តារាសម្ដែងរូបសង្ហា ឆានុន ឆៃយ៉ា ត្រូវបានគេដឹងថា លោកបានបាត់មុខអស់រយៈពេលជាង ៣ ឆ្នាំមកហើយ ដោយសារលោកងាកទៅពង្រឹងការបើកហាងលក់សំលៀកបំពាក់ ដែលអាចកើតចំណូលសមរម្យសម្រាប់ចិញ្ចឹមជីវិត។ តែអ្វីដែលចាប់អារម្មណ៍នៅពេលនេះគឺ តារាសម្ដែងប្រុសរូបនេះបានប្រាសវិលចូលសិល្បៈជាថ្មីម្ដង ព្រមជាមួយរូបរាងស្រស់សង្ហាជាងមុន និងបានបើកឆាកសម្ដែងភាពយន្ដនាដើមឆ្នាំ2020 នេះតែម្ដង។
ជាមួយអ្នកសារព័ត៌មានឡារ៉ែន លោក ឆានុន ឆៃយ៉ា បញ្ជាក់ថា ការបាត់មុខពីសិល្បៈមួយរយៈមុន គឺដោយសារតែលោកចង់ដកឃ្លារកលុយ ដើម្បីបំពេញតម្រូវការ។ លោកថាការប្រឡូកសិល្បៈកាលពីជាង៣ឆ្នាំមុន ជោគជ័យដែលទទួលបានមិនសូវច្រើនទេ ដោយសារទី១ នៅក្នុងពេលនោះ លោកនៅពិបាករឿងលុយកាក់ ហើយមិនសូវបានចូលរួមក្នុងកម្មវិធីធំៗដែលបានអញ្ជើញ និងម្យ៉ាងរអៀសចិត្តរឿងមិនសូវមានលុយកាក់សម្រាប់ផ្គត់ផ្គង់ភាពហ៊ឺហារក្នុងសិល្បៈផង ទើបលោកបងចោល ហើយទៅសម្ងំរកលុយពីការបើកហាងលក់សំលៀកបំពាក់តែម្ដង។ ការប្រកាសចូលសម្ដែងជាថ្មីនេះ មិនមែនលោកបិទចោលអាជីវកម្មនោះទេ គឺនៅតែដំណើរការ ប៉ុន្តែបណ្ដាលមកពីលោកមានអ្នកមើលខុសត្រូវ និងម្យ៉ាងអាចថាលោកចង់ត្រឡប់មកកសាងកេរ្តិ៍ឈ្មោះព្រមជាមួយនឹងអាជីវកម្មក៏រីកចំរើនផង ទើបលោកទទួលសម្ដែង។
លោក ឆានុន ឆៃយ៉ា បញ្ជាក់ថា ការប្រឡូកសិល្បៈបើខ្វះលទ្ធភាព ជាពិសេសគឺខ្វះភាពហ៊ឺហា គឺពិតជាពិបាកទទួលការចាប់អារម្មណ៍ ទើបជាមូលហេតុដែលលោកដកឃ្លាទៅរកលុយសិន។ ក្នុងពេលនេះ លោកថាខ្លួនមិនមែនមានបាននោះទេ ប៉ុន្តែអាចថាជីវភាព និងប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ការងារសិល្បៈ គឺគ្រប់គ្រាន់ ទើបលោកបោះជំហានម្តងទៀតនេះ។ លោករំពឹងថាការបោះជំហានរបស់ខ្លួននឹងមិនពិបាកជោគជ័យនោះផង ដោយសារទី១លោកកាន់តែមានទំនាក់ទំនងជាមួយផលិតករច្រើនឡើង និងទី២លោកមានលទ្ធភាពជាងមុន ខាងផ្នែកជីវភាព ដើម្បីឱ្យសមរម្យក្នុងអាជីពជាអ្នកសិល្បៈ។ អ៊ីចឹងហើយទើបគ្រាន់តែប្រកាសចូលភ្លាម ក៏ត្រូវបានផលិតកម្ម LD កុងត្រាអោយសម្ដែងតែម្ដង ដោយលោកនឹងថតរឿងថ្មីអោយផលិតមួយនេះ នៅដើមឆ្នាំ២០២០។ ក្នុងផលិតកម្មមួយចំនួន ក៏ចាប់ផ្ដើមទាក់ទងអោយលោកសម្ដែងផងដែរ បន្ទាប់ពីដឹងថាលោកត្រលប់ចូលសម្ដែង៕