ក្នុងពិធីបើកពិព័រណ៍ទេសចរណ៍ជប៉ុន(Japan Travel Fair) លើកទី3កាលពីដើមខែធ្នូ ឆ្នាំ 2019 ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យវិនិយោគិនបង្កើតការហោះហើរត្រង់ និងការតភ្ជាប់ជើងហោះហើរបន្ថែមពីខេត្ត និងទីក្រុងផ្សេងៗទៀតរបស់ជប៉ុនមកកាន់រាជធានីភ្នំពេញព្រមទាំងខេត្តសៀមរាប ដែលជាទីតាំងនៃប្រាសាទអង្គរវត្ត និងជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ដើម្បីជំរុញកំណើនភ្ញៀវទេសចរនៃប្រទេសទាំង2 និងភ្ញៀវនៃប្រទេសទី3 បន្ថែមទៀត។
ការលើកឡើងយ៉ាងដូច្នេះរបស់ឯកឧត្តមបណ្ឌិត ថោង ខុន គឺដោយហេតុថា ភ្ញៀវទេសចរជប៉ុននៅតែជាប្រភពទីផ្សារមួយដ៏សំខាន់មួយសម្រាប់កម្ពុជា។ ឧទាហរណ៍ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះចំនួនភ្ញៀវទេសចរជប៉ុននៅកម្ពុជាបានឈរនៅលំដាប់លេខ7 ក្នុងចំណោមទីផ្សារភ្ញៀវទេសចរសំខាន់ៗទាំង10 របស់ប្រទេសកម្ពុជា។
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា៖“ការតភ្ជាប់ជើងហោះហើរត្រង់ប្រចាំថ្ងៃ តូក្យូ-ភ្នំពេញ-តូក្យូដោយក្រុមហ៊ុនអាកាសចរណ៍ AllNippon Airways (ANA) បានដំណើរការប្រកបដោយជោគជ័យអស់រយៈពេលប្រមាណ 3ឆ្នាំកន្លងមកនេះ គឺមិនត្រឹមតែផ្តល់នូវជម្រើសដ៏ល្អ និងកាន់តែងាយស្រួលសម្រាប់ទេសចរជប៉ុន និងប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបានចូលរួមពង្រឹងទំនាក់ទំនងរវាងប្រជាជនទាំង2 ឱ្យកាន់តែជិតស្និទ្ធថែមទៀតផង”។
ឆ្នាំ2018 កម្ពុជាទទួលបានទេសចរជប៉ុនជាង 21ម៉ឺននាក់ កើនឡើង3.5% ក្នុងចំណោមទេសចរអន្តរជាតិសរុបជាង 6លាននាក់។ នៅរយៈពេល 9ខែ នៃឆ្នាំ2019 នេះ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានជាង 4.8លាននាក់ កើនឡើង10% ក្នុងនោះភ្ញៀវទេសចរជប៉ុនមានជិត 15ម៉ឺននាក់ ជាមួយនឹងកំណើន2.8% ធៀបនឹងឆ្នាំ2018។ ដោយឡែកនៅឆ្នាំ2018មានទេសចរកម្ពុជាប្រមាណ 2ម៉ឺននាក់ បានទៅទស្សនាប្រទេសជប៉ុនដ៏ស្រស់ស្អាតនោះផងដែរ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តថា ការសម្រេចបាននូវកំណើនប្រចាំឆ្នាំដ៏ល្អនៃការមកដល់របស់ចំនួនភ្ញៀវទេសចរអន្តរជាតិ ពិសេសភ្ញៀវទេសចរជប៉ុន គឺអាស្រ័យដោយមានមូលដ្ឋានកំណត់ជាយុទ្ធសាស្ត្រច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជាដូចជាការអនុវត្តគោលនយោបាយបើកចំហជើងមេឃ និងការសម្រួលការធ្វើដំណើររវាងប្រភពទីផ្សារសំខាន់ៗ ពិសេសរវាងកម្ពុជា-ជប៉ុន ដូចជាការផ្តល់ទិដ្ឋាការនៅពេលមកដល់ (On Arrival) ទិដ្ឋាការអេឡិចត្រូនិក (E-Visa) និងទិដ្ឋាការ Multiple Visa ចេញ-ចូលច្រើនដងសម្រាប់រយៈពេល 1ឆ្នាំ 2ឆ្នាំ និង3ឆ្នាំ (ចាប់អនុវត្តតាំងពី2013)។
ខណៈដែលនៅឆ្នាំ2019 នេះ គឺជាខួបលើកទី66 នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រជប៉ុន ការរៀបចំពិព័រណ៍ទេសចរណ៍ជប៉ុនលើកទី3 នេះ គឺមិនត្រឹមតែជួយផ្សព្វផ្សាយ និងជំរុញវិស័យទេសចរណ៍រវាងកម្ពុជានិងជប៉ុនប៉ុណ្ណោះទេ តែថែមទាំងបានឆ្លុះបញ្ចាំងនូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសជាមិត្តទាំង2 ដែលមានប្រវត្តិទំនាក់ទំនងល្អនឹងគ្នាដ៏យូរលង់មកហើយ និងបន្តមកទល់បច្ចុប្បន្ននេះលើគ្រប់វិស័យ ក្នុងនាមជាដៃគូផ្លាស់ប្តូរខាងផ្នែកវប្បធម៌ទេសចរណ៍ និងពាណិជ្ជកម្ម។ល។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា កម្ពុជាក៏បាននិងកំពុងខិតខំប្រឹងប្រែងពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍គោលដៅទេសចរណ៍ដែលមានស្រាប់ តាមរយៈការរៀបចំផែនការមេនៅតំបន់ប៉ូលទេសចរណ៍សំខាន់ៗ ដូចជាសៀមរាប-អង្គរ តំបន់ឆ្នេរ សមុទ្រខេត្តកែប និងតំបន់អេកូទេសចរណ៍ខេត្តមណ្ឌលគិរីរួមជាមួយនឹងការកៀរគរឱ្យមានការវិនិយោគលើការបង្កើតផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗបន្ថែមទៀត ពិសេសគម្រោងបង្កើតឱ្យមានតំបន់ទេសចរណ៍ពិសិដ្ឋ ដែលក្នុងនោះមានការអភិវឌ្ឍ “ទេសចរណ៍ផ្ទះទី2” (Second Home Tourism) ទេសចរណ៍វ័យចំណាស់ សហគមន៍ទេសចរណ៍ ផ្ទះស្នាក់ទេសចរណ៍។ល។
ឯកឧត្តមបណ្ឌិតជឿជាក់យ៉ាងមុតមាំថា តាមរយៈពិព័រណ៍ទេសចរណ៍ជប៉ុនលើកទី3 នេះ កម្ពុជា-ជប៉ុននឹងអាចផ្សព្វផ្សាយបានកាន់តែទូលំទូលាយអំពីសក្តានុពលទេសចរណ៍ ក៏ដូចជាវប្បធម៌ ប្រពៃណីរបស់ជប៉ុន ហើយក៏ជាការចូលរួមដល់ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក រវាងកម្ពុជា-ជប៉ុន ពិសេសបង្ហាញពីការយកចិត្តទុកដាក់ជាអាទិភាពយ៉ាងសំខាន់នៃប្រភពទីផ្សារកម្ពុជា សម្រាប់វិស័យទេសចរណ៍ជប៉ុន ហើយជាពិសេសក៏ជំរុញលំហូរទេសចរកម្ពុជា ទៅប្រទេសជប៉ុនកាន់តែច្រើនផងដែរ។
