ក្លិបតោខៀវ Chelsea បានបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែការពារ Antonio Rudiger ដែលមកពីក្លិប Roma ស្របពេលដែលកីឡាករអន្តរជាតិអាល្លឺម៉ង់រូបនេះមានតម្លៃខ្លួន34លានផោន (ស្មើនឹង44លានដុល្លារអាមេរិក)។ Rudiger ដែលអាចលេងក្នុងតំបន់ការពារកណ្តាល ឬតំបន់ការពារស្លាបស្តាំនោះបានចុះហត្ថលេខារយៈពេល5ឆ្នាំ ហើយនិងក្លាយជាកីឡាករចំណូលថ្មីទី2របស់ក្លិប Chelsea នៅរដូវក្តៅដ៏មមាញឹកនេះ។
វត្តមានរបស់គេ នឹងធ្វើការពង្រឹងនៅតំបន់ការពារសម្រាប់ក្រុមរបស់លោក Antonio Conte ក្រោយពីខ្សែការពារ Nathan Ake បានទៅចូលរួមជាមួយនឹងក្លិប Bournemouth ក្នុងតម្លៃខ្លួន20លានផោន និង John Terry ត្រូវបានអនុញ្ញាតឲ្យចាកចេញនៅពេលបញ្ចប់កិច្ចសន្យារបស់គេ។ Rudiger វ័យ 24ឆ្នាំ ត្រូវបានទាក់ទងជាមួយនឹងការផ្ទេរទៅកាន់ក្លិប Chelsea កាលពីរដូវកាលមុន មុននឹងរងរបួសលើជង្គង់ស្តាំរបស់គេក្នុងពេលហ្វឹកហាត់។ Rudiger បានឲ្យដឹងថា៖ «វាជាអារម្មណ៍ដ៏អស្ចារ្យមួយពីព្រោះមិនមែនរាល់កីឡាករទាំងអស់សុទ្ធតែមានឱកាសក្នុងការចូលរួមជាមួយនឹងក្លិបដ៏ធំមួយបែបនេះឡើយ។
ខ្ញុំកំពុងតែសម្លឹងឆ្ពោះទៅមុខដើម្បីជួបជាមួយនឹងមិត្តរួមក្រុមថ្មីរបស់ខ្ញុំ ហើយខ្ញុំពិតជាមានមោទនភាពណាស់ក្នុងការក្លាយជាកីឡាករ Chelsea ជាផ្លូវការ»។
លោក Michael Emenalo ប្រធានផ្នែកបច្ចេកទេសរបស់ Chelsea បានឲ្យដឹងថា៖ « Rudiger ជាកីឡាករវ័យក្មេង ប៉ុន្តែ ពោរពេញដោយបទពិសោធក្នុងកម្រិតក្លិប និងអន្តរជាតិ។ រូបគេមានរាល់ឥរិយាបថទាំងអស់ដែលយើងត្រូវការជាចាំបាច់ក្នុងការលេងក្នុងក្របខ័ណ្ឌ Premier League»៕
ប្រភពពី៖ ESPN