នៅរសៀលថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២០ នេះ ភាពយន្ដថ្មីសន្លាងមួយមានចំណងជើងថា «គ្រូប៊ីអាយជី » បានធ្វើសន្និសីទសាព័ត៌មានប្រកាសបើកភាពយន្ដដែលមានតារាសម្ដែងល្បីៗចូលរួមសម្ដែងដូចជា អ្នកនាង សុខ សោម៉ាវត្តី លោក ជា សុវណ្ណនរាហ៍ នាយក្រិន និង លោក ប៊ីអាយជី ជាដើម ក្រោមស្នាដៃដឹកនាំរឿងលោក វង្ស ពិសិដ្ឋ និងសហការផលិតជាមួយលោក ម៉ារ៉ា ប៊ុណ្ណា ដែលជាតារាចម្រៀង។
លោក ម៉ារ៉ា ប៊ុណ្ណា ដែលជាដៃគូសហការ និងជាតារាចម្រៀងមួយរូបផង បញ្ជាក់ថា ភាពយន្តមួយនេះ នឹងកំណត់ដាក់បញ្ចាំងគ្រប់រោងនៅថ្ងៃ៩ ខែមករា ឆ្នាំ២០២០ ដោយថវិកាចំណេញពីការលក់សំបុត្រ២០ភាគរយ នឹងបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា និង ជូនមូលនិធិចាស់ជរា របស់សមាគមលោក ហេង ឡុង ។ ការសម្រេចចិត្តរបស់ក្រុមការងារទាំងមូលនោះ គឺដោយសារតែលោកវង្ស ពិសិដ្ឋ ដែលជាអ្នកទទួលខុសត្រូវធំជាងគេ ចង់ឱ្យស្នាដៃដែលប្រឹងផលិតបាន គឺជារឿងរបស់មហាជនទាំងមូល ដែលមានន័យថា តម្លៃសំបុត្ររបស់មហាជន នឹងក្លាយជាប្រយោជន៍របស់សង្គម២០ភាគរយ។ លោកក៏ទទូចឱ្យចូលរួមគាំទ្រភាពយន្តខ្មែរមួយនេះឱ្យបានច្រើនផងដែរ ដើម្បីលើកទឹកចិត្តផលិតករ និង បានរួមចំណែកជួយសង្គម។
យ៉ាងណាមិញ ក្រោយពីប្រឡូកក្នុងវិស័យដឹកភាពយន្ដជាច្រើនឆ្នាំមក លោក វង្ស ពិសិដ្ឋ ផលិតករ បានថ្លែងអោយដឹងថា ភាពយន្តរឿង«គ្រូប៊ីអាយជី» គឺជារឿងដែលលោកចំណាយដើមទុនផលិត ក្រោមការចាប់ដៃជាមួយផលិតកម្មជាដៃគូ និង ក្រុមការងារផ្សេងទៀត តាំងពីរង្វង់១ឆ្នាំមុនមកម្ល៉េះ ប៉ុន្តែមកពីភាពយន្តនេះ សម្រិតសម្រាំងច្រើន ដោយមានប្លង់ខ្លះត្រូវថតឡើងវិញ និងកែកុនបច្ចេកទេសជាច្រើន នៅពេលយល់ថាខ្វះខាត ដើម្បីឱ្យភាពយន្តនេះមានទាំងស្ដង់ដារពេញលេញ និងឱជារសពេញលេញ។ លោកថាមួយរឿងនេះ លោកប្រាកដចិត្តខ្ពស់ទាំងគុណភាពរឿងទាំងប្លង់ ទាំងសំឡេង ដែលលោកធានាថាគឺមានស្ដង់ដាប្រជាប្រជែងគ្រប់គ្រាន់។ ភាពយន្ដនេះនឹងធ្វើឱ្យមហាជនសើចហៀរទឹកភ្នែក និងដក់អារម្មណ៍មនោសញ្ចេតនាស្នេហាក្នុងផ្ទៃរឿងតែមួយ រឹតកាន់តែទាក់ទាញអ្នកគាំទ្រឱ្យមកទស្សនា។ ដ្បិតថានេះជាភាពយន្តថ្មី ដែលជាស្នាដៃរបស់ខ្លួន ប៉ុន្តែមិនមែនជាការបញ្ចេញថ្មីដៃលើកដំបូងនោះទេ ដោយសារតែនៅក្នុងវិស័យភាពយន្តលោកបានផលិតរឿងអោយទូរទស្សន៍ និង ផលិតកម្មមួយចំនួនរាប់មិនអស់ និងមានមក។
ក្នុងថ្ងៃនេះដដែលនោះ លោក ហេង ឡុង បានចូលរួមដឹងឮនិងលើកឡើងថា សម្រាប់លោកសូមលើកទឹកចិត្តដល់ផលិតកររូបនេះ ហើយពិតជាមិនអោយលោកអស់សង្ឃឹមនោះទេ។ ប្រសិនបើរឿងដំបូងគាត់ខាតអស់លទ្ឋភាព គឺលោកសន្យាថានឹងរកទីផ្សារឱ្យ បានដឹកនាំផលិតកុនទៀត នាបណ្តាផលិតកម្មផ្សេង សំខាន់អោយតែចេះជំនាញរបស់គាត់មានពិត។ យើងមិនចង់មើលនឹង ភ្នែករបស់ផលិតករខ្មែរណាលំបាកនោះទេ ជួយអ្វីបានគឺជួយ មនុស្សមានឆន្ទៈដើម្បីសង្គមយើងពិតជាមិនរំលងនោះ។ លោកបន្តថា នឹងព្យាយាមបំផុសស្នាដៃផលិតរបស់ លោកពិសិដ្ឋ ឱ្យមហាជនបានជ្រាបហើយ នេះជាផលិតកម្មដំបូងគេ ដែលហានសម្រេចដកភាគរយដើម្បីចាស់ជរា និងគន្ឋបុប្ឋា៕