តាំងពីពេលប្រសូតចេញមកភ្លាមរហូតដល់មានវ័យ 1ខួបដំបូង អ្នកម្ដាយគ្រប់រូបប្រហែលជាស្ទើរតែមិនចង់ឱ្យកូនតូចជាទីស្រឡាញ់របស់ខ្លួន របូតផុតពីខ្សែភ្នែកសូម្បីតែ 1វិនាទីណាឡើយ ព្រោះក្នុងអំឡុងពេលនោះ កូននឹងមានការផ្លាស់ប្តូរខាងវិវឌ្ឍនាការយ៉ាងលឿន ដែលយើងនាំគ្នាហៅថា 5ដំណាក់កាលសំខាន់ហ្នឹងឯង។ ចង់ដឹងថា តើកូនតូចមានការផ្លាស់ប្តូរអ្វីខ្លះក្នុងដំណាក់កាលនីមួយៗ និងតើអ្នកម្ដាយអាចជួយកូនតូចបានយ៉ាងណាខ្លះនោះ សូមតាមដានដូចតទៅ៖
1. ចេញផុតពីផ្ទៃម្ដាយ
ជាដំណាក់កាលផ្លាស់ប្តូរដ៏សំខាន់មួយរបស់ទារកដែលនឹងត្រូវចេញពីគភ៌របស់អ្នកម្តាយ មករកបរិស្ថាន និងធាតុអាកាសដែលស្រឡះ និងធំទូលាយ ធ្វើឱ្យកូនតូចមានអារម្មណ៍ភិតភ័យ ដូច្នេះហើយទើបពេលនោះ ទារកត្រូវការរង្វង់ដៃឱបដ៏សែនកក់ក្តៅជាខ្លាំង។អ្នកម្ដាយអាចជួយបាន : ដោយការបីឱបកូនឱ្យបានលឿនជាទីបំផុតបន្ទាប់ពីប្រសូតរួចហើយភ្លាម ដើម្បីឱ្យកូនបានប៉ះនឹងសាច់ដ៏កក់ក្តៅរបស់ទ្រូងម្តាយ និងការពារឱ្យកូនជាទីស្រ-ឡាញ់មានអារម្មណ៍កក់ក្តៅ។
2. ស្រែកយំ
គឺជាដំណាក់កាលដែលកូនតូចកំពុងតែរិះរកចង្វាក់ក្នុងការសម្របខ្លួនឱ្យត្រូវនឹងបរិយាកាសនៃពិភពខាងក្រៅនេះ និងអាចមានមូលហេតុច្រើនយ៉ាងទៀត ទើបកូនតូចគិតតែពីយំយ៉ាងខ្លាំងនៅពេលព្រលប់ៗ។អ្នកម្ដាយអាចជួយបាន : សូមអ្នកម្ដាយថ្មោងថ្មីកុំភ័យអី ព្រោះគ្រប់ទារកទាំងអស់ ត្រូវតែឆ្លងកាត់វិវឌ្ឍនាការត្រង់ដំណាក់កាលនេះដូចគ្នាទាំងអស់។ អ្នកម្តាយគួរតែធ្វើអារម្មណ៍ឱ្យស្ងប់ ទ្រាំ និងតាំងស្មារតី ធ្វើចិត្តឱ្យត្រជាក់។ បីកូននៅក្នុងរង្វង់ដៃ ព្រមទាំងបំពេរលួងលោមកូន។
3. រៀនយល់ដឹង
គឺជាដំណាក់កាលដែលទារកកំពុងសម្របសម្រួលខ្លួនឱ្យត្រូវនឹងពិភពខាងក្រៅឱ្យបាន។ បន្ទាប់ពីអាយុគ្រប់3ខែពេញ និងពេលសម្របខ្លួនបានហើយ កូនតូចនឹងចាប់ផ្តើមយកចិត្តទុកដាក់ចំពោះអ្វីៗដែលនៅជុំវិញខ្លួន ដើម្បីឱ្យខួរក្បាលកើតការរៀនយល់ដឹងឱ្យបានច្រើនបំផុត។អ្នកម្ដាយអាចជួយបាន : បើកឱកាសឱ្យកូនតូចបានសិក្សា រៀនយល់ដឹងពីអ្វីៗផ្សេងៗ បើសិនជាមើលទៅហើយគ្មានឃើញអ្វីដែលបង្កឱ្យមានគ្រោះថ្នាក់ទេនោះ ក៏គួរបណ្តោយកូនឱ្យធ្វើ(ឬលេង)ចុះ គ្រាន់តែរៀបចំស្ថានភាពជុំវិញខ្លួននៅក្នុងផ្ទះឱ្យមានសុវត្ថិភាពទៅបានហើយ។
4. អាហារការហូបចុក
ជាដំណាក់កាលដែលកូនតូចចាប់ផ្តើមចាប់អារម្មណ៍រឿងចំណីអាហារការហូបចុកហើយ។ ពេលឈានចូលដល់ចន្លោះវ័យ8ខែឡើងទៅ កូនតូចនឹងចាប់ផ្តើមធ្វើតម្រាប់តាមទង្វើរបស់អ្នកនៅក្នុងផ្ទះទាំងអស់ ដើម្បីរៀនយល់ដឹង និងស្គាល់ពីចំណីអាហារផ្សេងៗ។អ្នកម្ដាយអាចជួយបាន : ចូរកុំសម្លុត ឬស្ដីបន្ទោសកូនពេលកូនប្រឡូកលេងនឹងអាហារ តែអ្នកម្ដាយគួរពាក់ក្រណាត់អៀមការពារប្រឡាក់ឱ្យកូន និងក្រាលតុដោយកម្រាលប្លាស្ទិក ដើម្បីងាយស្រួលជូតសម្អាតវិញ ប្រសើរជាងការសម្លុតកូន។
5. ចេះនិយាយថាទេ
គឺជាដំណាក់កាលដែលកូនតូចចាប់ផ្តើមចេះបដិសេធ តាមរយៈការគ្រវីក្បាល ឬនិយាយថា “ទេ” ជាពិសេសការបដិសេធមិនព្រមញ៉ាំអាហារ ហើយបើរឹតតែបង្ខំផងនោះ នឹងរឹតតែមិនញ៉ាំទៅទៀត។អ្នកម្ដាយអាចជួយបាន : កុំបង្ខំកូនរឿងញ៉ាំអាហារ។ វិធីដែលល្អគឺ ត្រៀមចំណីអាហារទុកឱ្យកូនជ្រើសរើសញ៉ាំឱ្យបានច្រើនយ៉ាង ដើម្បីកូននឹងបានជ្រើសរើសញ៉ាំបានតាមចំណង់ចំណូលចិត្ត រួចហើយកូននឹងញ៉ាំបានច្រើន និងមិនរករឿងច្រើនទៀតផង៕