របបអាហារសម្រាប់កុមារ ជាផ្នែកមួយយ៉ាងសំខាន់ដែលពិភពលោកកំពុងយកចិត្តទុកដាក់ មិនថាតែក្នុងប្រទេសដែលអភិវឌ្ឍន៍ហើយ ឬប្រទេសដែលកំពុងអភិវឌ្ឍន៍នោះទេ។ ការគិតគូរពីរបបអាហារសម្រាប់ទ្រទ្រង់សុខភាពកុមារ គឺជាចំណុចចម្បងដែលត្រូវយកចិត្តទុកដាក់ ព្រោះប្រសិនបើកុមារមានរាងកាយ និងសុខភាពទន់ខ្សោយ អនាគតធនធានមនុស្សនៅក្នុងសង្គម ឬក្នុងប្រទេសមួយនោះ នឹងជួបបញ្ហាជាមិនខាន។
តាមការបញ្ជាក់របស់អង្គការវេទិកាសេដ្ឋកិច្ចពិភពលោក បានឱ្យដឹងថា សិស្សសាលានៅប្រទេសជប៉ុន ត្រូវបានគេគិតគូរយ៉ាងល្អិតល្អន់ និងបានក្លាយទៅជាគម្រោងដ៏មានសារៈសំខាន់ក្នុងប្រព័ន្ធអប់រំ។ គម្រោងគ្រប់គ្រងរបបអាហារ និងសារធាតុចិញ្ចឹម (nutrient) នេះត្រូវបានធ្វើឡើងអស់រយៈពេលជាង 10ឆ្នាំមកហើយនៅប្រទេសជប៉ុន ដោយសារតែប្រទេសនេះយល់ថា ការយកចិត្តទុកដាក់ពីសុខភាពរបស់សិស្ស ជាផ្នែកសំខាន់សម្រាប់ការកសាងអនាគតធនធានមនុស្សនៅក្នុងប្រទេស។ ប្រសិនបើកុមារមានសុខភាពល្អ មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ នោះស្មារតី និងការសិក្សាក៏ទទួលបានលទ្ធផលល្អទៅតាមនោះដែរ។ ហេតុនេះហើយទើបគេសង្កេតឃើញថា ប្រជាជនជប៉ុន ជាច្រើនបានទទួលជោគជ័យក្នុងការសិក្សា និងបានសម្រេចនូវនវានុវត្តន៍ជាច្រើនសម្រាប់ចូលរួមអភិវឌ្ឍន៍សង្គម។
ស្ថាប័នដដែលបានបញ្ជាក់ផងដែរថា នៅប្រទេសជប៉ុន សិស្សានុសិស្សត្រូវបានគេលើកទឹកចិត្តឱ្យចូលរួមរៀបចំអាហារថ្ងៃត្រង់ បម្រើសេវាកម្ម និងសម្អាតក្រោយពេលញ៉ាំអាហាររួចនៅក្នុងសាលារបស់ពួកគេ ទាំងអស់នេះគឺដើម្បីឱ្យសិស្សយល់ដឹងកាន់តែច្រើនពីការធ្វើអនាម័យ និងការគិតគូរខ្ពស់អំពីសុខភាពនៃការរស់នៅ។ បន្ថែមពីលើនេះ សិស្សទាំងអស់ក៏ត្រូវបានគិតគូរ និងយកចិត្តទុកដាក់ដោយការអភិវឌ្ឍមុខម្ហូបណាដែលល្អសម្រាប់សុខភាព ហើយចេញមុខម្ហូបនេះសម្រាប់អនុវត្តនៅគ្រប់សាលាទាំងអស់ទូទាំងប្រទេស។ អ្វីដែលចម្លែកសម្រាប់ប្រទេសជប៉ុន និងខុសពីបណ្តាប្រទេសក្នុងតំបន់នានានោះ គឺដោយសារតែភាពស្អាត និងការទទួលខុសត្រូវបានល្អ។ ការទទួលទានអាហារថ្ងៃត្រង់របស់សិស្ស គឺធ្វើនៅក្នុងថ្នាក់រៀនផ្ទាល់តែម្តង មិនមែនញ៉ាំអាហារក្នុងអាហារដ្ឋាននោះទេ ព្រោះប្រទេសជប៉ុនគិតថា ការញ៉ាំអាហារក៏រាប់ថាជាផ្នែកមួយសំខាន់ក្នុងការអប់រំផងដែរ។
