឆ្នាំមកហើយ។
ជាមួយគ្នានោះដែរលោក ឈួន ពន្លឺ បានឱ្យដឹងថា ហាងសាន់ឡាយនេះ ចំណាយទុកអស់ជាង៤ម៉ឺនទៅហើយ ដោយថ្មីៗនេះលោកបានពង្រីកផ្នែកខាងលើជាស្កាយបា ព្រមទាំងមុខម្ហូបថ្មីៗទៀត បំពេញសេចក្ដីត្រូវការរបស់ភ្ញៀវ។ ចំណែកឯការងារសិល្បៈវិញ លោកនៅតែទទួលថត និងសម្ដែងដូចដើម ខណៈ២ឆ្នាំមកនេះលោកខកឱកាសសិល្បៈច្រើន ព្រោះតែដើម្បីមើលហាង តែ ពេលនេះលែងបណ្តោយទៀតហើយ ទំនេរគឺចេញថតឲ្យបានច្រើន ព្រោះនឹកសិល្បៈធ្លាប់តស៊ូយូរមកហើយ។
លោក នាង វ៉ាងសាន់ បាននិយាយថា លោកអត់ខ្វល់នឹងការនិយាយអីពីលោកឡើយ សំខាន់រូបលោក និងលោក ឈួន ពន្លឺ មានហុងស៊ុយល្អ មានជើងលេខល្អ អាចចាប់ដៃគូគ្នារកស៊ីចម្រុងចម្រើន មិនបាច់គិតសំដីអ្នកណាឡើយ។ លោក ពន្លឺ មានជំនាញពូកែខាងដេគ័រហាង និងធ្វើម្ហូប ព្រោះបានរៀនជំនាញធ្វើម្ហូប ដល់ប្រទេសសឹង្ហបុរី។ ចំណែកលោកក៏មានការរាប់អានគេច្រើន ទើបណែនាំមកហាងនេះ ហើយអតិថិជនខ្លះគាត់រាប់អានគាំទ្រ ជួយមកញ៉ាំ រហូតអាចដំណើរការបាន២ឆ្នាំ។ មិនតែប៉ុណ្ណោះលោកក៏មានរួមបញ្ចូលបន្ថែមទាំងមុខម្ហូបប្លែកៗដែលមានរសជាតិដើមពីបរទេស ពិសេសគឺពង្រឹងនិងរក្សានូវគុណភាព ទាំងតម្លៃ ផ្នែកសេវាកម្ម ពិសេសអនាម័យផងដែរ។ លោកសង្ឃឹមថាភ្ញៀវចាស់ថ្មីទាំងអស់នឹងបន្តការគាំទ្រហាងរបស់លោក ពិសេសពេញចិត្តនូវគម្រោង skybar ថ្មីរបស់ហាង។ មិនតែប៉ុណ្ណោះលោកក៏នឹងត្រៀមបន្ថែមអ្វីដែលជាចំណុចខ្វះខាត និងបន្តរកអ្វីដែលថ្មីដើម្បីបំពេញតម្រូវការរបស់អតិថិជនមិនឱ្យខកបំណងនោះទេ៕