Skip to content

ផ្សារ​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​វៀតណាម​ ​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

​ផ្សារ​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​ ​និង​វៀតណាម​ ​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ស្រុក​មេមត់​ ​ខេត្ត​ត្បូងឃ្មុំ​របស់​កម្ពុជា​ ​មានឈ្មោះ​ថា​«​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​ ​(​ផ្សារ​ដា​)​»​ ​គឺជា​ផ្សារ​លើកដំបូង​ ​ដែល​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ ​កាលពី​ថ្ងៃទី24​ ​ខែធ្នូ​ ​ឆ្នាំ2019​ ​ក្រោម​អធិបតីភាព​ ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​ឯកឧត្ដម​ ​ជីញ​ ​ឌិញ​ ​ស៊ុង​ ​(​TRINH​ ​DINH​ ​DUNG​)​ ​ឧបនាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។

​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​នេះ​ ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​ថា​រី​ត្បូងឃ្មុំ​ ​ក្នុង​ភូមិ​ដា​កណ្តោល​ ​ឃុំ​ដា​ ​ស្រុក​មេមត់​ ​ខេត្ត​ត្បូងឃ្មុំ​ ​ស្ថិតនៅ​លើ​ផ្ទៃដី​ទំហំ​ជិត​ ​2ហិ​ក​តា​ ​ចម្ងាយ​ប្រមាណ​ជា​ ​300ម៉ែត្រ​ពី​ព្រំដែន​កម្ពុជា​-​វៀតណាម​ ​នៃ​ខេត្ត​តៃ​និ​ញរ​បស់​ប្រទេស​វៀតណាម​។​ ​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​នេះ​ ​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ឆ្នាំ2018​ ​ដោយ​ចំណាយ​ថវិកា​ជិត​ ​2លាន​ដុល្លារ​អាមេរិក​ ​ដែល​ជា​ថវិកា​របស់​រដ្ឋាភិបាល​វៀតណាម​។​ ​ផ្សារ​នេះ​មាន​ចំនួន​ ​68ស្តង់​ ​ចែកចេញជា​ ​6ប្រភេទ​។​ ​

​គួរ​កត់សម្គាល់​ដែរ​ថា​ ​ការបង្កើត​ផ្សារ​គំរូ​នេះ​ ​គឺជា​ការ​ចាប់ផ្តើម​ទំព័រ​សករាជ​ថ្មី​មួយទៀត​ ​នៃ​ការ​ពង្រឹង​កិច្ចសហការ​ ​និង​សម្រួល​ពាណិជ្ជកម្ម​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង2​ ​ឱ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​ ​និង​ខិត​ជិត​ប្រជាពលរដ្ឋ​ ​ជាពិសេស​ឈាន​ទៅ​សម្រេច​ឱ្យ​បាន​ ​នូវ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង2​ ​ចំនួន​ ​5,000លាន​ដុល្លារ​អាមេរិក​ ​នា​ពេល​ខាងមុខ​។​ ​

​ផ្សារ​នេះ​ក៏​នឹង​ចូលរួម​បម្រើ​អត្ថ​ប្រយោជន៍​ ​និង​សម្រាប់​ដាក់​លក់ទំនិញ​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង2​ ​ជាពិសេស​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​ ​និង​របាំង​ពាណិជ្ជកម្ម​នានា​ ​ដែល​តែងតែ​រាំងស្ទះ​ដល់​ធ្វើ​ចរាចរណ៍​ទំនិញ​ ​និង​ផលិតផល​នៅ​តាម​ព្រំដែន​កម្ពុជា​ ​និង​វៀតណាម​។​

​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ក៏បាន​ថ្លែង​អំពី​ ​គម្រោង​សាងសង់​ផ្សារ​គំរូ​ព្រំដែន​ថ្មី​បន្ថែមចំនួន​ ​2ទៀត​ ​នៅ​ខេត្ត​ជាប់​ព្រំដែន​វៀតណាម​ ​គឺ​ខេត្តស្វាយរៀង​ ​និង​ខេត្តកំពត​ ​អាច​នឹង​ប្រើប្រាស់​ថវិកាជាតិ​ ​ដើម្បី​សាងសង់​ផ្សារ​គំរូ​ថ្មី​ទាំង​ ​2នេះ​ ​ដែល​ការប្រកាស​ប្រើ​ថវិកាជាតិ​ ​សម្រាប់​សាងសង់​ផ្សារ​គំរូ​ទាំង2​ ​នេះ​ ​គឺ​ដោយសារតែ​មានការ​ស្នើសុំ​ឱ្យ​ភាគី​វៀតណាម​ ​ជួយ​សាងសង់​ផ្សារ​ទាំងនេះ​ ​តែ​មិនទាន់​ទទួល​បាន​ចម្លើយ​យល់ព្រម​ពី​ភាគី​វៀតណាម​នៅឡើយ​ ​ហើយ​ដំណើរការ​ក្នុង​ការចរចា​គ្នា​ ​ក៏​ត្រូវ​ប្រើប្រាស់​ពេលវេលា​យូរ​ ​និង​ចំណាយ​ច្រើន​ទៀតផង​។​

​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ ​ការ​ចំណាយ​សាងសង់​ផ្សារ​គំរូ​មួយ​ ​ត្រូវ​ប្រើប្រាស់​ថវិកា​ ​2លាន​ដុល្លារ​អាមេរិក​ ​ដែល​ពីមុន​គិតថា​ ​ជា​ចំនួន​ច្រើន​សម្រាប់​កម្ពុជា​ ​តែ​ពេលនេះ​តម្លៃ​ ​2លាន​ដុល្លារ​នេះ​ ​មិន​ច្រើន​សម្រាប់​កម្ពុជា​នោះ​ទេ​ ​ដូច្នេះ​កម្ពុជា​គប្បី​សាងសង់​ដោយខ្លួនឯង​ ​និង​សង់​ឱ្យ​បាន​ឆាប់​៕​



Leave a Reply

Your email address will not be published. Required fields are marked *