ថ្មីៗនេះបទចម្រៀងបែបអប់រំមនុស្សនៅក្នុងសង្គម មានចំណងជើងថា «ទឹកភ្នែកម្តាយស្រក់លើខ្នោះដៃកូន» បានចេញ MV ជាផ្លូវការ និងទទួលបានការគាំទ្រច្រើន ពីប្រិយមិត្តអ្នកស្ដាប់រួចមកតារាចម្រៀងលោក ជុំ លីណូ ក៏ទទួលបានការកោតសរសើរយ៉ាងពិសេស ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្ដេចតេជោហ៊ុនសែន ថា តារាចម្រៀងរូបនេះមានសំនៀងពីរោះ និងស្រដៀងគ្នាទៅនឹងសំឡេងរបស់តារាចម្រៀង ខេម ពោលគឺពីរោះម្យ៉ាងម្នាក់ ពេលបកស្រាយបទចម្រៀង។
ថ្លែងជាសាធារណៈកាលពីពេលកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សំឡេងរបស់តារាចម្រៀងលោក ជុំ លីណូ និងតារាចម្រៀង ខេម មានលក្ខណៈប្រហាក់ប្រហែលគ្នា ជាពិសេសពេលបកស្រាយបទ «ទំនួញអកឈ្មោល» និងបទ «ទឹកភ្នែកម្តាយស្រក់លើខ្នោះដៃកូន» ដែលធ្វើឲ្យសម្ដេច មានការពេញចិត្ត រាល់ពេលអ្នកទាំងពីរបកស្រាយបទចម្រៀងម្ដងៗ។
តារាចម្រៀង ជុំ លីណូ បានសម្ដែងនូវអារម្មណ៍រំភើប សប្បាយរីករាយជាពន់ពេក ដែលទទួលបានការកោតសរសើរ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ មួយវិញទៀត សម្រាប់បទចម្រៀងដែលមានចំណងជើងថា «ទឹកភ្នែកម្ដាយស្រក់លើខ្នោះដៃកូន» មួយបទនេះ លោក ជុំ លីណូ បានខិតខំសម្រិតសម្រាំងក៏ដូចជាផលិតឡើង ដើម្បីអប់រំមនុស្សដែលរស់នៅក្នុងសង្គមនាពេលបច្ចុប្បន្ន ឲ្យជៀសឆ្ងាយពីគ្រឿងញៀន ជាពិសេសនោះគឺយល់ដឹងច្បាស់ពីផលអាក្រក់របស់គ្រឿងញៀន ដែលអាចបំផ្លាញមនុស្ស និងប្រទេសជាតិ។
ដោយឡែក បន្ទាប់ពីបទចម្រៀង «ទឹកភ្នែកម្តាយស្រក់លើខ្នោះដៃកូន» បានចេញជា MV ហើយ លោកនឹងផលិតនូវ MV បទចម្រៀង «ប្រាក់រៀលចិត្តស្មោះ» មួយបទទៀត បន្ទាប់ពីបទចម្រៀងទាំងពីរនេះទទួលបានការគាំទ្រ ហើយលោកនឹងព្យាយាមផលិតនូវបទចម្រៀង បែបអប់រំមនុស្សក្នុងសង្គមបន្ថែមទៀតឲ្យបានច្រើន៕