កម្ពុជា ជាប្រទេសដែលមានប្រជាជនភាគច្រើនជាកសិករ ខណៈផ្ទៃដីទំនេរសម្រាប់ធ្វើកសិកម្មមានចំនួនច្រើននៅពាសពេញផ្ទៃប្រទេស។ បើផ្អែកលើស្ថានភាពនេះ ប្រជាជនគួរតែសម្បូរហូរហៀរទៅដោយភោគផលកសិកម្ម តែអ្វីដែលជាឧបសគ្គគឺ ប្រជាជនមិនទាន់មានចំណេះដឹងគ្រប់គ្រាន់ដើម្បីប្រើប្រាស់ដីឱ្យអស់លទ្ធភាពនៅឡើយ។
កញ្ញា ម៉េង ស្រីលីន សហស្ថាបនិកកម្មវិធី Smart Farm Assistance ដែលជាកម្មវិធីគ្រប់គ្រងប្រព័ន្ធទឹកក្នុងកសិដ្ឋានតាមបច្ចេកវិទ្យា បានលើកឡើងថា កសិករគួរចាប់ផ្តើមបង្វែរការធ្វើកសិកម្មតាមបែបប្រពៃណីទាំងស្រុង មកប្រើប្រាស់បច្ចេកវិទ្យាមួយចំនួនដែលបង្កើតឡើងដោយអ្នកជំនាញដែលជាប្រជាជនខ្មែរយើងវិញ។
ផលប្រយោជន៍សំខាន់ដែលអាចធ្វើឱ្យគាត់មានភាពងាយស្រួល និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនោះ គឺដោយសារតែក្រុមដែលបង្កើតកម្មវិធីបច្ចេកវិទ្យានៅក្នុងស្រុក គឺរៀបចំឡើងដើម្បីដោះស្រាយបញ្ហាប្រឈមផ្ទាល់នៅក្នុងមូលដ្ឋាន ឬនៅក្នុងតំបន់នានាក្នុងប្រទេស។ ហេតុនេះគម្រោងទាំងអស់នោះ អាចនឹងមានភាពសុីចង្វាក់គ្នាល្អជាមួយនឹងស្ថានភាពជាក់ស្តែងនៅក្នុងប្រទេស។ ពាក់ព័ន្ធនឹងតម្លៃ ក៏ជាចំណុចមួយគួរពិចារណាផងដែរ ព្រោះគម្រោងនានាដែលធ្វើឡើងនៅក្នុងប្រទេស គឺរៀបចំដើម្បីឆ្លើយតបជាមួយនឹងកសិករ ឬអ្នកដែលមានបំណងចង់ប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយដល់កសិកម្មនៅក្នុងស្រុក ហេតុនេះរាល់គម្រោងគឺគណនាធ្វើយ៉ាងណាដើម្បីឱ្យកសិករអាចមានលទ្ធភាពប្រើប្រាស់បាន។
កញ្ញា ម៉េង ស្រីលីន បាននិយាយថា៖ «កសិករ ឬអ្នកដែលចង់ប្រើប្រាស់បច្ចេកវិទ្យាកសិកម្ម កុំមានការបារម្ភថា វាជារឿងលំបាក។ តាមពិតទៅ វាមិនលំបាកយល់ ឬលំបាកប្រើប្រាស់នោះទេ។ ប្រជាជនយើងម្នាក់ៗសុទ្ធតែមានប្រើប្រាស់ទូរស័ព្ទដៃឆ្លាតវៃ ហើយកម្មវិធីខ្លះ ប្រើត្រឹមតែ SMS តែប៉ុណ្ណោះ ហេតុនេះវាអាចនឹងងាយជាងកម្មវិធីបណ្តាញសង្គមមួយចំនួនផង»។
អ្នកជំនាញបច្ចេកវិទ្យាខាងលើបានបន្ថែមទៀតថា ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់វិស័យកសិកម្ម ជាការវិនិយោគដ៏ឆ្លាតវៃមួយ ព្រោះវានឹងធ្វើឱ្យកសិករចំណាយច្រើនតែម្តង តែទទួលបានចំណូលច្រើនជាងមុន សន្សំសំចៃច្រើនជាងមុន និងអាចធ្វើឱ្យគាត់មានភាពងាយស្រួលច្រើនជាងមុន។ ការចំណាយដែលកសិករត្រូវធ្វើ គឺចំណាយលើការដំឡើងឧបករណ៍ តែឧបករណ៍ដែលដំឡើងនោះ គាត់អាចប្រើប្រាស់បានយូរឆ្នាំ។ ក្រៅពីនេះ គាត់ទទួលបានផលចំណេញយ៉ាងច្រើនមកវិញ ដូចជាគាត់ចំណេញថ្លៃពលកម្ម ព្រោះកាលណាគាត់ប្រើប្រាស់បច្ចេកវិទ្យា គាត់មិនចាំបាច់ប្រើប្រាស់មនុស្សច្រើនដើម្បីគ្រប់គ្រងកសិដ្ឋានរបស់គាត់ទៀតនោះទេ។ ក្រៅពីនេះ គាត់អាចនឹងចំណេញធនធានផ្សេងៗបន្ថែមទៀត ដូចជាចំណេញឥន្ធនៈសម្រាប់បូមទឹក និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព។ ជាក់ស្តែង ប្រសិនបើគាត់ប្រើប្រាស់បច្ចេកវិទ្យាដើម្បីគ្រប់គ្រងទឹកក្នុងកសិដ្ឋាន គាត់នឹងមិនបាច់បារម្ភថា ប្រើប្រាស់ទឹកលើសកម្រិតឥតប្រយោជន៍នោះទេ ព្រោះនៅពេលមានទឹកគ្រប់គ្រង ប្រព័ន្ធនឹងបង្ហាញសញ្ញាឱ្យបិទ ឬបើកបានពីចម្ងាយតាមរយៈទូរស័ព្ទដៃភ្លាម។
