ក្លិប Swansea City បានដាក់តម្លៃខ្លួន50លានផោន (ស្មើនឹង64.4លានដុល្លារអាមេរិក) ទៅលើខ្សែបម្រើដ៏ឆ្នើម Gylfi Sigurdsson។
ការដាក់តម្លៃខ្លួននេះកើតឡើងស្របពេលដែលខ្សែបម្រើអន្តរជាតិអ៊ីស្លង់ Sigurdsson បន្តស្ថិតក្នុងការទាក់ទងជាមួយនឹងការផ្ទេរទៅកាន់ក្លិប Everton និង Leicester។ ក្លិប Swanseaនៅតែរក្សាការទាមទារតម្លៃខ្លួនយ៉ាងខ្ពស់សម្រាប់ Sigurdsson ដែលបានជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ក្លិបនេះក្នុងយុទ្ធនាការ2លើកជាប់ៗគ្នា កាលពីរដូវកាលមុន។ ខ្សែបម្រើវ័យ27ឆ្នាំរូបនេះ បានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតលីកចំនួន9គ្រាប់ និងជួយឲ្យមិត្តរួមក្រុមរកបាន13គ្រាប់ផ្សេងទៀត សម្រាប់ក្រុម Swansea ដែលបានចំណាយពេលកាលពីរដូវកាលមុន ដោយការប្រជែងគេចឲ្យផុតពីតំបន់កាត់ចោល។ វាត្រូវបានគេមើលឃើញថា ក្លិប Swansea ចង់បានតម្លៃខ្លួន40លានផោន ប្រសិនបើពួកគេចង់លក់ Sigurdsson ប៉ុន្តែតម្លៃខ្លួននោះត្រូវបានត្រួតពិនិត្យឡើងវិញនៅពេលនេះដោយសារតែការទិញចូលកីឡាករហាក់ដូចជាស្ថិតក្នុងតម្លៃខ្លួនខ្ពស់នៅរដូវក្តៅនេះ។ Sigurdsson នៅសល់រយៈពេល3ឆ្នាំទៀតក្នុងកិច្ចសន្យារបស់គេ ក្រោយពីបានចុះហត្ថលេខាលើកុងត្រាថ្មីមួយកាលពីខែសីហា ឆ្នាំមុន។ រូបគេបានស៊ុតបាល់បញ្ចូលទីសរុប30គ្រាប់ ក្នុងការបង្ហាញខ្លួន112លើកចាប់តាំងពីក្លិប Swansea បានទិញរូបគេពីក្លិប Tottenham ក្នុងតម្លៃខ្លួន6.8លានផោន កាលពីខែកក្កដាឆ្នាំ2014។ លោក Huw Jenkins ប្រធានក្លិប Swansea បានប្រកាសកាលពីខែកុម្ភៈថា Sigurdssonបានទទួលសំណើជាច្រើនអំឡុងពេលបើកទីផ្សារដោះដូរកីឡាករកាលពីពេលមុនស្របពេលដែលការចាប់អារម្មណ៍ផ្សេងៗបានកើតឡើងទាំងលីកក្នុងស្រុក និងក្រៅស្រុក៕
ប្រភពពី៖ The Guardian