កម្មវិធី Technovation Cambodia ដែលជាកម្មវិធីផ្តល់ឱកាសឱ្យយុវតីវ័យក្មេងកម្ពុជាបានសិក្សាកសាងសមត្ថភាព និងប្រកួតប្រជែងសមត្ថភាពផ្នែកបច្ចេកវិទ្យា បានចាប់ផ្តើមបើកឱ្យបេក្ខជនចុះឈ្មោះសាជាថ្មីហើយសម្រាប់ឆ្នាំ2020 ខាងមុខនេះ។
បេក្ខជនអាចចុះឈ្មោះឱ្យបានមុនថ្ងៃទី 10 ខែធ្នូ ឆ្នាំ2019 ខាងមុខនេះដើម្បីទទួលចំណេះដឹងថ្មីៗទាក់ទងនឹងផ្នែកដ៏មានសារប្រយោជន៍ជាច្រើនដូចជាសហគ្រិនភាព ដោយប្រើប្រាស់បច្ចេកវិទ្យាជាដើម។ កម្មវិធីនេះនឹងផ្តល់ការបណ្តុះបណ្តាលរយៈពេល 12សប្តាហ៍ ទៅលើកុមារី ឬយុវនារីចាប់ពីអាយុ 10ឆ្នាំ ដល់អាយុក្រោម 19ឆ្នាំ លើការបង្កើតកម្មវិធីទូរស័ព្ទដៃ និងសហគ្រិនភាព ដើម្បីចូលរួមដោះស្រាយបញ្ហានានានៅក្នុងសង្គម។ ក្រៅពីនេះទៀត យុវជននឹងមានឱកាសដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសផ្សេងៗទៀតលើពិភពលោកប្រសិនបើពួកគេត្រូវបានគណៈកម្មការនៅកម្ពុជាសម្រេចឱ្យជាប់ជាបេក្ខភាពសម្រាប់ប្រកួតបន្តនៅអាមេរិក។
កម្មវិធី Technovation ជាគម្រោងធំមួយដែលត្រូវបានបង្កើតឡើងដំបូងនៅរដ្ឋ Massachusetts សហរដ្ឋអាមេរិកដើម្បីបណ្តុះបណ្តាល និងផ្តល់ឱកាសឱ្យកុមារីចន្លោះពី 10 ដល់ក្រោម 19ឆ្នាំចូលរួមប្រកួតប្រជែងកម្មវិធីទូរស័ព្ទដៃជាមួយបេក្ខជនជាច្រើនលើពិភពលោក។ កម្មវិធីនេះត្រូវបាននាំចូល-មកប្រទេសកម្ពុជាដំបូងដោយទូត (ambassador) របស់កម្មវិធីដែលជាអ្នកជំនាញបច្ចេកវិទ្យា និងសាស្រ្តាចារ្យផ្នែកបច្ចេកវិទ្យានៅសាកលវិទ្យាល័យនានានៅក្នុងប្រទេស នៅឆ្នាំ 2013 ហើយបច្ចុប្បន្ននេះមានសិស្សជានារីជាច្រើនបានចូលរួម និងទទួល-បានការបណ្តុះបណ្តាលពីកម្មវិធីដ៏មានសារៈសំខាន់នេះ។ បន្ថែមពីលើនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានយកចិត្តទុកដាក់ និងគាំទ្រកម្មវីធី Technovation ឱ្យប្រព្រឹត្តទៅកាន់តែប្រសើរដើម្បីជាប្រយោជន៍សម្រាប់វិស័យអប់រំនៅកម្ពុជាលើផ្នែកបច្ចេកវិទ្យា និងសហគ្រិនភាព។
លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ស្របពេលដែលវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ កំពុងមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ ប្រជាជនកម្ពុជារួមទាំងសិស្ស និស្សិតមានឱកាសសិក្សាស្រាវជ្រាវ និងទាញយកផលប្រយោជន៍ជាច្រើនលើវិស័យបច្ចេកវិទ្យានេះផងដែរ សម្រាប់បម្រើការសិក្សាក៏ដូចជាធ្វើកិច្ចការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។ ទោះជាយ៉ាងនេះក្តី យើងសង្កេតឃើញថា ការប្រើប្រាស់បច្ចេកវិទ្យានៅមានកម្រិតនៅឡើយសម្រាប់កម្ពុជា ជាពិសេសមាមាត្ររបស់ស្ត្រីធៀបនឹងបុរស ក្នុងការចូលទៅកាន់បច្ចេកវិទ្យា។ ការផ្តួចផ្តើមគំនិតរៀបចំប្រកួតថ្នាក់ជាតិស្តីពីបច្ចេកវិទ្យា ដូចជាព្រឹត្តិការណ៍ប្រកួតប្រជែងថ្នាក់ជាតិនៃ Technovation នេះពិតជាអាចចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយឱ្យមាតាបិតា អាណាព្យាបាលសិស្ស និងយុវនារីវ័យក្មេងទាំងអស់បានយល់ដឹងបន្ថែមពីសារៈសំខាន់នៃឧបករណ៍បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ក្នុងគោលបំណងលើកកម្ពស់ការចូលរួមរបស់ស្ត្រីលើផ្នែកបច្ចេកវិទ្យា និងធុរកិច្ច ក៏ដូចជាបង្កើនការតភ្ជាប់ទំនាក់ទំនងរបស់ពួកគេក្នុងវិស័យនេះ។
លោកជំទាវ គឹម សេដ្ឋានី មានប្រសាសន៍ថា៖ «ក្រសួងអប់រំ យុវជន និងកីឡា សូមគាំទ្រយ៉ាងខ្លាំងក្នុងការបង្កើតកម្មវិធី Technovation នេះឡើងសម្រាប់យុវជន យុវនារីកម្ពុជាក្នុងការចាប់ផ្តើមអាជីវកម្មរបស់ពួកគេដែលអាចដោះស្រាយបញ្ហាប្រឈមសម្រាប់ការអភិវឌ្ឍក្នុងប្រទេសកម្ពុជា ជាពិសេសដើម្បីកាត់បន្ថយគម្លាតយេនឌ័រលើគ្រប់ជំនាញជាពិសេសជំនាញ ICT ជាដើម»។
លោកជំទាវបានបង្ហាញក្តីរីករាយនៅពេលឃើញយុវតីជាច្រើនបានសិក្សាពីមូលដ្ឋានគ្រឹះនៃការសរសេរកម្មវិធីកុំព្យូទ័រ ការបង្កើតកម្មវីធីទូរស័ព្ទដៃ និងផែនការអាជីវកម្មរបស់ខ្លួន ដើម្បីចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Technovation អន្តរជាតិ។ លោកជំទាវ យល់ថាកាបង្កើតស្នាដៃរបស់សិស្សស្រីនៅក្នុងកម្មវីធីនេះជាសម្មិទ្ធផល និងជាជំហានចាប់ផ្តើមមួយនៃកំណើននៃការប្រើប្រាស់បច្ចេកវិទ្យារបស់ស្ត្រី ក្នុងការអភិវឌ្ឍជំនាញរបស់ខ្លួនសម្រាប់អាជីវកម្មបែបទំនើប៕