ភ្នំពេញៈ បណ្តាញខ្សែរថភ្លើងអាស៊ានដែលភ្ជាប់រវាងទីក្រុងបាងកក និងរាជធានីភ្នំពេញនឹងដំណើរការនៅឆ្នាំ2018 ខាងមុខនេះ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ។
លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា ការជួសជុល និងស្ថាបនាផ្លូវរថភ្លើងពីក្រុងប៉ោយប៉ែតនឹងមកដល់ខេត្តពោធិសាត់នៅឆ្នាំនេះ ហើយបើសិនជាមានថវិកាគ្រប់គ្រាន់ ការតភ្ជាប់ផ្លូវរថភ្លើងពីក្រុងប៉ោយប៉ែតនឹងមកដល់រាជធានីភ្នំពេញនៅឆ្នាំ2018 ខាងមុខនេះ។ លោកបន្តថា ការស្ថាបនា និងជួសជុលផ្លូវរថភ្លើងនេះគ្រោងចំណាយថវិកាចំនួន32លានដុល្លារអាមេរិក ដែលជាការចំណាយដោយរដ្ឋាភិបាល។
អ្នកនាំពាក្យរូបនេះបានបន្តថា ប្រសិនជាការភ្ជាប់ផ្លូវនេះបញ្ចប់ យើងរំពឹងថាខ្សែរថភ្លើងពីប្រទេសថៃនឹងមកដល់រាជធានីភ្នំពេញនៅឆ្នាំ2018 ខាងមុខ ដោយរថភ្លើងអាចរត់បានក្នុងល្បឿន30គីឡូម៉ែត្រក្នុងមួយម៉ោង។ លោកបន្តថា បច្ចុប្បន្នយើងនៅជួបឧបសគ្គមួយចំនួនដោយសារប្រជាពលរដ្ឋ បានរំលោភយកដីចំណីផ្លួវរថភ្លើងនៅក្រុងប៉ោយប៉ែតប្រវែង1,300ម៉ែត្រ ដែលមិនទាន់ដោះស្រាយបញ្ចប់នៅឡើយ។
លោកហូ វណ្ឌី ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា ប្រសិនជាការភ្ជាប់ខ្សែរថភ្លើងរវាងប្រទេសទាំងពីរបញ្ចប់ និងដាក់ឲ្យដំណើរការនោះ វានឹងក្លាយជាការភ្ជាប់ដ៏ថ្មីសន្លាងមួយ ជាប្រវត្តិសាស្រ្តថ្មីមួយដែលជួយបានច្រើនបំផុតដល់វិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ពិសេសនឹងជាការភ្ជាប់ទេសចរណ៍ទី3 មកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀត។ លោកបន្តថា គម្រោងភ្ជាប់ព្រះរាជាណាចក្រពីរក្នុងគោលដៅតែមួយនឹងលេចចេញជារូបរាងពិតប្រាកដ ហើយភ្ញៀវទេសចរនឹងចូលមកទស្សនាកម្ពុជាកាន់តែមានរយៈពេលវែង។
លោកហូ វណ្ឌីបានបន្តថា ក្រៅពីវិស័យទេសចរណ៍ហើយ ការភ្ជាប់ខ្សែរថភ្លើងនេះនឹងជួយសម្រួលដល់វិស័យពាណិជ្ជកម្ម ពិសេសការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរ និងប្រទេសក្នុងតំបន់អាស៊ានដទៃទៀតកាន់តែងាយស្រូល ដែលនឹងជួយកាត់បន្ថយតម្លៃនៃការដឹកជញ្ជូន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយការសឹករេចរឹលផ្លូវគោកផងដែរ៕