ក្លិបតោខៀវ Chelsea នឹងដាក់សំណើដេញថ្លៃក្នុងទឹកប្រាក់ 62លានផោន (ស្មើនឹង 80លានដុល្លារអាមេរិក) ដើម្បីទិញយកខ្សែប្រយុទ្ធ Alvaro Morata ពីក្លិប Real Madrid។
លោក Antonio Conte សង្ឃឹមថា នឹងឈានដល់ការព្រមព្រៀងគ្នាមួយសម្រាប់ Morata ស្របពេលដែលខ្សែប្រយុទ្ធ Diego Costa ត្រូវបានអនុញ្ញាតឲ្យបន្តសម្រាកថ្ងៃវិស្សមកាល មុននឹងផ្ទេរទៅកាន់ក្លិប Atletico Madrid។ Costa ធ្លាប់ចង់ធ្វើការសម្របសម្រួលជាមួយនឹងលោក Conte ប៉ុន្តែគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះមិនចាប់អារម្មណ៍ក្នុងការអនុញ្ញាតឲ្យរូបគេបន្តនៅជាមួយនឹងក្លិបតោខៀវឡើយ។ តារាឆ្នើមអន្តរជាតិអេស្ប៉ាញ Costa នឹងត្រូវបង្ហាញខ្លួនក្នុងការហ្វឹកហាត់កាលពីថ្ងៃម្សិលមិញនៅឯទីលាន Cobham ប៉ុន្តែត្រូវបានអនុញ្ញាតឲ្យសម្រាករយៈពេល1សប្តាហ៍ទៀត។
សញ្ញាផ្សេងៗទៀតបានបង្ហាញថា រូបគេនឹងត្រូវតែចាកចេញពី Chelsea នៅមុនពេលលោក Conte និងក្រុមរបស់លោកធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយ។ ក្រោយពីបាត់បង់ខ្សែប្រយុទ្ធ Romelu Lukaku វ័យ 24ឆ្នាំ ដោយសារតែរូបគេទៅចូលរួមជាមួយនឹងក្លិប Manchester United និង Chelsea កំពុងតែស្ថិតក្រោមសម្ពាធក្នុងការចុះហត្ថលេខាជាមួយ Morata។
ប៉ុន្តែ សំណើដេញថ្លៃរបស់គេអាចនឹងត្រូវច្រានចោលដោយក្លិប Real Madrid ដែលចង់បានតម្លៃខ្លួនខ្ពស់ជាងនេះ។ លោក Zinedine Zidane គ្រូបង្វឹករបស់ក្លិប Real Madrid ពិតជាចង់ឲ្យខ្សែប្រយុទ្ធវ័យ 24ឆ្នាំរូបនេះបន្តនៅកីឡដ្ឋាន Bernabeu បើទោះបីរូបគេចង់ផ្ទេរទៅកាន់ក្របខ័ណ្ឌ Premier League ក៏ដោយ៕
ប្រភពពី៖ The Sun