នៅក្នុងសាលារៀននៅប្រទេសជប៉ុន សិស្សទាំងអស់សុទ្ធតែញ៉ាំអាហារដូចៗគ្នា ព្រោះមុខម្ហូបដែលគេចេញឱ្យនោះ គឺមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងល្អសម្រាប់គ្រប់គ្នា។ អាហារទាំងអស់នោះ គឺត្រូវបានថ្លឹងថ្លែងឱ្យមានតុល្យភាពរវាងសាច់ ត្រី និងសារធាតុចិញ្ចឹមពីបន្លែ មិនឱ្យផ្នែកណាមួយលើស ឬខ្វះឡើយ។ ហេតុនេះហើយ ទើបជប៉ុនត្រូវបានគេចាត់ថ្នាក់ថា ជាប្រទេសមួយក្នុងចំណោមប្រទេស OECD ដែលមានអ្នកលើសទម្ងន់តិចជាងគេបំផុត។ យោងតាមការបញ្ជាក់របស់អង្គការ UNICEF បានឱ្យដឹងថា ដោយសារតែរបបអាហារល្អ សិស្សក៏មានស្មារតីល្អ និងអភិវឌ្ឍបានលឿនផងដែរ។ អ្វីដែលជាលក្ខណៈពិសេសរបស់ប្រជាជន ឬសិស្សជប៉ុននោះ គឺមនុស្សម្នាក់ៗមានទំហំរូបរាង(មាឌ)ប្រហាក់ប្រហែលគ្នា និងយកចិត្តទុកដាក់ចំពោះសុខភាពដូចៗគ្នា។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រទេសអភិវឌ្ឍន៍មួយចំនួនក៏កំពុងរៀបចំយុទ្ធនាការផ្សព្វផ្សាយពីផលប៉ះពាល់នៃរបបអាហារផងដែរក្នុងស្ថាប័នអប់រំ ជាពិសេសបណ្ដាប្រទេសនៅក្នុងទ្វីបអឺរ៉ុប និងអាមេរិក។ អាហារប្រពៃណីមួយចំនួន និងអាហារលឿនៗ (fast food) រួមទាំងភេសជ្ជៈ និងបង្អែមបានក្លាយជាចំណូលចិត្ត ឬធ្វើឱ្យកុមារញៀននឹងការញ៉ាំអាហារទាំងអស់នោះ។ វាជាបញ្ហាប្រឈមមួយដែលធ្វើឱ្យក្មេងនៅក្នុងតំបន់មួយចំនួនមានអាការធាត់ជ្រុល បាត់បង់សម្បទាក្នុងការលេងកីឡា និងមិនអាចអភិវឌ្ឍការគិតបានល្អ បើទោះបីជាប្រទេសទាំងអស់នោះជាប្រទេសដែលមានវិស័យសុខាភិបាលជឿនលឿនក៏ដោយ។
បន្ថែមពីលើនេះ ពួកគេក៏ចាប់ផ្តើមបង្កើនការយកចិត្តទុកដាក់ខ្លាំងឡើងលើកុមារតូចៗនៅក្នុងសាលាដោយការបញ្ចូលពីការអប់រំផ្នែកអាហារទៅក្នុងប្រព័ន្ធអប់រំ។ នៅតាមតំបន់ខ្លះគេជឿជាក់ថា ការអភិវឌ្ឍលឿនផ្នែកវិទ្យាសាស្ត្រនឹងធ្វើឱ្យមនុស្សធ្វើពលកម្មកាន់តែតិចទៅ ស្របពេលដែលរបបអាហារកាន់តែបង្កគ្រោះថ្នាក់ខ្លាំងឡើងសម្រាប់មនុស្ស។
បញ្ហានេះនឹងធ្វើឱ្យរដ្ឋាភិបាលនៃប្រទេសនីមួយៗត្រូវចំណាយច្រើនលើការចេញថ្លៃព្យាបាល និងខាតបង់ផលិតភាពការងារនៅពេលពួកគេមានបញ្ហាសុខភាព ដែលធ្វើឱ្យមានផលប៉ះពាល់ទៅលើផ្នែកផ្សេងៗទៀតនៅក្នុងសង្គម។ ហេតុនេះហើយទើបការអប់រំពីបញ្ហាសុខភាព និងអាហារនៅតាមសាលារៀនជាយន្តការដ៏សំខាន់មួយដែលគ្រប់ប្រទេសទាំងអស់កំពុងយកចិត្តទុកដាក់៕