ផ្អើលអស់កណ្ដាលក្រុងភ្នំពេញនៅយប់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៩ ក្នុងបរិវេណរោងភាពយន្ដលីជេនអេដែន បានរៀបចំពិធីសម្ពោធភាពយន្ដ« កុំងាកក្រោយ » ដែលជាភាពយន្ដខ្នាតធំទី ២ របស់ផលិតកម្ម Galaxy Navatra ក្រោមអធឹបតីភាពលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា និងភរិយា ជាម្ចាស់ផលិតកម្ម។ កម្មវិធីទាំងស្រុងពិតជាមានភាពកក្រើកខ្លាំងមែនទែន ខណៈគេបានឃើញអ្នកគាំទ្រមកចូលរួមទស្សនាជាច្រើនរយនាក់ និងតារាល្បីៗប្រចាំផលិតកម្ម Galaxy ដូចជា កញ្ញា តន់ ច័ន្ទសីម៉ា កញ្ញា អ៊ុក សុវណ្ណារី និងប្អូនប្រុស ធឿន បុរី ព្រមទាំងវត្តមានតារាសម្ដែងល្បីៗជាច្រើនដួងទៀត។
កញ្ញា តន់ ច័ន្ទសីម៉ា តារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra បានអះអាងថា ភាពយន្ដមួយនេះពិតជាកំប្លែងខណៈបានទស្សនាហើយ និងបានផ្ដល់តម្លៃអប់រំទៅកាន់មហាជនគ្រប់រូប។ ម្ចាស់បទ «គេនោះជាស្រីកាប់ដាវ » រូបនេះបានបន្តថា មិនទាន់បានទស្សនារឿងទាំងមូល អ្នកអស់គ្នាប្រាកដជាគិតថា ភាពយន្ដនេះជារឿងបែបភ័យរន្ធត់ ១០០ ភាគរយ តែផ្ទុយទៅវិញ រឿងគឺកំប្លែងស្ងួតសើចតាំងពីដើមដល់ចប់ ជាពិសេសគឺតួអង្គបងប្រុស ភីម៉ៃ ជាតារាសម្ដែងពូកែកំប្លែង។
យ៉ាងណាមិញ នឧកញ៉ា ឡេង ណាវ៉ាត់ត្រា ក៏បានអះអាងដែរថា «កុំងាកក្រោយ» ត្រូវបានផលិតជិតរយៈពេលកន្លះឆ្នាំ ទម្រាំបានបញ្ចាំង ដោយលោកឧកញ៉ា រំពឹងយ៉ាងខ្លាំងថា ភាពយន្តនេះ នឹងទទួលបានភាពជោគជ័យ និងមានការគាំទ្រច្រើន ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ពីព្រោះសម្អាងថា ជារឿងដែលមានរូបភាពភ្លឺច្បាស់ល្អ សម្លេងស្ដង់ដា និងមានគុណភាពពេញលក្ខណៈជាភាពយន្ត និងមានឈុតឆាកភ័យរន្ធត់តាំងពីដើមរហូតដល់ចប់ គឺទាក់ចិត្តតែម្តង។ លោកឧកញ៉ាវ័យក្មេងរូបនេះ បានឲ្យដឹងទៀតថា នៅក្នុងឆ្នាំ២០២០ខាងមុខនេះ ផលិតកម្មរបស់លោក និងត្រៀមរៀបចំដើម្បីផលិតនូវរឿងថ្មីៗទៀតជាច្រើន ដើម្បីបំពេញតាមសេចក្ដីត្រូវការ របស់ប្រិយមិត្ត។ លោកបានបន្ថែមថា រឿងទាំងពីររបស់ផលិតកម្ម លោកផលិតកន្លងមកនេះ គ្រាន់តែជាការឆាប់ផ្ដើមដំបូងប៉ុណ្ណោះ។ លោកឧកញ៉ាបន្ដថា លោកមានមហិច្ឆតាធំ ដោយចង់ផលិតរឿងជាច្រើនទៀតដើម្បីបង្ហាញពីគុណភាព និងស្នាដៃរបស់កូនខ្មែរ ដើម្បីយកទៅប្រកួតប្រជែងនៅលើទីផ្សារអន្ដរជាតិទៀតផង។ ហើយ រឿង «កុំងាកក្រោយ» នេះបានចំណាយថវិការអស់ប្រមាណជា ៦ ម៉ឺនទៅ ៨ម៉ឺនដុល្លារ ផងដែរ៕