កម្មវិធីផ្តល់អាហារូបត្ថម្ភតាមសាលារៀន បានក្លាយជាកម្មវិធីប្រកបដោយសក្តានុពលមួយនៅកម្ពុជាក្នុងការទ្រទ្រង់ដល់កម្មវិធីអភិវឌ្ឍន៍ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) របស់អង្គការសហប្រជាជាតិ ដោយជំរុញឱ្យសិស្សនៅបឋមសិក្សាចូលរៀនកាន់តែច្រើន។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា កម្មវិធីផ្តល់អាហារូបត្ថម្ភតាមសាលារៀន ជាកម្មវិធីដ៏មានសារៈសំខាន់ដែលមិនត្រឹមតែជាសំណាញ់សុវត្ថិភាពសម្រាប់កុមារក្រីក្រងាយរងគ្រោះប៉ុណ្ណោះទេ តែកម្មវិធីនេះក៏ចូលរួមចំណែកយ៉ាងសំខាន់ផងដែរ ក្នុងការអភិវឌ្ឍធនធានមនុស្សដែលឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរ-ភាព 2030។ ឆ្នាំ2019 នេះ ជាឆ្នាំទី20 ហើយ ដែលកម្ពុជាបានអនុវត្តគម្រោងផ្តល់អាហារូបត្ថម្ភតាមសាលារៀននេះ ដោយគម្រោងដំបូងចាប់ផ្តើមឡើងនៅឆ្នាំ1999។ កម្មវិធីនេះអនុវត្តទៅបានដោយមានការជួយជ្រោមជ្រែងពីអង្គការស្បៀងអាហារពិភពលោក (WFP) ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) ប្រទេសជប៉ុន និងដែគូអភិវឌ្ឍន៍ជាច្រើនផ្សេងទៀត។
ឯកឧត្តមបញ្ជាក់ថា ថ្វីដ្បិតតែវាមិនមែនជាកម្មវិធីធំ តែកាលពី 20ឆ្នាំមុន កម្មវិធីនេះបានធ្វើឱ្យកុមារ 4ម៉ឺននាក់ញ៉ាំឆ្អែត និងសម្រេចលទ្ធផលកាន់តែប្រសើរ។
ឯកឧត្តម ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា៖ «កម្មវិធីផ្តល់អាហារូបត្ថម្ភតាមសាលារៀន បានពង្រីកខ្លួនកាន់តែធំឡើងនៅឆ្នាំ2004 ហើយរហូតមកដល់ឆ្នាំ2014 យើងផ្តល់ជូននូវកម្មវិធីផ្តល់អាហារូបត្ថម្ភដោយប្រើកសិផលតាមផ្ទះ»។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបន្ថែមទៀតថា រហូតមកដល់បច្ចុប្បន្ននេះ កុមារប្រមាណ 6លាននាក់នៅតាមសាលារៀនប្រមាណ 60% បានទទួលប្រយោជន៍ពីកម្មវិធីនេះ។ ឯកឧត្តមជឿជាក់ថា តាមរយៈកម្មវិធីផ្តល់អាហា-រូបត្ថម្ភតាមសាលារៀននេះ បានចូលរួមចំណែកផងដែរក្នុងការធ្វើឱ្យអត្រាក្រិសក្រិន និងស្គមស្គាំងលើកុមារអាយុក្រោម 5ឆ្នាំបានថយចុះពី 40% កាលពី10ឆ្នាំមុន មកនៅត្រឹមតែ 20%ប៉ុណ្ណោះ។ លើសពីនេះទៅទៀត អត្រាសិស្សចុះឈ្មោះចូលរៀន បានកើនឡើង ស្របពេលដែលអាត្រាសិស្សបោះបង់ចោលការសិក្សា មានការថយចុះ។ រហូតមកដល់បច្ចុប្បន្ននេះ កម្មវិធីនេះត្រូវបានដាក់បញ្ចូលទៅក្នុងគោលនយោបាយជាតិ ដោយតាមរយៈថវិការបស់រាជរដ្ឋាភិបាល បានឧបត្ថម្ភដល់ខេត្តចំនួន 6 ដែលមានសិស្សប្រមាណ 5ម៉ឺននាក់ និងបានផ្តល់អាហារូបករណ៍ផងដែរដល់សិស្ស 122,000នាក់នៅទូទាំងប្រទេសក្នុងកម្រិតបឋមសិក្សា និងសិស្សប្រមាណ 7ម៉ឺននាក់ក្នុងកម្រិតមធ្យមសិក្សា។ ឯកឧត្តមបានបន្តថា កម្មវិធីនេះបានជួយឱ្យសិស្សដែលមានបញ្ហាខ្វះខាត ទទួលបានអាហារូបត្ថម្ភ ស្របពេលដែលកម្មវិធីផ្តល់អាហារដោយប្រើកសិផលតាមផ្ទះ ក៏បានជួយដល់កសិករផងដែរក្នុងការពង្រីកទីផ្សារកសិកម្ម។
ស្របជាមួយគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាបានរៀបចំគោលនយោបាយដោយផ្តោតលើ មនុស្ស ផ្លូវ ភ្លើង និងទឹក។ ហេតុនេះធនធានមនុស្សជាចំណុចសំខាន់ជាងគេដែលត្រូវអភិវឌ្ឍទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។ កម្មវិធីផ្តល់អាហារូបត្ថម្ភសម្រាប់កុមារតូចៗ ជាកម្មវិធីដ៏មានសារៈសំខាន់ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សសម្រាប់កម្ពុជា។
គោលបំណងដែលរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ ដែលបានផ្តល់កម្មវិធីស្បៀងអាហារតាមសាលារៀននេះឡើង គឺក្នុងគោលបំណងផ្តល់សំណាញ់សុវត្ថិភាពសម្រាប់កុមារក្រីក្រដែលងាយរងគ្រោះចំពោះសន្តិសុខស្បៀងអាហារ។ នៅពេលយើងផ្តល់អាហារនៅតាមសាលារៀនសម្រាប់គាត់ កុមារតូចៗនឹងត្រូវបានលើកទឹកចិត្តឱ្យចូលសិក្សា ព្រោះប្រសិនបើគាត់កំពុងខ្វះអាហារូបត្ថម្ភ នោះគាត់នឹងទទួលបានអាហារ ដោយគ្រាន់តែទៅសាលារៀន។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា៖ «កម្មវីធីផ្តល់ស្បៀងអាហារតាមសាលារៀននេះ គឺផ្តល់ជូនជាអាហារពេលព្រឹក និងពេលថ្ងៃត្រង់ ឬផ្តល់ជាអាហារូបករណ៍ ជាសាច់ប្រាក់ដល់សិស្សក្រីក្រនៅតាមសហគមន៍»។
ឯកឧត្តមបានបន្ថែមទៀតថា រដ្ឋាភិបាលកម្ពុជា បានធ្វើបដិភាគថវិកាជាមួយនឹងអង្គការស្បៀងអាហារពិភពលោក (WPF) រហូតមកដល់បច្ចុប្បន្ននេះ យើងប្រើប្រាស់ថវិកាជាតិដើម្បីជួយកាត់បន្ថយការស្រេកឃ្លានរបស់កុមារនៅតាមសហគមន៍ និងជួយពួកគេឱ្យបានមករៀនសូត្រ។ ឯកឧត្តមបន្តថា កម្មវិធីនេះបានធ្វើឱ្យបញ្ហាអវត្តមានរបស់សិស្សនៅកម្រិតបឋមសិក្សាមានការថយចុះ ហើយអត្រានៃការបោះបង់ចោលការសិក្សាក្នុងកម្រិតបឋមសិក្សាក៏មានការថយចុះដូចគ្នា។
ពាក់ព័ន្ធនឹងបញ្ហាស្បៀងអាហារនេះ ជារឿងសំខាន់ខ្លាំងណាស់ដែលគ្រប់ប្រទេសទាំងអស់លើពិភពលោក កំពុងវិនិយោគលើផ្នែកនេះ ហើយកម្ពុជាក៏កំពុងខិតខំប្រឹងប្រែងដើម្បីធ្វើយ៉ាងណាលុបបំបាត់កុមារក្រិន ឱ្យអស់នៅឆ្នាំ 2025 និងលុបបំបាត់បញ្ហាកង្វះអាហារូបត្ថម្ភទាំងស្រុងនៅឆ្នាំ 2030៕