ឯកឧត្តមបានមានប្រសាសន៍ថា៖“នៅពេលដែលភ្ញៀវទេសចរជប៉ុនមកទស្សនាកម្ពុជាកាន់តែច្រើន យើងត្រូវបង្កើនការយល់ដឹងអំពីទីផ្សារទេស-ចរណ៍ជប៉ុន និងរៀនបំពេញចិត្តភ្ញៀវទេសចរ ជប៉ុនព្រោះទេសចរជប៉ុនចូលចិត្តតំបន់វប្បធម៌ កន្លែងបៃតង និងសង្គមដែលមានសណ្តាប់ធ្នាប់”។
នៅក្នុងឱកាសនោះដែរ ឯកឧត្ដម ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាក៏បានបង្ហាញការកោតស្ញប់ស្ញែងយ៉ាងដូច្នេះថា៖ “ខ្ញុំបានមកប្រទេសកម្ពុជាក្នុងនាមជាឯកអគ្គរាជទូតកាលពីថ្ងៃទី1 ខែកញ្ញា ឆ្នាំ2019 ហើយធ្លាប់បានមកទស្សនកិច្ចនៅទីក្រុងភ្នំពេញកាលពី 17ឆ្នាំមុន ប៉ុន្តែទេសភាពទីក្រុងភ្នំពេញបច្ចុប្បន្នគឺខុសគ្នាឆ្ងាយកាលពីពេលនោះ ហើយខ្ញុំមានការស្ងប់ស្ញែងយ៉ាងខ្លាំងចំពោះការអភិវឌ្ឍសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់របស់ប្រទេសកម្ពុជា”។
ឯកឧត្ដម មិកាមិ ម៉ាស្សាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនបានបន្តថា ក្រោមការអភិវឌ្ឍសេដ្ឋកិច្ចនេះ ប្រជាជនកម្ពុជាបាននិងកំពុងទៅទស្សនាប្រទេសជប៉ុនកាន់តែច្រើនជាងពេលមុន។ ដូចដែលអ្នកបានដឹងហើយថា ប្រទេសជប៉ុនមាន 4រដូវ គឺនិទាឃរដូវ រដូវក្ដៅ រដូវស្លឹកឈើជ្រុះ និងរដូវរងារ។ ជាពិសេស ប្រជាជនកម្ពុជាជាច្រើនបានទៅកម្សាន្តនៅប្រទេសជប៉ុនក្នុងរដូវផ្កាសាគូរ៉ារីក។ឯកឧត្ដម ឯកអគ្គរាជទូត បានបញ្ជាក់ថា កាលពីខែមីនា និងមេសាឆ្នាំនេះ ដែលជារដូវផ្កាសាគូរ៉ារីក មានប្រជាជនកម្ពុជាប្រមាណ 8,000នាក់ បានទៅ
ទស្សនាប្រទេសជប៉ុន កើនឡើងចំនួន 36% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងទៅ។ ក្នុងពិព័រណ៍ទេសចរណ៍ជប៉ុនឆ្នាំនេះ យើងដាក់តាំងដើមផ្កាសាគូរ៉ា 2ដើម ដើម្បីធ្វើជាកន្លែងថតរូបសម្រាប់អ្នកចូលរួមទស្សនា ដូច្នេះលោកអ្នកអាចទទួលអារម្មណ៍ល្អពីសម្រស់ផ្កាសាគូរ៉ារបស់ជប៉ុននៅទីនេះ ហើយក៏អាចទទួលបានបទពិសោធពីធម្មជាតិ ដូចជា៖ ស្លឹកឈើចម្រុះពណ៌នៅរដូវស្លឹកឈើជ្រុះ និងទេសភាពព្រិលក៏ដូចជាទីក្រុងប្រវត្តិសាស្ត្រជាណារ៉ា ព្រមទាំងវប្បធម៌អាហារជប៉ុន និងសេវាកម្មល្អិតល្អន់(បដិសណ្ឋារកិច្ចល្អ) ដែលនឹងមានការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកលើកក្រោយនឹងត្រូវប្រារព្ធធ្វើឡើងនៅប្រទេសជប៉ុនជាលើកទី2 នៅរដូវក្តៅខាងមុខនេះ។
លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថាការហោះហើររបស់ក្រុមហ៊ុន ANA រវាងទីក្រុងតូក្យូនិងភ្នំពេញ នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនចំនួនភ្ញៀវទេសចរដែលធ្វើដំណើរពីប្រទេសមួយ ទៅប្រទេសមួយ។ ក្នុងឆ្នាំ2016 ក្រុមហ៊ុនអាកាសចរណ៍ដែលមានមូលដ្ឋាននៅប្រទេសជប៉ុនមួយនេះ បានបើកការហោះហើរត្រង់រវាងអាកាសយានដ្ឋានអន្តរជាតិ ណារីតានៃទីក្រុងតូក្យូ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
លោកមានប្រសាសន៍ថា៖“ការតភ្ជាប់ជើងហោះហើរត្រង់ នឹងផ្តល់ភាពវិជ្ជមានកាន់តែច្រើនដល់វិស័យទេសចរណ៍ ព្រោះការហោះហើរត្រង់នេះមិនត្រឹមតែអាចទាក់ទាញភ្ញៀវទេសចរនៃប្រទេសទាំង2នោះទេ តែវាថែមទាំងអាចនាំយកភ្ញៀវទេសចរពីប្រទេសទី3 មកបន្ថែមទៀតផង។ ក្នុងនាមវិស័យទេសចរណ៍ យើងពិតជាស្វាគមន៍ខ្លាំងណាស់ ព្រោះតាមរយៈនេះ វាមិនត្រឹមតែអាចជួយបង្កើនចំនួនភ្ញៀវទេសចរជប៉ុនមកកម្ពុជាប៉ុណ្ណោះទេ តែនឹងបង្កភាពងាយស្រួលដល់ប្រជាជនខ្មែរដែលចង់ធ្វើដំណើរទៅប្រទេសជប៉ុនឱ្យមានកំណើនផងដែរ។បច្ចុប្បន្ន កម្ពុជាមានសក្តានុពលគ្រប់គ្រាន់ក្នុងការទទួលភ្ញៀវទេសចរពីប្រទេសជប៉ុន”។
សូមបញ្ជាក់ថា ប្រទេសចិននៅតែបន្តគ្របដណ្តប់លើទីផ្សារទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជាដែលមានចំនួនភ្ញៀវទេសចរច្រើនជាងគេ តែទោះយ៉ាងណា ក្រសួងទេសចរណ៍បានប្រកាសពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើពិពិធកម្មទីផ្សារ។ ចាប់ពីខែមករា ដល់ខែកញ្ញាកន្លងទៅ កម្ពុជាបានទាក់ទាញភ្ញៀវទេសចរចិន 1.8លាននាក់កើនឡើង 29,4% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រសួងមានគោលបំណងស្វាគមន៍ភ្ញៀវទេសចរចិន 3លាននាក់នៅឆ្នាំ2020 ចំនួន 5លាននាក់នៅឆ្នាំ2025 និង 8លាននាក់នៅឆ្នាំ2030។
ប្រទេសចិននៅតែជាទីផ្សារធំបំផុតសម្រាប់ឧស្សាហកម្មទេសចរណ៍របស់កម្ពុជា ប៉ុន្តែនេះមិនមែនមានន័យថា យើងផ្តោតតែភ្ញៀវទេសចរចិននោះទេ យើងក៏ផ្តោតលើជនជាតិជប៉ុន កូរ៉េ និងអ្នកដទៃទៀតដែរ។
ក្រសួងទេសចរណ៍រំពឹងថា យ៉ាងហោចណាស់ នឹងមានភ្ញៀវទេសចរជប៉ុនចំនួន 230,000នាក់មកទស្សនាកម្ពុជានៅចុងឆ្នាំនេះ។ គោលដៅរបស់ក្រសួង គឺដើម្បីទាក់ទាញទេសចរជប៉ុនឱ្យបានជាង30ម៉ឺននាក់ក្នុង 1ឆ្នាំ ត្រឹមឆ្នាំ2020៕