បង្ហាញលើចំណុចស្រដៀងគ្នានេះដែរ លោក ស្វែងឌី សិទ្ធីផន សហស្ថាបនិកកម្មវិធីបច្ចេកវិទ្យាគ្រប់គ្រងសំណើមសម្រាប់ការចិញ្ចឹមចង្រិត បានលើកឡើងថា កសិករគួរចាប់ផ្តើមសិក្សា និងស្វែងយល់ពីបច្ចេកវិទ្យាមួយចំនួនដែលត្រូវបានគេអភិវឌ្ឍឡើងដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើកសិកម្ម ឬចិញ្ចឹមសត្វជាដើម។ សម្រាប់អ្នកគ្មានដីកសិកម្មធំៗ ក៏អាចប្រើប្រាស់បច្ចេកវិទ្យាដើម្បីប្រើប្រាស់លើទីតាំងតូចៗរបស់គាត់ឱ្យមានប្រសិទ្ធភាពខ្ពស់បានផងដែរ ដូចជាការចិញ្ចឹមចង្រិត ឬការធ្វើកសិដ្ឋានខ្នាតតូចជាដើម។ ការធ្វើបែបនេះ នឹងធ្វើឱ្យគាត់មានលទ្ធភាពក្នុងការអភិវឌ្ឍជីវភាពបានល្អផង និងបង្កើនទិន្នផលកសិកម្មសម្រាប់ចែកចាយក្នុងទីផ្សារស្រុកផង។ លោក ស្វែងឌី សិទ្ធីផន បាននិយាយថា៖ «នៅពេលយើងចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យា មានន័យថា យើងបានចាប់ផ្តើមឈានជើងបន្តិចម្តងៗទៅរកការអភិវឌ្ឍសម្រាប់ការប្រកួតប្រជែង។ ជាក់ស្តែង នៅបណ្តាប្រទេសនានា គេប្រើប្រាស់បច្ចេកវិទ្យាទំនើបៗទៅបាន ក៏ដោយសារតែគេចាប់ផ្តើមពីបច្ចេកវិទ្យាងាយៗទៅសិនដែរ»។
អ្នកជំនាញខាងលើបានបញ្ជាក់ផងដែរថា ប្រទេសយើងមានដី មានភោគផលច្រើន តែយើងខ្វះបច្ចេកវិទ្យាដើម្បីកែច្នៃទិន្នផលកសិកម្មរបស់យើងឱ្យមានការរីកចម្រើន។ បន្ថែមពីលើនេះ កសិករមួយចំនួនក៏មិនបានព្យាយាមក្នុងការស្វែងយល់ ឬសាកល្បងអ្វីដែលថ្មីដែរ។ ហេតុនេះប្រសិនបើគាត់ចាប់ផ្តើមសាកល្បងប្រើប្រាស់បច្ចេកវិទ្យាក្នុងការធ្វើកសិកម្ម គាត់នឹងមើលឃើញថា តាមពិតវាមិនលំបាកនោះទេ ហើយវាងាយស្រួលជាងអ្វីដែលគាត់ធ្លាប់ធ្វើកន្លងមកទៀតផង។ បន្ថែមពីលើនេះ ចំនួនទិន្នផលដែលគាត់ទទួលបានអាចនឹងមានកំណើនល្អជាងមុន ព្រោះតាមរយៈបច្ចេកវិទ្យាគាត់អាចគ្រប់គ្រងបាននូវរាល់ព័ត៌មាន និងកត្តាប្រឈមនានាដែលពាក់ព័ន្ធនឹងកសិដ្ឋានរបស់គាត់។ ហេតុនេះនៅពេលគាត់ដឹងច្បាស់ពីបញ្ហា គាត់នឹងអាចងាយស្រួលក្នុងការដោះស្រាយប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលធ្វើឱ្យទិន្នផលក៏មានការកើនឡើងទៅតាមនោះដែរ។
គួរបញ្ចាក់ថា បច្ចុប្បន្ននេះ និស្សិត និងអ្នកជំនាញថ្មីៗមួយចំនួន បានចាប់ផ្តើមព្យាយាមស្វែងយល់ពីបញ្ហាប្រឈមនានាលើវិស័យកសិកម្ម និងវិស័យផ្សេងៗទៀត ដើម្បីយកបញ្ហាទាំងអស់នោះមកដោះស្រាយដោយប្រើប្រាស់នវានុវត្តន៍ថ្មីៗ។ ការគាំទ្រដល់គម្រោងបច្ចេកវិទ្យា និងនវានុវត្តន៍របស់យុវជនជំនាន់ថ្មី គឺជាការចូលរួមចំណែកអភិវឌ្ឍ ឬជំរុញកំណើននៃទំនើបកម្ម ក៏ដូចជាផលិតកម្មនៅក្នុងស្រុកឱ្យមានការកើនឡើងដូចប្រទេសជិតខាងដែរ។ ប្រសិនបើយើងមានផលិតករច្រើន ដែលអាចមានសមត្ថភាពបង្កើតផលិតផលថ្មីៗដោយខ្លួនឯង ហើយឆ្លើយតបជាមួយនឹងតម្រូវការរបស់ប្រជាជនកាន់តែច្រើន នោះយើងនឹងទទួលបានផលចំណេញសម្រាប់ប្រទេសទាំងមូល៕