មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បានថ្លែងឱ្យដឹងថា កំណើនសេដ្ឋកិច្ចរឹងមាំដែលប្រទេសកម្ពុជាបាន ទទួលបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានផ្តល់ផលប្រយោជន៍ដល់មនុស្សប្រជាពលរដ្ឋគ្រប់រូប និងបង្កើតឱកាសសម្រាប់ទាំងអស់គ្នា។ នេះបើតាមការថ្លែងរបស់អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងសន្និសីទកាសែតនៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោក ផាន់ ផល្លា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានកើនឡើងជាមធ្យមប្រហែល 7% ក្នុងរយៈពេល 20ឆ្នាំចុងក្រោយនេះ ហើយទ្រព្យសម្បត្តិដែលបានមកពីកំណើននេះត្រូវបានចែកចាយយ៉ាងត្រឹមត្រូវ។
លោកផល្លា បានបញ្ជាក់ថា៖“ការបែងចែកទ្រព្យសម្បត្តិ បានធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់ នៅរបស់ប្រជាជន បង្កើនប្រាក់ចំណូល និងជួយប្រជាជនកម្ពុជាឱ្យរស់នៅបានយូរ និងមានសុវត្ថិភាព ជាងមុន”។លោកផល្លា បានមានប្រសាសន៍ថា៖ “អត្រាភាពក្រីក្របានថយចុះយ៉ាងខ្លាំងពី 52% ក្នុងឆ្នាំ2004 មកនៅត្រឹម 10%ប៉ុណ្ណោះនាពេលបច្ចុប្បន្ន”។
លោកបានបន្តថា សន្តិភាព និងស្ថិរភាពនយោបាយបានបង្កើនទំនុកចិត្តវិនិយោគិនបរទេស ដែលជាលទ្ធផល បានជំរុញកំណើនសេដ្ឋកិច្ច។ ឥឡូវនេះអ្នកក្នុងស្រុកមានលទ្ធភាពបើកអាជីវកម្មដើម្បីបង្កើនប្រាក់ចំណូលរបស់ពួកគេ។ វិធានការត្រូវបានអនុវត្តដោយក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ ដើម្បីធានាថាគម្រោង ដែលបានអនុវត្តជាមួយប្រាក់សាធារណៈបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងអស់ស្មើៗគ្នា។ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានគោលបំណង ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង ក៏ដូចជាធានាថា ការប្រកួតប្រជែងនឹងកើនឡើងហើយការងារកាន់តែច្រើនក៏ត្រូវបានបង្កើតឡើងដែរ។
កំណើនសេដ្ឋកិច្ចត្រូវបានព្យាករថា នឹងធ្លាក់ចុះដល់ 6.5% នៅឆ្នាំ2020 ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជាមានចំនួន 29.4ពាន់លានដុល្លារ។ យោងតាមច្បាប់ស្តីពីថវិកាសម្រាប់ឆ្នាំ2020 ផលិតផលក្នុងស្រុកសរុប(ផសស)សម្រាប់មនុស្សម្នាក់ ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ 1,816ដុល្លារ។
របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាចុងក្រោយដែលចេញផ្សាយដោយធនាគារពិភពលោក បានឱ្យដឹងថា សកម្មភាពរឹងប៉ឹងក្នុងការនាំចេញ និងតម្រូវការក្នុងស្រុកខ្លាំង ជាកត្តាទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាឱ្យនៅរក្សាបានភាពស្វាហាប់ដដែល។ ប៉ុន្តែកំណើនជាក់ស្តែងរបស់សេដ្ឋកិច្ច ត្រូវបានរំពឹងទុកថានឹងថមថយល្បឿនមកនៅត្រឹម 7% ក្នុងឆ្នាំ2019 ចុះពី 7.5%ក្នុងឆ្នាំ2018។
