ក្រោយពេលរៀបការរួចជីវិតរបស់អ្នកនឹងត្រូវផ្លាស់ប្តូរទាំងស្រុង មិនមែនដូចជាពេល នៅលីវទៀតឡើយ។ ចំណែកឯភាពល្អូកល្អិន និងកើតមានឡើងបន្ទាប់ពីរៀបការថ្មោងថ្មី ប៉ុន្តែយូរៗទៅអ្នកនឹងចាប់ផ្តើមានអារម្មណ៍នឿយណាយ គួបផ្សំជាមួយនឹងរឿងរ៉ាវរាប់រយជំពូក អ្នកនឹងមានភាពស្មុគស្មាញកាន់តែខ្លាំងឡើង។ ប្រសិនបើរឿងនេះនៅតែបន្តរហូត ហើយអ្នកទាំងពីរពុំមានវិធីអ្វីដោះស្រាយ អ្នកទាំងពីរច្បាស់ជារកសុភមង្គលមិនឃើញឡើយ។ ដូច្នេះហើយអ្នកទាំងពីរគួរតែរៀនពីចំណុចសំខាន់ៗមួយចំនួនដើម្បីឲ្យជីវិតប្រកបទៅដោយសុភមង្គល។
ចេះយល់ចិត្តគ្នា៖ រឿងដ៏សំខាន់មួយដែលគូរស្នេហ៍ថ្មោងថ្មីគួរតែដឹង គឺការស្វែងយល់ចិត្តគ្នាទៅវិញទៅមក។ ជីវិតអាពាហ៍ពិពាហ៍នឹងកាន់តែមានសុភមង្គល ប្រសិនបើប្តីប្រពន្ធចេះយល់ចិត្តគ្នា ហើយមិនថាគ្រប់ឧបសគ្គអ្វីៗទាំងអស់នឹងត្រូវបានដោះស្រាយបានយ៉ាងងាយស្រួល។
មានចិត្តអំណត់៖ ភាពអំណត់មិនមែនមានតែប្រពន្ធ ឬស្វាមីនោះទេ តែត្រូវឲ្យអ្នកទាំងពីរពូកែមានចិត្តអំណត់ដូចគ្នា។ ជាធម្មតាការរួមរស់នៅជាមួយគ្នាជាប្តីប្រពន្ធគេចមិនផុតពីការតំឡើងពាក្យសំដីធំតូចដាច់គ្នាឡើយ ប៉ុន្តែប្រសិនបើភាគីទាំងសងមានចិត្តអំណត់ក្នុងដំណាក់កាលនេះអ្វីៗនឹងល្អប្រសើរឡើងវិញ។
ចេះជួយយកអាសារគ្នា៖ ការចេះជួយយកអាសារគ្នាក្នុងពេលគ្រាលំបាក គឺជារឿងដែលគូស្នេហ៍គួរតែអនុវត្ត។ ព្រោះជីវិតរស់នៅរបស់មនុស្សម្នាក់ៗគេចមិនផុតពីជួបនូវបញ្ហានោះទេ គ្រាន់តែបញ្ហានោះតិចឬក៏ច្រើនតែប៉ុណ្ណោះ។ ដូច្នេះប្រសិនបើភាគីណាមួយជួបនឹងបញ្ហាអ្នកត្រូវចេះ សួរនាំ ឬជួយរកវិធីដោះស្រាយជំនួស ទើបសមមានឈ្មោះថាស្វាមីភរិយាល្អ។
ចេះផ្តល់កម្លាំងចិត្ត៖ អ្វីដែលគូស្នេហ៍គួរបានពីគ្នាទៅវិញទៅមក គឺផ្តល់កំលាំងចិត្តនៅពេលដែលជួបនឹងទុក្ខលំបាកដោះស្រាយមិនចេញ។ ប្រសិនបើអ្នកចេះផ្តល់កំលាំងចិត្តដល់គ្នាទៅវិញទៅមក ជឿថាបញ្ហាអ្វីនឹងបានដោះស្រាយ ហើយភាពរីករាយនឹងវិលត្រឡប់មករកអ្នកវិញជាមិនខាងឡើយ។
ភាពស្មោះត្រង់៖ អ្នកមិនអាចមើលរំលងចំណុចមួយនេះបានទេ ព្រោះជីវិតអាពាហ៍ពិពាហ៍របស់អ្នកអាចបន្តទៅមុខទៀតបាន ឬមិនបានគឺអាស្រ័យទៅលើភាពស្មោះត្រង់នេះឯង។ ប្រសិនបើអ្នកទទួលបានភាពស្មោះត្រង់ហើយ ក្តីសុខ នឹងសុភមង្គលនឹងតាមមកជាមួយជាមិនខាន៕