ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ជាផ្នែកមួយដ៏សំខាន់ដែលកម្ពុជាកំពុងត្រូវការ ហេតុនេះហើយទើបគ្រឹះស្ថានសិក្សារបស់រដ្ឋជាច្រើនត្រូវបានបង្កើតឡើងដើម្បីបណ្តុះបណ្តាលជំនាញទាំងអស់នេះ។ ក្នុងនោះ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ជាផ្នែកដ៏សំខាន់មួយក្នុងការជំរុញឱ្យវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនេះ ទទួលបានជោគជ័យលើការបង្កើតធនធានមនុស្សលើជំនាញសំខាន់ៗជាច្រើន។
ដោយមើលឃើញពីសារៈសំខាន់នៃគ្រឹះស្ថានសិក្សាដ៏សំខាន់នេះ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនឹងដាក់ឱ្យវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ក្លាយទៅជាមជ្ឈមណ្ឌលស្រាវជ្រាវ និងច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាថ្មីៗដើម្បីផ្តល់ឱកាសឱ្យនិស្សិតបានសិក្សា និងបង្កើតនវានុវត្តន៍សម្រាប់ចូលរួមដោះស្រាយបញ្ហានានានៅក្នុងសង្គម។
ឯកឧត្តម អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា សកម្មភាពស្រាវជ្រាវដែលគ្រោងនឹងដាក់ឱ្យ NTTI អនុវត្តនេះ គឺលើវិស័យសំណង់ស៊ីវិល អគ្គិសនី និងព័ត៌មានវិទ្យា។ ជំនាញទាំងអស់នេះសុទ្ធតែជាជំនាញដែលមានសារៈសំខាន់សម្រាប់ការចូលរួមអភិវឌ្ឍប្រទេស និងសម្រាប់បម្រើឱ្យវិស័យជាច្រើនទាំងឧស្សាហកម្ម សិប្បកម្ម និងកសិកម្មជាដើម។
ឯកឧត្តមបានមានប្រសាសន៍ថា មជ្ឈមណ្ឌលជាតិបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងក្លាយជាកន្លែងផ្លាស់ប្តូរមតិយោបល់ និងចែករំលែកបទពិសោធលើជំនាញជាច្រើនរវាងវិស័យឯកជន និងគ្រឹះស្ថានសាធារណៈនានានៅកម្ពុជា។ សកម្មភាពនេះ គឺធ្វើឡើងដើម្បីជំរុញឱ្យសិស្ស-និស្សិត ឬសិក្ខាកាមទាំងអស់បានទទួលនូវចំណេះដឹងទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្តែង សម្រាប់ពង្រឹងសមត្ថភាពវិជ្ជាជីវៈមុនចេញទៅប្រកបការងារ ឬប្រកបអាជីវកម្មជាក់ស្តែងនៅក្នុងសង្គម។ បន្ថែមពីលើនេះ វាក៏ជាការបណ្តុះបណ្តាលដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី4 ដែលកំពុងទាមទារឱ្យមានគំនិតនវានុវត្តន៍ និងការប្រើប្រាស់បច្ចេកវិទ្យាកាន់តែច្រើននៅក្នុងពិភពលោក។
ឯកឧត្តម អុិត សំហេង បានមានប្រសាសន៍ថា៖ «ដើម្បីសម្រេចគោលដៅក្នុងការអប់រំប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់ឆ្លើយតបជាមួយនឹងទីផ្សារការងារជាក់ស្តែងក្នុងយុគសម័យបច្ចេកវិទ្យានេះ ក្រសួងជំរុញឱ្យមានទំនើបកម្មដោយផ្ទាល់ទៅគ្រឹះស្ថានអប់រំទាំងអស់ដែលស្ថិតក្រោមចំណុះរបស់ក្រសួងការងារ»។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមទៀតថា ដើម្បីឱ្យការអប់រំកាន់តែប្រសើរ យើងក៏ត្រូវការអ្នកបណ្តុះបណ្តាលពូកែផងដែរ ហេតុនេះបុគ្គលិក សាស្រ្តាចារ្យនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ត្រូវខិតខំប្រឹងប្រែងស្រាវជ្រាវបន្ថែមខ្លួនឯងផង និងអប់រំបណ្តុះបណ្តាល រួមទាំងលើកទឹកចិត្តសិស្សឱ្យខិតខំសិក្សាផង។ ការធ្វើបែបនេះនឹងអាចធ្វើឱ្យគ្រឹះស្ថានអប់រំមួយនេះក្លាយជាស្ថាប័នបណ្តុះបណ្តាលនាំមុខគេផ្នែកបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ឯកឧត្តមរំពឹងថា នៅទីនេះទាំងប្រព័ន្ធគ្រប់គ្រង សមត្ថភាពបណ្តុះបណ្តាល និងសមត្ថភាពសិស្សនឹងមានការអភិវឌ្ឍកាន់តែខ្លាំងក្រោយការធ្វើទំនើបកម្ម។
ដើម្បីជាការជំរុញឱ្យសិស្ស-និស្សិតដែលភាគច្រើនជាយុវជនចាប់អារម្មណ៍សិក្សាលើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលកំពុងមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារនៅកម្ពុជាទាំងបច្ចុប្បន្ន និងអនាគត ឯកឧត្តមស្នើដល់សាស្រ្តាចារ្យឱ្យខិតខំអភិវឌ្ឍធ្វើយ៉ាងណាឱ្យទាន់ដំណើរប្រែប្រួលរបស់បច្ចេកទេសពិភពលោក។
បន្ថែមពីលើនេះ យើងគួរព្យាយាមបញ្ចូលនូវបច្ចេកវិទ្យាទាំងឡាយណាដែលអាចនឹងមានតម្រូវការខ្ពស់នៅថ្ងៃអនាគត ដើម្បីធានាថាការសិក្សារបស់សិស្សនឹងមិនហួសតម្រូវការក្រោយពេលពួកគាត់បានបញ្ចប់ការសិក្សាឡើយ៕