ភ្នំពេញៈ វិស័យឯកជនផ្នែកទេសចរណ៍បានលើកឡើងថា ការចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់ប្រាសាទសំបូរព្រៃគុកនឹងធ្វើឲ្យប្រាសាទនេះរឹតតែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនាប្រាសាទនេះកាន់តែច្រើន។
លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី10 កក្កដានេះថា ការចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ នឹងធ្វើឲ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ ពិសេសភ្ញៀវទេសចរអឺរ៉ុបនឹងទៅទស្សនាប្រាសាទសំបូរព្រៃគុកកាន់តែច្រើន ហើយនឹងជាការបង្ហាញជូនភ្ញៀវទេសចរថា កម្ពុជាមិនត្រឹមតែមានប្រាសាទអង្គរវត្តប៉ុណ្ណោះទេ តែកម្ពុជានៅមានប្រាសាទជាច្រើនទៀតដែលទាក់ទាញ។
លោកស្រីបន្តថា ពីមុនមកប្រាសាទសំបូរព្រៃគុកមិនត្រូវបានដាក់បញ្ចូលក្នុងកញ្ចប់ទេសចរណ៍រយៈពេលខ្លីទេ គឺទាល់តែភ្ញៀវមកស្នាក់នៅកម្ពុជាចាប់ពី4យប់ឡើងទៅ ទើបការីទេសចរណ៍ដាក់ប្រាសាទនេះចូលក្នុងខ្សែទស្សនកិច្ចរបស់ខ្លួន ដោយសារតែភ្ញៀវខ្លះមិនយល់ មិនដឹងពីរតនសម្បត្តិរបស់កម្ពុជា ប៉ុន្តែនៅពេលប្រាសាទសំបូរព្រៃគុកបានចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកហើយនោះ នឹងរឹតតែធ្វើឲ្យភ្ញៀវទេសចរអន្តរជាតិចាប់អារម្មណ៍ ចង់ដឹង ចង់ឃើញ ចង់ជ្រួតជ្រាបសិក្សាស្វែងយល់កាន់តែច្រើនឡើងមិនខាន។
ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា និងជានាយកក្រុមហ៊ុនទេសចរណ៍ World Express Tours& Travel លោក ហូ វណ្ឌី បានថ្លែងថា បន្ទាប់ពីរយៈពេល9ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចមក កម្ពុជាបានដាក់ប្រាសាទសំបូរព្រៃគុកជាសម្បតិ្តបេតិកភណ្ឌពិភពលោកមួយទៀត ដែលធ្វើឲ្យកម្ពុជាកាន់តែមានភាពល្បីល្បាញលើផ្នែកទេសចរណ៍ប្រាង្គប្រាសាទ ដែលប្រាសាទនេះបានបន្សល់ទុកតាំងពីសតវត្សរ៍ទី7 មកម្ល៉េះ។ ពិតជាវិសេសវិសាលណាស់!។
លោកបន្តថា “ចំនួនភ្ញៀវទេសចរអន្តរជាតិនឹងមកទស្សនាប្រាសាទនេះកាន់តែច្រើនបន្ទាប់ពីដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ប៉ុន្តែការទទួលបានភ្ញៀវច្រើន ឬតិច វាអាស្រ័យលើការីទេសចរណ៍ជាតិ និងអន្តរជាតិមានឆន្ទៈជួយជ្រោមជ្រែងផងដែរ”។ លោកបន្តថា “ពីមុនមកមានភ្ញៀវអឺរ៉ុបចាប់អារម្មណ៍ប្រាសាទនេះច្រើនដែរ ហើយយើងក៏បានដាក់ប្រាសាទនេះចូលក្នុងកញ្ចប់ទស្សនកិច្ចភ្ជាប់ជាមួយប្រាសាទកោះកេរ្តិ៍ មុនបន្តទៅកាន់ក្រុងសៀមរាប”។
លោកហូ វណ្ឌី បានបន្តថា ពីមុនមកការឈប់សំចតនៅក្រុងស្ទឹងសែនមិនសូវមាននោះទេ ព្រោះខេត្តនេះគ្រាន់តែជាតំបន់ឆ្លងកាត់ប៉ុណ្ណោះ ប៉ុន្តែប្រសិនជាអាជ្ញាធរខេត្ត មន្ទីរទេសចរណ៍រៀបចំខេត្តឲ្យមានភាពទាក់ទាញ មានភាពស្រស់ស្អាត មានអនាម័យ ពិសេសរៀបចំភោជនីយដ្ឋាន និងទូកជិះកម្សាន្តនៅតាមដងស្ទឹងសែននោះ លោកជឿថា ភ្ញៀវទេសចរអាចនឹងសម្រាកលម្ហែនៅក្នុងខេត្តនេះ ហើយវានឹងផ្តល់ផលចំណូលដោយផ្ទាល់ដល់ប្រជាពលរដ្ឋ និងអាជ្ញាធរខេត្តដោយផ្ទាល់ និងប្រយោលផងដែរ៕