សម្តេចតេជោនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានចុះហត្ថលេខាទម្លាក់ថវិកាជាតិចំនួន 100លានដុល្លារអាមេរិកដើម្បីបង្កើតធនាគារសហគ្រាសធុនតូច និងធម្យម ឬ SMEs Bank ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ និងជួយសម្រួលដល់កសិករ។ នេះបើតាមការថ្លែងរបស់សម្តេចមហាអគ្គសេនាបតីតេជោ ហ៊ុន សែន នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ។
សម្តចតេជោបានមានប្រសាសន៍ថា៖“ការចុះហត្ថលេខានេះ គឺដើម្បីលើកកម្ពស់ជីវភាពអ្នកដែលមានអាជីវកម្មធុនតូច និងធម្យម ជាពិសេសលើកស្ទួយកសិករកម្ពុជា។ អ៊ីចឹងទេ យើងត្រូវតែមើលឱ្យឃើញថា រាជរដ្ឋាភិបាលបានប្រឹងប្រែង តែបណ្តាញវិស័យឯកជនត្រូវតែចូលរួម ដើម្បីគាំទ្រដល់តម្លៃស្រូវរបស់កសិកររបស់យើង និងកសិផលដទៃទៀតរបស់ប្រជាជន”។
សម្ដេចបានមានប្រសាសន៍ថា៖“3-4ថ្ងៃនេះ ខ្ញុំក៏បានចុះហត្ថលេខាប្រមាណ 100ពាន់លានរៀល ស្មើនឹង 100លានដុល្លារអាមេរិក ដើម្បីបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យម ដើម្បីជាផ្នែកមួយក្នុងការជួយដល់សហគ្រាសធុនតូន និងមធ្យមរបស់យើងដើម្បីមានលទ្ធភាពទិញស្រូវអង្កររបស់កសិករ”។
សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា កាលពីពេលកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ដើមទុនបន្ថែមចំនួន 50លានដុល្លារអាមេរិកដល់ធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយ “ធនាគារអភិវឌ្ឍន៍ជនបទ” ទៅជា“ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម”ដែលមានចំណាត់ថ្នាក់ ជាធនាគារពាណិជ្ជ សម្រាប់បម្រើវិស័យកសិកម្ម ជាពិសេសប្រើប្រាស់សម្រាប់រក្សាស្ថិរភាពតម្លៃ និងការប្រមូលទិញស្រូវពីកសិករ ហើយស្តុកទុក កិនកែច្នៃ និងនាំចេញ។
ឯកឧត្តម ឡាំ គឹមឡេង អគ្គនាយកនៃអគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ធ្លាប់បានប្រាប់សារព័ត៌មានក្នុងស្រុកឱ្យដឹងថា មានឧបសគ្គ 3យ៉ាងដែលសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (SME)មានការលំបាក និងប្រឈមក្នុងការទទួលបានឥណទានពីធនាគារ ដើម្បីយកទៅពង្រីកអាជីវកម្ម។ ទី1- SME ខ្លួនឯងមិនទាន់មានសមត្ថភាពទទួលបានឥណទាន ដោយសារការគ្រប់គ្រងមិនទាន់មានលក្ខណៈស្តង់ដា ការរៀបចំបញ្ជីរបាយការណ៍ហិរញ្ញវត្ថុនៅមានកម្រិត ខ្វះខាតទ្រព្យធានា និងមិនមានផែនការអាជីវកម្មច្បាស់លាស់។ ទាំងអស់នោះ ដោយហេតុថា SME នៅមានលក្ខណៈជាអាជីវកម្មបែបគ្រួសារនៅឡើយ ដែលធ្វើតាមទម្លាប់តមកពីឪពុកម្តាយ។ ទី2- ធនាគារ មានលក្ខខណ្ឌស្មុគស្មាញសម្រាប់កំណត់ការផ្តល់ឥណទាន ដោយត្រូវពិនិត្យមើលឱ្យបានច្បាស់លាស់។ ចំពោះអត្រាការប្រាក់វិញ អាចមានកម្រិតខ្ពស់ និងរយៈពេលនៃការស្នើសុំអាចមានរយៈពេលយូរ ដោយសារតែត្រូវពិនិត្យលើបច្ច័យជាច្រើនមុននឹងផ្តល់ឥណទាន ថាតើនៅពេលផ្តល់ឥណទានដល់ SME ហើយ អាចមានប្រាក់សងត្រឡប់មកធនាគារវិញដែរឬទេ?។ ទី3- យន្តការដើម្បីអនុវត្តន៍ការគាំទ្រដល់ SME នៅមានកម្រិតនៅឡើយពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធ បើទោះជារាជរដ្ឋាភិបាលមានគោលនយោបាយគ្រប់គ្រាន់រួចហើយក្តី។