របាយការណ៍នោះនិយាយថា ការនាំចេញសម្លៀកបំពាក់ និងស្បែកជើងដែលមានប្រមាណ 70% នៃការនាំចេញទំនិញសរុបបានកើនឡើង 17.7%ក្នុងឆ្នាំ2018 ប៉ុន្តែបានធ្លាក់ចុះបន្តិចដល់15.3% នៅខែមិថុនា ឆ្នាំ2019។ ការនាំចេញស្បែកជើងបានកើនឡើងដល់ 20%នៅខែមិថុនា ឆ្នាំ2019។ បើប្រៀបធៀបជាមួយ 19.2%ក្នុងឆ្នាំ2018 ។
ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងក្រៅប្រទេសថ្មីៗនេះអាជ្ញាធរកម្ពុជាបានដាក់ចេញនូវវិធានការមួយចំនួន សំដៅជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មដោយបន្ទាបថ្លៃចំណាយលើការដឹកជញ្ជូន កាត់បន្ថយការិយាធិបតេយ្យ និងជួយដល់ធុរកិច្ច និងកាត់បន្ថយថ្ងៃឈប់សម្រាកផ្លូវការចំនួន 6ថ្ងៃនៅក្នុងឆ្នាំ2020 ខាងមុខ។ បន្ថែមលើនេះ រដ្ឋាភិបាលនឹងមានវិធានការកញ្ចប់ហិរញ្ញវត្ថុធំគួរសមមួយសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចដោយប្រើប្រាក់សន្សំរបស់រដ្ឋ នឹងអាចត្រូវដាក់ចេញនៅក្នុងឆ្នាំ2020 ដើម្បីជួយសម្រាលផលប៉ះពាល់អវិជ្ជមានដែលបណ្តាលមកពីការដក EBA ប្រសិនបើវានឹងកើតឡើងមែន។
របាយការណ៍នេះ ក៏បានគូសបញ្ជាក់ផងដែរថា ការចូលរួមរបស់កម្ពុជានៅក្នុងសេដ្ឋកិច្ចសាកល្បង តាមរយៈខ្សែចង្វាក់តម្លៃសកល (GVCs) មានសម្ទុះលឿនជាងប្រទេសប្រហាក់ប្រហែលគ្នា ផ្សេងៗទៀត ទោះបីជាការចូលរួមនោះចាប់ផ្តើមពីមូលដ្ឋានទាបក៏ដោយ។ ការហូរចូលនៃទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ភាពសម្បូរនៃពលកម្មមានជំនាញទាប និងពលកម្មមានប្រាក់ឈ្នួលទាប និងលទ្ធភាពទទួលបានភាពអនុគ្រោះនាំទំនិញចេញទៅកាន់ទីផ្សារធំៗសុទ្ធតែជាកត្តានៅពីក្រោយការជំរុញសមាហរណកម្មយ៉ាងលឿនរបស់កម្ពុជាចូលទៅក្នុងខ្សែចង្វាក់តម្លៃសកលនៅតាម ផ្នែកផលិតកម្មមួយចំនួន។
លោកស្រី អុិនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖“ដើម្បីឈានឡើងទៅកាន់ដំណាក់កាលមួយទៀតនៃការចូលរួមក្នុងខ្សែចង្វាក់តម្លៃសកលបាន ប្រទេសកម្ពុជាចាំបាច់ត្រូវតែមានល្បាយគោលនយោបាយកាន់តែទំនើបជឿនលឿនច្រើនថែមទៀត។ ក្នុងនោះរួមមាន ការពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងធ្វើវាឱ្យកាន់តែស៊ីជម្រៅ ការបន្ទាបរបារពាណិជ្ជកម្មសម្រាប់ទំនិញនាំចូល ការបន្តធ្វើការកែលម្អគុណភាពវិស័យអប់រំ និងជំនាញរបស់កម្លាំងពលកម្ម និងការចាប់យកសេដ្ឋកិច្ចឌីជីថល ដើម្បីជួយបណ្តាក្រុមហ៊ុនឱ្យធ្វើសមាហរណកម្មខ្លួនទៅក្នុងខ្សែចង្វាក់តម្លៃសកល”។
លោកស្រីបានស្នើថា គោលនយោបាយខិតជិត និងគ្រប់គ្រងហានិភ័យដែលកំពុងកើនឡើងគឺជាការជំរុញសារពើពន្ធដែលបានរៀបចំឡើងយ៉ាងល្អ ដែលត្រូវបានផ្តល់ហិរញ្ញប្បទានដោយការសន្សំរបស់រដ្ឋាភិបាល។
លោកស្រីមានប្រសាសន៍ថា ដូចគ្នានេះផងដែរ រដ្ឋាភិបាលគួរតែបន្តធ្វើឱ្យប្រសើរឡើងនូវការ ប្រកួតប្រជែងពីខាងក្រៅ ដោយជួយសម្រួលដល់ការវិនិយោគ និងពាណិជ្ជកម្ម និងបង្កើនភាពងាយ ស្រួលក្នុងការធ្វើជំនួញ ទន្ទឹមនឹងជំរុញការចូលរួមរបស់ប្រទេសកម្ពុជាក្នុងខ្សែចង្វាក់តម្លៃក្នុងតំបន់ និងពិភពលោកនិងអនុវត្តសេដ្ឋកិច្ចម៉ាក្រូប្រកបដោយការប្រុងប្រយ័ត្ន៕