រដ្ឋបាលរាជធានីភ្នំពេញ បានបើកការដ្ឋានស្ថាបនាស្ពានអាកាសថ្មើរជើង ចំនួន 2កន្លែងនៅ ត្រង់ទីតាំង ផ្សារដើមគរ និងមុខសាសាបឋមសិក្សាសន្ធរម៉ុក កាលពីព្រឹកថ្ងៃទី28 ខែធ្នូ ឆ្នាំ2019 ដោយគ្រោងស្ថាបនាឱ្យរួចរាល់នៅពាក់កណ្តាលឆ្នាំ2020ខាងមុខ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព និងមិនមានការប្រឈមគ្រោះថ្នាក់ណាមួយកើតឡើង។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា មូលហេតុដែលនាំឱ្យរដ្ឋបាលសាលារាជធានីសម្រេចបើកការដ្ឋានស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន 2កន្លែងនេះ គឺដើម្បីជួយសម្រួល រំដោះចរាចរណ៍ និងការធ្វើដំណើរឆ្លងកាត់ផ្លូវរបស់ប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្សខណៈតំបន់ទំាង 2នេះ មានការលំបាកក្នុងការធ្វើដំណើរថ្មើរជើងកាត់ផ្លូវដោយសារតែប្រឈមនឹងចរាចរណ៍មមាញឹក។
ឯកឧត្ដមអភិបាលក្រុង ក៏បានជំរុញឱ្យក្រុមហ៊ុនស្ថាបនាស្ពានអាកាសថ្មើរជើង នៅតំបន់ទំាង 2កន្លែងនេះ ត្រូវធ្វើឱ្យរួចរាល់ទាន់តាមផែនការ ក្នុងរយៈពេល 6ខែទៀត ក្នុងអំឡុងពាក់កណ្តាលឆ្នាំ 2020 ខាងមុខនេះ ។
បើយោងតាម មន្រ្ដីជំនាញបច្ចេកទេសបានឱ្យដឹងថា គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើង នៅតំបន់មុខផ្សារដើមគរ គឺឆ្លងកាត់លើមហាវិថីគីម អ៊ីលសុង ខណៈគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងសន្ធរម៉ុកវិញ គឺស្ថិតនៅលើចំណុចផ្លូវប្រសព្វទំាង 4ទិសតែម្តង ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សបានឆ្លងកាត់ផ្លូវនេះដោយសុវត្ថិភាព។
សូមបញ្ជាក់ថា មកដល់ពេលនេះ រាជធានីភ្នំពេញ មានស្ពានអាកាសថ្មើរជើងចំនួន 3កន្លែង ហើយ គឺនៅតំបន់ជម្ពូវន្ត ស្ថិតក្នុងខណ្ឌពោធិសែនជ័យ មានចំនួន 2កន្លែង និងនៅតំបន់ភ្លើងស្តុប នាងគង្ហីង មានចំនួន 1កន្លែង។ ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញគ្រោងពង្រីកគម្រោងស្ថាបនាផ្លូវ ថ្មើរជើងនេះឱ្យបានច្រើនកន្លែងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិដែលកំពុងមានការអភិវឌ្ឍ៕