ក្រុមហ៊ុនវិភាគ App Annie បានបង្ហាញទិន្នន័យអំពីកម្មវិធី និងហ្គេមដែលមានគេទាញយកច្រើនបំផុតក្នុងរយៈពេល 10ឆ្នាំចុងក្រោយ (2010 ដល់ 2019) គិតសរុបទាំងនៅលើ App Store និង Play Store។
កម្មវិធីដែលមានគេដោនឡូតច្រើនគេទាំង 10 មានចំនួន 4 គឺកាន់កាប់ដោយ Facebook សុទ្ធសឹងតែឈរលើតំណែងកំពូលទៀតផងនោះគឺ Facebook, Messenger, WhatsApp និង Instagram។
ចាប់តាំងពីបណ្ដាញ Facebook បានលេចរូបរាងរហូតមកទល់បច្ចុប្បន្ន ក្រុមហ៊ុននេះបានទិញយកក្រុមហ៊ុនដទៃជាច្រើនដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន។ ក្នុងចំណោមនោះក៏មានក្រុមហ៊ុនបណ្ដាញទំនាក់ទំនងចំនួន3 ដែល Facebook បានចំណាយលុយពីខ្ទង់លានដល់ខ្ទង់ពាន់លានដុល្លារដើម្បីទិញយក។
1) WhatsApp ជាសេវាកម្មសម្រាប់ទំនាក់ទំនងគ្នាមួយនេះបានបើកដំណើរការនៅខែមករា ឆ្នាំ2010 ក្រោយពីសង្កេតឃើញឥទ្ធិពលរបស់សេវាកម្មមួយនេះ ក្រុមហ៊ុន Facebook ក៏បានទិញយកក្នុងទំហំទឹកប្រាក់ 19.3ពាន់លានដុល្លារ កាលពីឆ្នាំ2014 ខែកុម្ភៈ។
2) Instagram ជាសេវាកម្មសម្រាប់ចែករំលែករូបភាព ឬវីដេអូលើអ៊ីនធើណិតតាមរយៈទូរស័ព្ទ ហើយវាក៏ជាបណ្ដាញទំនាក់ទំនងសង្គមផងដែរ។ កាលពីខែមេសា ឆ្នាំ2012 ក្រុមហ៊ុន Facebook បានទិញយក Instagram ក្នុងតម្លៃ 1ពាន់លានដុល្លារ។
3) FriendFeed ជាសេវាកម្មបណ្ដាញសង្គមដ៏ធំមួយរបស់សហរដ្ឋអាមេរិកដែលចាប់ដំណើរការកាលពីខែតុលា ឆ្នាំ2007 ហើយត្រូវបានទិញយកដោយ Facebook នៅខែសីហា ឆ្នាំ2009 ក្នុងទំហំទឹកប្រាក់ 47.5លានដុល្លារ៕