លោក ណា ខុន ដែលត្រូវបានស្គាល់គេថា ជាតារាសម្ដែងដែលកំពុងមានប្រជាប្រិយភាពបំផុតនាពេលបច្ចុប្បន្នតាមរយៈរឿងភាគទូរទស្សន៍ PNN គឺរឿង កញ្ញាអម្ពិលផ្អែម និងកំពុងតែថតរឿង ម្ចាស់ចម្ការ ផងដែរនោះ ដោយឡែកនៅព្រឹកថ្ងៃទី10 ខែកក្កដា ឆ្នាំ 2017 នេះលោកកំពុងមានទុក្ខសោកយ៉ាងខ្លាំងចំពោះអាការជំងឺឪពុកម្ដាយរបស់លោកដែលបាននាំទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យឯកជនមួយដែលមានឈ្មោះថា មន្ទីរសម្រាកព្យាបាល លឹមតាំង ហើយដែលគេបានឃើញតាមរយៈរូបភាពនៅលើបណ្ដាញសង្គម Facebook នោះ បានឱ្យដឹងថា ស្ថានភាពរបស់ឪពុកម្ដាយលោក ណាខុន ស្ថិតក្នុងសភាពគួរឱ្យបារម្ភ។
តាមរយៈរូបភាពប៉ុន្មានសន្លឹកមុននេះបន្ដិចនៅលើ Facebook ផ្ទាល់ខ្លួនរបស់ណា ខុន លោកបានបង្ហោះសារថា “នាំប៉ាម៉ាក់មកឱ្យពេទ្យថត ឃើញហើយថា ម៉ាក់បាក់ដៃ ប៉ាគ្រុនពោះវៀន និងឈឺក្រពះ ជូនពរឱ្យប៉ាម៉ាក់ឆាប់ជា”។ មិនតែប៉ុណ្ណោះនៅមានអ្នកគាំទ្រជាច្រើនបានចូលទៅជូនពរលោក និងឪពុកម្ដាយឱ្យបានឆាប់ជាសះស្បើយផងដែរ។
លោក ណា ខុន បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មាន ឡា រ៉ែន តាមទូរស័ព្ទថា “បាទបង ព្រឹកនេះខ្ញុំបានជូនឪពុកម្ដាយខ្ញុំទៅពិនិត្យជំងឺ ដែលម្ដាយខ្ញុំបានឈឺដៃអស់រយៈពេលកន្លះខែមកហើយ រួចក៏បានថតទៅឃើញថា គាត់បាក់ដៃ ហើយឪពុករបស់ខ្ញុំវិញ គាត់មានជំងឺគ្រុនពោះវៀនរយៈពេល 1 ខែដែរហើយ ដែលព្រឹកនេះខ្ញុំបាទជាកូនប្រុសបានបំពេញកាតព្វកិច្ចជូនគាត់ទៅពេទ្យ បើទោះបីជាមានភាពមមាញឺកក្នុងការងារជាច្រើនយ៉ាងណាក៏ដោយ”។ លោកបានបញ្ជាក់ថា រាល់ការចំណាយថ្លៃពេទ្យគឺលោកជាអ្នករ៉ាប់រង តែសុំមិនបញ្ជាក់ពីតម្លៃនោះទេ។
គួបញ្ជាក់ផងដែរថា ថ្មីៗនេះតារារូបនេះកំពុងមានការងារថ្មីពីរក្នុងការថតរឿង គឺរឿង នាវាជីវិត របស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ 5 និងកំពុងគ្រោងរៀបចុះកុងត្រាថតរឿងជាមួយស្ថានីយទូរទស្សន៍ប៉ុស្តិ៍បាយ័នបន្ថែមទៀត៕