ខណៈថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកគេស្រាប់តែភ្ញាក់ផ្អើលជាខ្លាំង ឃើញតារាចម្រៀងស្រី កញ្ញា សោភា ទេពី និងតារាចម្រៀងប្រុស វង្ស ថាណាន់ បង្ហាញឈុតផ្អែមល្ហែម Pre-Wedding ជាមួយគ្នាអមដោយសារបែបប្ដីប្រពន្ធថែមទៀតផង។ ពីមុនមកមិនធ្លាប់លេចឮព័ត៌មានស្នេហាជាមួយគ្នាម្ដងណាឡើយ ភ្លាមនេះៗអ្នកទាំងពីរបានបង្ហោះរូបថត Pre-Wedding ត្រៀមចូលរោងការបញ្ចប់ភាពនៅលីវក្នុងពេលឆាប់ៗតែម្ដង។
ផ្អែកលើហ្វេសប៊ុក វង្ស ថាណាន់ និង សោភា ទេពី បង្ហោះនៅលើទំព័រហ្វេសប៊ុកខ្លួនថា៖” គូស្វាមីភរិយាថ្មី អគុណអូនច្រើនណាស់ដែលហ៊ានលាភាពនៅលីវ មកធ្វើជាកូនក្រមុំរបស់បង ពីមានឈ្មោះជាសង្សារឥឡូវយើងក្លាយជាប្ដីប្រពន្ធហើយ។ អូនក៏ដូចគ្នាដែរអរគុណបងច្រើនណាស់ ដែលលះបង់ភាពនៅលីវមកធ្វើជាកូនកំលោះរបស់អូន ហើយកាន់ដៃគ្នាដើរទៅមុខសាងសុភមង្គលរួមគ្នា”។
ដោយឡែក កញ្ញា សោភា ទេពី បានឆ្លើយថា រូបភាពទាំងអស់នោះគឺគ្រាន់តែថតសម្រាប់លេងក្នុង បណ្ដាញសង្គម និងបង្ហោះក្នុង TikTok តែប៉ុណ្ណោះ។ ជាក់ស្ដែងមូលហេតុដែលនាងនិង វង្ស ថាណាន់ផ្អាកចាប់ដៃគ្នាមួយរយៈគឺដោយសារការរវល់ការងាររៀងខ្លួន ហើយថ្មីៗនេះនាងទើបតែបានចាប់ដៃគ្នាជាថ្មីក្នុងសិល្បៈ ហើយក្រៅពីថតរូបស្វីតៗ និង ខ្លីបខ្លីៗនៅក្នុង TikTok អ្នកទាំងពីរក៏អាចនឹងមានត្រៀមចេញនូវបទចម្រៀងរួមគ្នានៅក្នុងពេលឆាប់ៗនេះផងដែរ។ ពាក់ព័ន្ធជាមួយផ្នែកផ្លូវចិត្តនាងក៏សុំមិនទាន់ឆ្លើយថាទៅជាយ៉ាងណានោះឡើយ ដោយសារបច្ចុប្បន្នទំនាក់ទំនងរវាងនាង និង លោក វង្ស ថាណាន់ គឺគ្រាន់តែជាមិត្តល្អនៅក្នុងសង្គមសិល្បៈតែប៉ុណ្ណោះ។
យ៉ាងណាមិញមតិជាច្រើនបានខំមិនទៅលើរូបភាពរបស់អ្នកទាំងពីរ បានសរសើរថាពិតជាសាកសមគ្នាឥតខ្ចោះ។ មិនតែប៉ុណ្ណោះក៏មានអ្នកចូលរួមអបអរសាទរ និង ជូនពរឱ្យតារាប្រុសស្រីទាំងពីក្លាយជាគូរស្នេហ៍ពិតប្រាកដដោយសារអ្នកទាំងពីរស្រស់ស្អាត និងស្រស់សង្ហា ពិសេសនោះគឺអាជីពនិងទីផ្សាររបស់អ្នកទាំងពីរមិនចាញ់គ្នានោះឡើយ៕