ក្រោយការចេញផ្សាយ Galaxy Note 10/Note 10+ របស់ក្រុមហ៊ុន Samsung ត្រូវបានគេដឹងថា ទំនងជានឹងមានប្រកាសពី Galaxy Note 10 Lite មួយម៉ូដែលផ្សេងទៀត។ ឈ្មោះម៉ូដែលនេះទើបតែទទួលបានការអនុម័តចេញពីគណៈកម្មាធិការ FCC ខណៈគំរូព្រាង (Render) ក៏ត្រូវបានលាតត្រដាងផងដែរ។
Note 10 Lite នឹងប្រើប្រាស់ទម្រង់កាមេរ៉ារាងចង្ក្រានហ្គាសនៅខាងក្រោយ ដោយបំពាក់ Sensor ចំនួន 3គ្រាប់ និងគ្រាប់ Flash LED 1គ្រាប់។ នៅផ្នែកអេក្រង់ខាងមុខ មានការផ្លាស់ប្តូរ លែងមានភាពកោងដូចជំនាន់មុនទៀតហើយ ដែលជំនួសដោយផ្ទៃរាបស្មើវិញម្ដង។
តាមតម្រុយ កាមេរ៉ានេះសោតក៏ទើបតែលេចចេញថ្មីៗនៅលើ Galaxy A71 ហើយចចាមអារ៉ាមដែលថា នឹងមាននៅលើ Galaxy S11 ដែរនោះ រឹតតែញ៉ាំងឱ្យមានការជឿជាក់ថា ស្មាតហ្វូនជំនាន់ក្រោយៗរបស់ Samsung ប្រហែលជាប្រើទម្រង់កាមេរ៉ាបែបនេះទាំងស្រុងហើយ។
ចំពោះបច្ចេកវិទ្យាពិសេសក្នុងប៊ិចវេទមន្ត S Pen ដែលថា អាចដំណើរការបានល្អប្រសើរ ដូចមានលើ Note 10 ឬអត់នោះ? មិនទាន់មានការបង្ហើបប្រាប់នៅឡើយ។ ចំពោះកម្លាំងម៉ាស៊ីន Note 10 Lite ប្រើឈីប Snapdragon 855 ស្របពេលដែលកាមេរ៉ាក្រោយមានលេនស៍មេទំហំ 48MP និងខាងមុខចោះទម្លុះអេក្រង់ 1គ្រាប់ទំហំ 32MP៕