ក្រៅពីមានរូបសម្រស់ស្រស់ស្អាតហើយ ថែមទាំងមានទឹកចិត្តល្អទៀត សម្រាប់តារាសម្ដែងស្រីដែលកំពុងទាក់ទាញចិត្តយុវវ័យ Punpun Sutatta នាពេលនេះ ដោយសាមីខ្លួនបានប្រើបា្រស់ពេលវេលាជាផលប្រយោជន៍ដល់មនុស្សជាតិ ដោយបានពាំនាំនូវចំណេះដឹងពាក់ព័ន្ធនឹងភាសាអង់គ្លេសទៅធ្វើជាគ្រូភាសាអង់គ្លេសបង្ហាត់បង្រៀនដល់ព្រះសង្ឃដោយផ្ទាល់នៅក្នុងបរិវេណវត្ត ថាំម៉ុងឃន់ ដែលមានអ្នកគាំទ្រជាច្រើនបានប្រាប់ថា តារាស្រីរូបនេះបានចុះទៅបង្រៀនភាសាអង់គ្លេសដល់ព្រះសង្ឃដោយផ្ទាល់ជាច្រើនវត្តមកហើយ រហូតដល់ព្រះសង្ឃទ្រង់មានសមត្ថភាពប្រើប្រាស់ភាសានេះបានខ្លះៗហើយ និងទង្វើនេះអាចនិយាយបានថា ក្រៅពីល្អប្រពៃហើយ នាងថែមទាំងមានសមត្ថភាពខាងផ្នែកបង្រៀនភាសាទៀតផង។
គួរបញ្ជាក់ផងដែរថា តារាស្រីល្បីឈ្មោះនៅក្នុងរឿង Hormone រូបនេះ ក៏ធ្លាប់មានព័ត៌មានល្បីល្បាញម្ដងរួចមកហើយដែរ ក្នុងការចុះទៅបង្រៀនភាសាអង់គ្លេសដល់ព្រះសង្ឃកាលពីខែកញ្ញា ឆ្នាំ2016 កន្លងមក ដែលនាងបានគិតថា នេះគឺជាការងារមួយដែលមានផលប្រយោជន៍ដល់សង្គមជាតិ ដែលអាចរាប់បានថា គឺជាអំពើកុសលផលបុណ្យដែលល្អមួយ។
បើទោះបីជានាងជាតារាជំនាន់ថ្មីក៏ដោយ ក៏ប៉ុន្ដែ Punpunត្រូវបានទទួលស្គាល់ថា មានអ្នកចាប់អារម្មណ៍ និងតាមដានព៏ត៌មានរបស់នាងច្រើនបំផុតនៅលើបណ្ដាបណ្ដាញទំនាក់ទំនងសង្គម Facebook និង Instargramទាំងឡាយ៕