ក្រុមហ៊ុន ZTE របស់ប្រទេសចិន បានបង្ហាញព័ត៌មានថ្មីៗជាផ្លូវការមួយ ជុំវិញស្មាតហ្វូន Axon 10s Pro មានប្រើប្រាស់ប្រព័ន្ធ 5G និងបន្ទះឈីបជំនាន់ចុងក្រោយ Qualcommn Snapdragon 865។
ការដាក់លក់នឹងធ្វើឡើងនៅអំឡុងដើមឆ្នាំ2020 ខាងមុខជាមួយតម្លៃប្រហែល 3,000 យន់ ឬខ្ទង់ 450ដុល្លារ។
ស្មាតហ្វូន Axon 10s Pro មានដំណើរការប្រព័ន្ធ 5G អ្នកប្រើប្រាស់អាចធ្វើការកំណត់ឱ្យបិទ-បើកបាន ផ្អែកទៅតាមតំបន់ដែលគាំទ្រប្រព័ន្ធ 5G ថ្មីនេះ ឬចុះមក 4G LTE វិញបានដោយស្វ័យប្រវតិ្ត។
ចំណុចខ្លាំងមួយទៀតរបស់ស្មាតហ្វូនស៊េរីនេះ គឺទាក់ទិននឹងកម្រាស់ខ្លួន គឺមានត្រឹម 7.9មីល្លីម៉ែត្រប៉ុណ្ណោះ ជាស្មាតហ្វូន 5G ស្តើងបំផុតនៅលើទីផ្សារបច្ចុប្បន្ន ខណៈទម្ងន់ខ្លួនស្រាលបំផុតត្រឹម 175ក្រាម៕
ZTE ជំនាន់ចុងក្រោយនេះ មាន RAM ប្រភេទ LPDDR5 ជាមួយមុខងារ Z-Booster 2.0 ដែលជួយពន្លឿនល្បឿនស្មាតហ្វូនតាមរយៈ App-Booster និង System-Booster បន្ថែមនឹងផ្ទៃកម្មវិធី MiFavor 10 OS ស្របជាមួយប្រព័ន្ធ Android 10៕