ព្រោះអតីតកាលពីកុមារភាពជូរជត់ខ្លាំង អតីតបេក្ខភាពកម្មវិធីពិភពលោក X-Factor Cambodia លោក ពេជ្រ ជេត្រា មួយរយៈចុងក្រោយនេះ បានកំពុងឈ្មុះឈ្មុលខ្លាំងលើការងារសប្បុរសធម៌។ តួយ៉ាងកាលពីពេលថ្មីៗនេះ អតីតបេក្ខភាព X-Factor រូបនេះ បាននាំយកថវិកា និងសម្ភារៈប្រើប្រាស់មួយចំនួនពីការរ៉ៃអង្គាសពីសប្បុរសជន ទៅជូនលោកយាយចាស់ជរា គ្មានទីពឹងនៅខេត្តកំពង់ឆ្នាំង។
ជេត្រា រៀបរាប់ថា ព្រោះខ្លួនធំដឹងក្តីឡើងក្នុងគ្រួសារដែលមានជីវភាពលំបាក ដោយឪពុកពិការ មិនអាចបំលាស់ទីធ្វើការរកស៊ីចញ្ចឹមគ្រួសារបានគ្រប់គ្រាន់ ដូច្នេះលោកចាំបាច់ត្រូវចេញធ្វើការរកស៊ីដើម្បីជីវភាពគ្រួសារ លោកដែលមានទាំងប្អូននៅក្នុងបន្ទុក។ ដោយសារហេតុផលបែបនេះហើយ ទើប ជេត្រា តែងឈ្មុះឈ្មុល ឆ្លៀតពេលពីការងារសិល្បៈ ធ្វើការរ៉ៃអង្គាសថវិកា រួចស្វែងរកចាស់ជរា ដែលមានជីវភាពក្រខ្សត់ លំបាក គ្មានទីពឹង ដើម្បីនាំយកថវិកា និងសម្ភារៈទៅប្រគល់ជូន។ នេះមិនមែនលើកទី១ទេដែល លោក ពេជ្រ ជេត្រា បានពាំនាំថវិកា និងសម្ភារៈទៅជូនចាស់ជរា។
ពេជ្រ ជេត្រា ធ្លាប់ជាអតីតបេក្ខភាព Cambodia Idol រដូវកាលទី៣ ក្រោយមកលោកបានត្រឡប់មកតាមចាប់ក្តីស្រម៉ៃខ្លួនម្តងទៀតក្នុងកម្មវិធីពិភពលោក X-Factor Cambodia។ សព្វថ្ងៃលោកជាតារាចម្រៀងប្រចាំភោជនីយដ្ឋានមួយនៅម្តុំបឹងត្របែក។ ជេត្រា មិនសូវមមាញឹកខ្លាំងជាមួយការងារសិល្បៈប៉ុន្មានទេ តែលោកថាបើមានឱកាសលោកនឹងប្រឡូកវិស័យនេះឲ្យពេញទំហឹងប្រសិនបើបានទទួលឱកាសពីផលិតកម្ម ឬផលិតករ។