យោងតាមរបាយការណ៍ពី The Information Media បានចុះផ្សាយថា Apple នឹងព្យាយាមដោះស្រាយបញ្ហាដែលខ្លួនកំពុងប្រឈម ពាក់ព័ន្ធនឹងការបែកធ្លាយព័ត៌មានពី iPhone ជំនាន់ក្រោយ ពោលគឺនឹងទប់ស្កាត់ឱ្យបានសម្រាប់ស្មាតហ្វូនស៊េរីឆ្នាំ2020 របស់ខ្លួន។
ក្រុមហ៊ុន Apple ត្រូវបានគេដឹងថា មិនអាចទប់ស្កាត់បញ្ហាមួយនេះបាន តាំងពីអំឡុងចេញលក់ iPhone 5c នៅឆ្នាំ2013 មកម្ល៉េះ។
មុនការប្រកាសចេញលក់ iPhone 12 ក្រុមហ៊ុននឹងបង្កើតនូវក្រុមត្រួតពិនិត្យពិសេសមួយមានឈ្មោះថា ’New Product Security Team’ ឬហៅកាត់ NPS ដែលទទួលបន្ទុកលើការតាមដានក្រុមហ៊ុនផ្គត់ផ្គង់ដែលជាដៃគូរបស់ Apple និងបញ្ចៀសការបែកធ្លាយព័ត៌មានទៅកាន់ភាគីទី3។
នៅឆ្នាំ2014 ការបែកធ្លាយព័ត៌មានសម្ងាត់ បានកើតមាន 387ករណី និងចុះមកត្រឹម 57ករណីនៅឆ្នាំ 2015 ហើយ 4ករណីនៅឆ្នាំ 2016។ សម្រាប់ក្រុមហ៊ុនដែលជាដៃគូសហការរបស់ Apple ក៏នឹងទទួលបន្ទុកលើបញ្ហានេះផងដែរ ដោយតាមប្រភពខាងលើបានសង្កត់ធ្ងន់ថា ប្រសិនណាបើភាគីណាមួយធ្វើឱ្យធ្លាយព័ត៌មានសម្ងាត់ចេញទៅក្រៅ នោះនឹងត្រូវសងការខូចខាតជាទឹកប្រាក់ប្រមាណ 25 លានដុល្លារ ជាមួយការចំណាយពាក់ព័ន្ធការស៊ើបអង្កេតទាំងអស់៕