វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ (EDI) សហការជាមួយនឹងមជ្ឈមណ្ឌលភាសាអង់គ្លេស Leaderland នៃបណ្តាញអប់រំវេសឡាញ អេឌ្យូខេសិន គ្រុប ដែលគាំទ្រដោយ Franklin Covey Cambodia បានរៀបចំសិក្ខាសាលាស្តីពីទម្លាប់ល្អទាំង7 យ៉ាងសម្រាប់បុគ្គលឆ្នើម ដើម្បីប្រមូលថវិកាជួយមន្ទីរពេទ្យកុមារអង្គរដែលកំពុងត្រូវការជំនួយដើម្បីព្យាបាលកុមារកម្ពុជាជាច្រើនរូបនៅក្នុងខេត្តសៀមរៀប នៅចុងខែធ្នូ ឆ្នាំ2019 នេះ។
លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថាកម្មវិធីសិក្ខាសាលាទម្លាប់ល្អទាំង7 យ៉ាងសម្រាប់បុគ្គលឆ្នើម នេះមានគោលបំណងសំខាន់ក្នុងការផ្តល់ឱកាសសម្រាប់បុគ្គលិកក្រុមហ៊ុននានា និងសាធារណជនឱ្យបានចូលរួមចំណែកទាំងអស់គ្នាក្នុងការធ្វើសកម្មភាពមនុស្សធម៌ផង និងទទួលបានការបណ្តុះបណ្តាលដើម្បីអភិវឌ្ឍជីវិត និងផលិតភាពការងារសម្រាប់ឆ្នាំថ្មីផង។ ក្នុងនាមយើងជាប្រជាជនខ្មែរ យើងអាចមានលទ្ធភាពក្នុងការជួយគ្នា ជាពិសេសការជួយជីវិតកុមារកម្ពុជា គ្រាន់តែយើងមិនទាន់មានពេលជួបជុំ ឬមិនអាចចូលរួមតែម្នាក់ឯងបាន។ ហេតុនេះយើងអាចបង្កើតកម្មវិធីជុំគ្នាដើម្បីប្រមូលថវិកាបរិច្ចាគរួមគ្នាសម្រាប់ជួយកិច្ចការសង្គម។
លោក ប៉ិច បូឡែន បាននិយាយថា៖ «នៅថ្ងៃនេះ យើងបានរួមគ្នាបរិច្ចាគថវិកាដល់មន្ទីរពេទ្យកុមារអង្គរ។ ថ្វីត្បិតតែថវិកាប៉ុន្មានពាន់ដុល្លារនេះមិនច្រើន តែយើងសង្ឃឹមថាអាចចូលរួមចំណែកក្នុងការជួយដល់ជីវិតកុមារកម្ពុជាមួយចំនួនតាមរយៈសកម្មភាពដ៏ល្អរបស់មន្ទីរពេទ្យ»។
ស្ថាបនិកស្ថាប័នអប់រំខាងលើបានលើកឡើងថា ថវិកាដែលយើងបានចូលរួមចំណែកបរិច្ចាគនៅថ្ងៃនេះ បានមកពីការបង់ថ្លៃរបស់អ្នកចូលរួមក្នុងសិក្ខាសាលា និងអ្នកឧបត្ថម្ភមួយចំនួនផ្សេងទៀត។ កន្លងមកយើងក៏បានរៀបចំកម្មវិធីសប្បុរសធម៌មួយចំនួនផងដែរដើម្បីជំរុញឱ្យមានសកម្មភាពមនុស្សធម៌ក្នុងផ្នែកនានាដែលកំពុងត្រូវការជំនួយឧបត្ថម្ភ។
លោក នឹម ឈុន្នី ស្ថាបនិកក្រុមហ៊ុន Vipassa និងជាអ្នករៀបចំកម្មវិធីរត់ពីភ្នំពេញទៅខេត្តសៀមរាបដើម្បីប្រមូលថវិកាជួយមន្ទីរពេទ្យកុមារអង្គរបានលើកឡើងថា មន្ទីរពេទ្យកុមារអង្គរជាមន្ទីរពេទ្យចិត្តធម៌ និងមានសេវាកម្មល្អដែលជួយដល់កុមារកម្ពុជាជាច្រើនរូបដោយឥតគិតថ្លៃ។ ហេតុនេះហើយទើបលោកខិតខំប្រឹងប្រែងប្រមូលថវិកាដើម្បីចូលរួមចំណែកជួយដល់ជីវិតកុមារកម្ពុជាតាមរយៈការព្យាបាលរបស់មន្ទីរពេទ្យ។ លោកថាសកម្មភាពនៃការរៀបចំសិក្ខាសាលា និងការជួយរបស់វេសឡាញ នៅថ្ងៃនេះជាសកម្មភាពប្រកបដោយភាពសប្បុរសដ៏ធំធេងមួយដែលអាចជំរុញឱ្យលោកកាន់តែខិតខំ និងធ្វើឱ្យមន្ទីរពេទ្យទទួលបានថវិកាសម្រាប់ដោះស្រាយបញ្ហាថវិកាប្រចាំឆ្នាំ៕