ខណៈសិល្បករជាច្រើនក្នុងរង្វង់សិល្បៈកំពុងដឹកដៃគូរស្នេហ៍ចូលជោគជ័យម្តងម្នាក់ៗ តារាចម្រៀង លោក នៅ ស៊ីនឿន និងគូដណ្តឹងក៏បានប្រាប់ពីគ្រោងមង្គលការរបស់ពួកគេទាំងពីរ ដោយលោក នៅ ស៊ីនឿន អះអាងថា មង្គលការអ្នកទាំងពីរនឹងធ្វើឡើងនៅសហរដ្ឋអាមេរិកជាមុន រួចទើបមកកាត់ចំណងដៃនៅស្រុកខ្មែរវិញ។
ប៉ុន្តែចំពោះការបរិច្ឆេតជាក់លាក់យ៉ាងណា ស៊ីនឿន និងគូដណ្តឹងសុំមិនទាន់បញ្ជាក់នៅឡើយ ព្រោះមិនចង់ឲ្យខុសពីភាពជាក់ស្តែងនៃការរៀបចំ។ ត្បិតអនាគតភរិយាជាខ្មែរអនិកជនរស់នៅសហរដ្ឋអាមេរិកក្តី ប៉ុន្តែតារាចម្រៀងរូបនេះ បានប្រកាសជំហរថា ខ្លួននឹងអនាគតភរិយានឹងឡើងចុះស្រុកខ្មែរញឹកញាប់ មិននៅខាងណាផ្តាច់នោះឡើយ។ នេះបើតាមការបញ្ជាក់របស់លោក នៅ ស៊ីនឿន ខណៈស្រីស្រស់វ័យ២២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិអាមេរិករូបនេះក៏អះអាងយ៉ាងច្បាស់បែបនេះដូចគ្នា។
ប្រាប់អ្នកសារព័ត៌មានក្នុងស្រុកដោយអៀនប្រៀន គូដណ្តឹងលោក នៅ ស៊ីនឿន កញ្ញា Dominique ថា ខ្លួនពិតជាចង់ឱ្យពិធីអាពាហ៍ពិពាហ៍របស់ខ្លួនកើតឡើងឆាប់ៗ។ យ៉ាងណា ស៊ីនឿន បញ្ជាក់បន្ថែមថា ខ្លួនក៏ចង់រៀបការឆាប់តាមចិត្តគូរដណ្តឹងដែរ តែពេលវេលាសមស្របសម្រាប់អាណាព្យាបាលទាំងសងខាង គឺសំខាន់បំផុត ដូច្នេះហើយមួយរយៈនេះ លោកហាក់រយាដៃពីការងារសិល្បៈ បាត់មុខពីអ្នកគាំទ្រ ដើម្បីរឿងនេះ។ គួររំលឹកដែលថា គិតមកទល់នឹងពេលនេះ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះ បានរាប់អានមើលចិត្តគ្នានឹងកញ្ញា Dominique ជាង២ឆ្នាំមកហើយ ដោយកាលពីចុងខែធ្នូ ឆ្នាំ២០១៨ លោកបានដឹកដៃស្រីស្រស់រូបនេះភ្ជាប់ពាក្យក្លាយជាគូរដណ្តឹងតាមប្រពៃណីខ្មែរ រង់ចាំតែថ្ងៃរៀបការប៉ុណ្ណោះ៕