ឯកឧត្តម ឡាំ គឹមឡេង បានបន្តថា នៅកម្ពុជាមានសហគ្រាសធុនតូច និងមធ្យមចំនួន52ម៉ឺនមូលដ្ឋាន (សហគ្រាស) ចែកចេញជា 4ផ្នែក៖ ទី1- ផ្នែកកសិកម្មមាន21% នៃចំនួនសហគ្រាសទាំងអស់។ ទី2- ផ្នែកឧស្សាហកម្ម ឬកម្មន្តសាល មាន30%។ ទី3- ផ្នែកធុរកិច្ច ឬពាណិជ្ជកម្ម មាន43% និងទី4- ផ្នែកសេវាកម្ម និងទេសចរណ៍ ដែលមានប្រហែល7%។ សហគ្រាសធុនតូច និងមធ្យមនេះ បានផ្តល់ការងារជូនពលរដ្ឋខ្មែរបានចំនួនពី 70% ទៅ 72%នៃការងារដែលមាននៅកម្ពុជា ដែលស្មើនឹងប្រមាណពី 3 ទៅ 3.5លាននាក់។
យោងតាមក្រសួង បញ្ហាប្រឈមធំ គឺមាន SME មកចុះបញ្ជីមានចំនួនតិចតួច រហូតមកដល់ពេលនេះមានSME ប្រមាណតែ 10%ប៉ុណ្ណោះដែលបានមកចុះបញ្ជីត្រឹមត្រូវ ដែលប្រការនេះ វាធ្វើឱ្យរដ្ឋពិបាកក្នុងការគ្រប់គ្រង និងមិនដឹងពីចំណុចខ្វះខាតដែលវិស័យឯកជនកំពុងត្រូវការ។
លោក លី វិសាល ប្រធានប្រតិបត្តិសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាធ្លាប់បានមានប្រសាសន៍ថា៖“បើSME មិនចុះបញ្ជីដូចសព្វថ្ងៃ អាជ្ញាធរពិតជាពិបាកនឹងដឹងថា តើពួកគាត់ត្រូវការឱ្យរដ្ឋាភិបាលជួយលើផ្នែកណាមួយនោះទេ។ ការផ្តល់កម្ចី អាចជាការចាំបាច់ដើម្បីជួយពង្រឹងវិស័យSME នៅកម្ពុជា ដូច្នេះSME ទាំងអស់ត្រូវតែចុះបញ្ជី ដើម្បីធ្វើឱ្យការរកស៊ីកាន់តែមានតម្លាភាពឡើងហើយរដ្ឋក៏ងាយស្រួលក្នុងការគ្រប់គ្រងផងដែរ ពិសេសការលើកកម្ពស់ និងដាក់ចេញនូវគោលនយោបាយសម្រាប់ជួយគាំទ្រដល់វិស័យឯកជនមួយនេះ”។
លោកឧកញ៉ា តែ តាំងប៉រ ប្រធានសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (Fasmec) បានមានប្រសាសន៍នៅក្នុងសិក្ខាសាលានៅទីស្នាក់ការគយ និងរដ្ឋាករ កាលពីពេលថ្មីៗនេះថា៖“ធនាគារSME នឹងអនុញ្ញាតឱ្យសហគ្រាសធុនតូច និងមធ្យមក្នុងស្រុកបន្ថែមទៀតនូវការពង្រីកប្រតិបត្តិការរបស់ខ្លួន។ ធនាគារសម្រាប់សហគ្រាសធុនតូច និងមធ្យមដែលនឹងអាចពឹងពាក់បាននៅចុងឆ្នាំនេះ ជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់ការទទួលបានមូលនិធិសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមក្នុងស្រុក។
សូមរំឭកដែរថា ក្រោមការចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែនបានសម្រេចផ្តល់ថវិកាចំនួន 100លានដុល្លារអាមេរិកសម្រាប់ការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា(ធ.ស.ក)ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យ SME សំដៅចូលរួមជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។
ជារួម មកទល់ពេលនេះ ការសិក្សាអំពីលទ្ធភាពក្នុងការបង្កើតក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងការរៀបចំផែនការអាជីវកម្ម និងរចនាសម្ព័ន្ធដឹកនាំរបស់ធនាគារ ដើម្បីឈានដល់ការបង្កើតធ.ស.ក.នេះ ត្រូវបាននិងកំពុងរៀបចំបញ្ចប់ស្ទើរទាំងស្រុងហើយ ដោយធនាគារនេះត្រូវបានរំពឹងថា នឹងចាប់ដំណើរការក្នុងពេលដ៏ខ្លីខាងមុខ ដោយសារការចុះហត្ថលេខាទម្លាក់ថវិកាជាតិប្រមាណ 100លានដុល្លារអាមេរិករបស់ប្រមុខរាជរដ្ឋាភិបាល៕