សម័យប្រឡងមធ្យមសិក្សាទុតិយភូមិ ឬគ្រប់គ្នាហៅថាប្រឡងបាក់ឌុប នឹងធ្វើឡើងនៅថ្ងៃទី 21 ខែសីហា ឆ្នាំ2017 ខាងមុខ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡានាពេលថ្មីៗនេះ។ ចំណែកឯថ្ងៃចេញលទ្ធផលនៅតាមមណ្ឌលប្រឡងនីមួយៗ នឹងប្រកាសនៅថ្ងៃទី12 ខែកញ្ញា ឆ្នាំ2017 សម្រាប់មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយថ្ងៃទី13 ខែកញ្ញា ឆ្នាំ2017 សម្រាប់មណ្ឌលប្រឡងនៅខេត្តផ្សេងៗទៀត។
ពាក់ព័ន្ធនឹងការប្រឡងនៅឆ្នាំនេះ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា សម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះនឹងទទួលបានលទ្ធផលរឹតតែប្រសើរជាងឆ្នាំកន្លងទៅ ដោយសារការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស ការចូលរួមលើកទឹកចិត្តពីមាតាបិតា អ្នកអាណាព្យាបាលសិស្ស ជាពិសេសការយកចិត្តទុកដាក់បង្រៀនពីសំណាក់លោកគ្រូ អ្នកគ្រូ ភាគីពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញគ្រប់កម្រិតថ្នាក់ ដែលជាកត្តាសំខាន់ធ្វើឱ្យសមត្ថភាពសិស្សានុសិស្សមានការរីកចម្រើនកើនឡើងជាបន្តបន្ទាប់។
សម្រាប់ការប្រឡងនៅក្នុងឆ្នាំ 2017 នេះ មានបេក្ខជនប្រឡងសរុបទាំងវិទ្យាសាស្រ្តពិត និងវិទ្យាសាស្រ្តសង្គម ចំនួន 130,112នាក់ និងមានមណ្ឌលប្រឡងចំនួន 178 មណ្ឌល ចែកចេញជា 4,155 បន្ទប់នៅទូទាំងរាជធានីខេត្ត៕