ក្លិបបាល់ទាត់បឹងកេត បានទទួលការអញ្ជើញពីក្លិបក្នុងក្របខ័ណ្ឌលីកកម្រិតទី2 និងសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី ដើម្បីចូលរួមប្រកួតក្នុងពានរង្វាន់ Governor Cup ហើយក្លិបមួយនេះក៏បានយល់ព្រមចូលរួមរួចហើយដែរ។
ដ្បិតពានរង្វាន់នេះគឺជាកម្មវិធី Pre-Season លោក បែរ មករា អ្នកចាត់ការក្រុមបឹងកេត បានចាត់ទុកការប្រកួតនេះ គឺដើម្បីផ្ដល់នូវបទពិសោធសម្រាប់កីឡាករក្មេងៗ ដោយនឹងផ្ដល់ឱកាសដល់កីឡាករក្មេងៗទាំងអស់សម្រាប់ត្រៀមការប្រកួតលីកកំពូលកម្ពុជា ដែលនឹងមកដល់នាខែកុម្ភៈនេះ ព្រោះក្រុមចូលរួមសុទ្ធតែជាក្រុមខ្លាំងៗមកពីសិង្ហបុរី និងម៉ាឡេស៊ី។
ពានរង្វាន់មិត្តភាពអន្ដរជាតិ Governor Cup 2020ខាងលើ គ្រោងនឹងប្រកួតរយៈពេល 3ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃទី17-19 ខែមករា ឆ្នាំ2020 ដោយមាន 4ក្លិបមកពី 4ប្រទេសផ្សេងគ្នាចូលរួម ដូចជាក្លិបម្ចាស់ផ្ទះឥណ្ឌូនេស៊ី PSMS Medan, ក្លិប Felda United (ម៉ាឡេស៊ី), ក្លិប Geylang International (សិង្ហបុរី) និងក្លិបបឹងកេត តំណាងប្រទេសកម្ពុជា៕