ក្រសួងពាណិជ្ជកម្ម បានប្រកាសបញ្ចប់ការសិក្សាមួយ ដែលបានធ្វើទៅលើប្រធានបទស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(Free Trade Agreement ឬFTA)ជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAEU) ឬអឺរ៉ាស៊ី ដែលការសិក្សានេះត្រូវបានធ្វើឡើងបន្ទាប់ពីមានសំណើពីក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងត្រូវបានគាំទ្រដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា ឬ ERIA។
ការប្រកាសផ្សព្វផ្សាយពីលទ្ធផលនៃការសិក្សានេះ ត្រូវបានឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកសាស្ត្រាចារ្យ Hidetoshi Nishimura ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា ធ្វើបទបង្ហាញពីលទ្ធភាពនៃការសិក្សាផ្តល់នូវការវាយតម្លៃបរិមាណ
គុណភាព និងផលប៉ះពាល់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយការសិក្សានេះក៏ពិនិត្យលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរី EAEU បច្ចុប្បន្នផងដែរ។
នៅក្នុងតំបន់អាស៊ាន មានតែប្រទេសវៀតណាម និងសិង្ហបុរីប៉ុណ្ណោះដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ EAEU។ ការសិក្សានេះផ្តោតលើបញ្ហាពាណិជ្ជកម្ម និងវិនិយោគ រួមទាំងបញ្ហានៅពីក្រោយព្រំដែន ដែលជះឥទ្ធិពលដល់ពាណិជ្ជកម្ម និងការវិនិយោគបរទេសរវាងប្រទេសកម្ពុជា និង EAEU។
ការសិក្សាផ្តោតទៅលើវិស័យសំខាន់ៗមួយចំនួន ដូចជាថាមពលផលិតកម្ម(កាត់ដេរ និងវាយនភណ្ឌ)កសិកម្ម ទេសចរណ៍ អាកាសចរណ៍ ទូរគមនាគមន៍ និងភ័ស្តុភារ។ វាក៏បានកំណត់វិស័យសំខាន់ៗដែលនឹងត្រូវរងផលប៉ះពាល់ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងរួមបញ្ចូលទាំងអនុសាសន៍គោលនយោបាយ ដើម្បីជួយរដ្ឋាភិបាលឱ្យទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។
សូមបញ្ជាក់ថា កាលពីខែមុន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសមភាគីរុស្ស៊ី លោក ឌីមីទ្រីមេដវេដេវ បានជួបប្រជុំគ្នានៅខាងក្រៅកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន នៅប្រទេសថៃ និងបានពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EAEU នេះ។
សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (Eurasian Economic Union ឬ EAEU) ជាអង្គការអន្តរ ជាតិមួយសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ គឺជាទីផ្សារមួយដ៏ធំគ្របដណ្ដប់ប៉ែកខាង អឺរ៉ុបខាងកើត ដោយមានសមាជិកចំនួន 5ប្រទេសគឺ អាមេនី(Armenia) បេឡារុស(Belarus) កា ហ្សាក់ស្ថាន (Kazakhstan) កៀហ្ស៊ីស្ថាន (Kyrgyzstan) និងរុស្ស៊ី(Russia)ដែលមានប្រជាជន សរុបចំនួន 183លាននាក់និងផលិតផលក្នុងស្រុកសរុប 5ទ្រីលានដុល្លារអាមេរិក។
នៅក្នុងសុន្ទរកថារបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងអាចឱ្យភាគីទាំង2 បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មលើទំនិញ សេវា និងការវិនិយោគ។
ការសិក្សានេះបានបង្ហាញពីផលជាវិជ្ជមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី មកលើសេដ្ឋកិច្ចកម្ពុជា និងអនុញ្ញាតឱ្យកម្ពុជាទាញយកផលប្រយោជន៍បន្ថែមតាមរយៈការចូលរួមនៅក្នុងខ្សែចង្វាក់ផលិតកម្មក្នុងតំបន់ និងពិភពលោក។
ឯកឧត្តម ប៉ាន សូរស័ក្តិបានបញ្ជាក់ថា៖ “ការសិក្សាក៏បានបង្ហាញពីសារៈសំខាន់នៃការបង្កើតច្រកទីផ្សារនាំចេញ (Market Access) និងការអភិវឌ្ឍបន្ថែមទៀតលើការធ្វើពិពិធកម្មឧស្សាហកម្ម និងរចនាសម្ព័ន្ធទីផ្សារ ព្រមទាំងចង្អុលបង្ហាញបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងនាំឱ្យមានការរីកចម្រើនក្នុងវិស័យផលិតកម្ម ពង្រីកសេវាកម្ម និងការអភិវឌ្ឍសេវាកម្មថ្មី។ ជាមួយគ្នានោះដែរ ការសិក្សាក៏បានបង្ហាញថា ការពង្រីកសេវាកម្ម ហិរញ្ញវត្ថុ ការដឹកជញ្ជូន សេដ្ឋកិច្ចឌីជីថល និងសេវាកម្មកសិកម្ម ត្រូវបានគូសបញ្ជាក់ថា ជាវិស័យដ៏សំខាន់ ដែលចូលរួមជួយឱ្យមានកំណើនសេដ្ឋកិច្ច”។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា៖ “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី (Cambodia-Eurasian Economic UnionFTA-CEFTA) បានបង្ហាញពីកាលានុវត្តភាពឈ្នះឈ្នះសម្រាប់ប្រទេសកម្ពុជា ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនឱ្យកាន់តែស៊ីជម្រៅទៅក្នុងខ្សែចង្វាក់ផលិតកម្មពិភពលោក និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនជាមួយ បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីកណ្តាល និងជាមួយប្រទេសរុស្ស៊ី”។
តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ត្រូវបានគេរំពឹងថា នឹងបង្កើនឱកាសក្នុងការ ធ្វើពាណិជ្ជកម្ម និងវិនិយោគទៅវិញទៅមក ជាពិសេសកម្ពុជាអាចបង្កើនការនាំចេញសម្លៀកបំពាក់ និងវាយនភណ្ឌ ផលិតផលកសិកម្ម និងទំនិញដទៃទៀត ខណៈដែលសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ក៏អាចជ្រៀតចូលទីផ្សារកម្ពុជាកាន់តែទូលំទូលាយជាងមុនដែរ ជាពិសេសលើវិស័យថាមពល។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានបញ្ជាក់ទៀតថា អនុលោមតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី4 នីតិកាលទី6 នៃរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសដៃគូ ក្រសួងពាណិជ្ជកម្មបាននិងកំពុងសិក្សាលើលទ្ធភាពចរចាកិច្ចព្រមព្រៀងជាមួយប្រទេសចិន និងប្រទេសកូរ៉េផងដែរ។
លទ្ធផលនៃការសិក្សានេះ បានបង្ហាញពីភាពវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការរួមគ្នា លើកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរី ដែលនាំឱ្យទំហំពាណិជ្ជកម្មរបស់កម្ពុជា មានការកើនឡើង បង្កើនការងារ សម្រាប់ប្រជាជន ឈានទៅសម្រេចបានតាមផែនការរបស់រាជរដ្ឋាភិបាល ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030 និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ2050៕