ការប្រកួតហែលទឹកជ្រើសរើសជើងឯកថ្នាក់ជាតិ និង “ពានរង្វាន់តេជោសែន” លើកទី5 ឆ្នាំ2019 មានការចូលរួមប្រកួតពីសំណាក់ក្លិបទូទាំងប្រទេសចំនួន 8ក្លិប មានដូចជាក្លិបក្រសួងសាធារណការ និងដឹកជញ្ជូន, ក្លិបក្រសួងមហាផ្ទៃ, ក្លិបក្រសួងសេដកិច្ច និងហិរញ្ញវត្ថុ, ក្លិបក្រសួងព័ត៌មាន, ក្លិបនាគរាជ កំពង់ចាម, ក្លិបប៉ារ៉ាឡាំពិកកម្ពុជា, ក្លិបហែលទឹកខេត្តត្បូងឃ្មុំ និងក្លិបហែលទឹក ប៊្លូដូហ្វ៊ីន ស្វីមមីង។
ជាលទ្ធផល ក្លិបកីឡាហែលទឹករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដណ្តើមបានជើងឯកនៃព្រឹត្តិការណ៍ប្រកួតនេះ 2ឆ្នាំជាប់ៗគ្នា។ ខណៈក្លិបក្រសួងមហាផ្ទៃ រក្សាជើងឯករងជាលើកទី2 ដូចគ្នានៅមណ្ឌលកីឡាហែលទឹកតេជោសែន ខេត្តកំពង់ចាម។ គួរបញ្ជាក់ដែរថា ការប្រកួតនេះត្រូវបានរៀបចំដោយសហព័ន្ធខ្មែរកីឡាហែលទឹក ក្រោមថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើមបានមេដាយចំនួន 26គ្រឿង ក្នុងនោះមេដាយមាស 15គ្រឿង មេដាយប្រាក់ 7គ្រឿង និងមេដាយសំរឹទ្ធ 4គ្រឿង រីឯក្លិបហែលទឹកក្រសួងមហាផ្ទៃ ដណ្តើមមេដាយចំនួន 16គ្រឿង រួមមានមេដាយមាស 7គ្រឿង មេដាយប្រាក់ 7គ្រឿង និងមេដាយសំរឹទ្ធ 2គ្រឿង ខណៈលេខ3 បានទៅលើក្លិបហែលទឹកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលដណ្តើមបានមេដាយចំនួន 20គ្រឿង គឺមេដាយមាស 1គ្រឿង មេដាយប្រាក់ 7គ្រឿង និងមេដាយសំរឹទ្ធ 12គ្រឿង៕