កិច្ចប្រជុំពិគ្រោះយោបល់ក្រោមប្រធានបទ “ការប្រមើលមើលពីការប្រែក្លាយសេដ្ឋកិច្ចនៅកម្ពុជា៖ ក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា” ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា វិទ្យាស្ថានអភិវឌ្ឍន៍ក្រៅប្រទេស (ODI) និងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍នៅកម្ពុជា (CDRI) នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ភ្នំពេញ កាលពីដើមខែវិច្ឆិកា ឆ្នាំ2019 បានក្លាយជាព្រឹត្តិការណ៍ថ្មីមួយទៀតនៃការរៀបចំក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា បន្ទាប់ពីក្រុមការងារសេដ្ឋកិច្ចជាតិបានធ្វើទស្សនកិច្ចសិក្សាទៅតំបន់ស៊ីលីខុន វ៉ាលលេ និងការរៀបចំកិច្ចប្រជុំតុមូលជាមួយធនាគារពិភពលោក ឬ WB នៅសហរដ្ឋអាមេរិកកាលពីពេលកន្លងមក ពាក់ព័ន្ធនឹងការរៀបចំក្របខ័ណ្ឌសេដ្ឋកិច្ចកម្ពុជា។
ឯកឧត្តម វង្សី វិស្សុត អនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់នេះ គឺដើម្បីបន្តផ្តល់នូវវេទិកាសម្រាប់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ធ្វើការពិភាក្សា និងផ្លាស់ប្តូរគំនិតទស្សនៈក្នុងគោលដៅកំណត់ឱ្យបាននូវក្របខ័ណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ក្នុងរយៈពេលវែង។
ឯកឧត្តមបន្តថា បច្ចុប្បន្នយើងកំពុងតែរស់នៅក្នុងយុគសម័យនៃបដិវត្តន៍បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង ឬហៅថា បដិវត្តន៍ឧស្សាហកម្មទី4 (IR 4) ដែលមានបច្ច័យយ៉ាងធំធេងមកលើការអភិវឌ្ឍ និងការរស់នៅរបស់មនុស្សជាតិក្នុងគ្រប់ទិដ្ឋភាព។
បដិវត្តន៍ឧស្សាហកម្មទី4 នឹងផ្តល់នូវកាលានុវត្តន៍យ៉ាងច្រើនដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជា ក្នុងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ធ្វើការបង្រួញផ្លូវ និងពន្លឿនការអភិវឌ្ឍប្រទេស ការបង្តើនផលិតភាព ប្រសិទ្ធភាព និងភាពប្រកួតប្រជែង។
ក៏ប៉ុន្តែបដិវត្តន៍ឧស្សាហកម្មទី4 នេះក៏នឹងនាំមកនូវបញ្ហាប្រឈមថ្មីៗបន្ថែមពីលើបញ្ហាប្រឈមនានាដែលមានស្រាប់ផងដែរ។ ក្នុងបរិបទនេះ កម្ពុជាចាំបាច់ត្រូវគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយនូវយុទ្ធសាស្ត្រនៃការអភិវឌ្ឍរបស់ខ្លួន ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយបរិយាប័ន្ន និងធន់រឹងមាំ ពិសេសការសម្រេចបាននូវឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030។
ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា រាជរដ្ឋាភិបាលបាន និងកំពុងដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីលើកស្ទួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសហគ្រិនភាពនៅកម្ពុជាដូចជា៖ 1-ការបង្កើត និងដាក់ឱ្យដំណើរការមូលនិធិអភិវឌ្ឍន៍ជំនាញ(SDF)។ 2-ការបង្កើត និងដាក់ឱ្យដំណើរការ-មជ្ឈមណ្ឌល បណ្តុះធុរកិច្ចថ្មីតេជោ។ 3-ការបង្កើតនិងដាក់ឱ្យដំណើរការមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (EDF) និងមជ្ឈមណ្ឌលលើកកម្ពស់សហគ្រិនភាព(EPC)។ 4-ការរៀបចំបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យម (SMEs Bank) ជាដើម។
ជាលទ្ធផលជាក់ស្តែង ការរៀបចំថ្នាល និងប្រព័ន្ធអេកូឡូស៊ីសម្រាប់ការបង្កើតធុរកិច្ចថ្មី និងសហគ្រិនភាព កំពុងតែមានវឌ្ឍនភាពទៅមុខគួរឱ្យកត់សម្គាល់ ដោយក្នុងនោះ វប្បធម៌សហគ្រិនភាពកាន់តែត្រូវបានលើកកម្ពស់ ក្រុមហ៊ុនមួយចំនួនចាប់ផ្តើមជំរុញនវានុវត្តន៍ និងធ្វើឌីជីថលភាវូបនីយកម្មនៅក្នុងអាជីវកម្មរបស់ខ្លួន ហើយក៏មានគ្រឹះស្ថាន បណ្តុះបណ្តាល និងសាកលវិទ្យាល័យខ្លះបានដំណើរការកម្មវិធីបណ្តុះបណ្តាលជំនាញ និងសហគ្រិនភាពនេះជាបណ្តើរៗផងដែរ។
ឯកឧត្តម វង្សី វិស្សុត បានស្នើដល់អង្គប្រជុំ ធ្វើការពិភាក្សាឱ្យកាន់តែស៊ីជម្រៅ ដោយផ្តោតលើអាទិភាព និងយុទ្ធសាស្ត្រចំនួន5 សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំក្របខ័ណ្ឌគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលកម្ពុជាដែលរួមមាន៖
1-ការរៀបចំ និងដាក់ឱ្យដំណើរការរដ្ឋាភិបាលឌីជីថលគ្រប់ជ្រុងជ្រោយ ដើម្បីពង្រឹងការផ្តល់សេវាសា ធារណៈប្រកបដោយគុណភាព ប្រសិទ្ធភាព និងតម្លាភាពផង និងម្យ៉ាងវិញទៀត ដើម្បីបង្កើតនូវបរិស្ថាន និងជាគំនាស់សម្រាប់ជំរុញសេដ្ឋកិច្ចឌីជីថល និងនវានុវត្តន៍ផងដែរ។
2-ការជំរុញវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដូចជាខ្សែកាប្លិ៍អុបទិក ខ្សែកាប្លិ៍អុបទិកតាមបាតសមុទ្រ មជ្ឈមណ្ឌលទិន្នន័យ និងការតភ្ជាប់បណ្តាញសេវាកម្មដល់អ្នកប្រើប្រាស់ និងធុរកិច្ច ដើម្បីធ្វើឱ្យសេវាអុីនធើណិតកាន់តែមានល្បឿនលឿន ហើយតម្លៃកាន់តែថោកជាងមុន និងមានវិសាលភាពអាចគ្របដណ្តប់ទូទាំងប្រទេស។
3-ការបង្កើនសមត្ថភាព និងអក្ខរកម្មឌីជីថលពិសេសជូនដល់ស្រទាប់យុវជន ដើម្បីទាញយកប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ និងពីទីផ្សារឌីជីថលតាមរយៈការបង្កើនគុណភាពអប់រំ ការលើកកម្ពស់ការបណ្តុះបណ្តាលSTEAM និងការអភិវឌ្ឍជំនាញឌីជីថលព្រមទាំងការស្រាវជ្រាវ និងអភិវឌ្ឍន៍(R&D)។
4-ការបង្កើតក្របខ័ណ្ឌគោលនយោបាយ ច្បាប់ បទប្បញ្ញតិ្ត និងបទដ្ឋានស្តង់ដា ក្នុងគោលដៅធានា សន្តិសុខផ្នែកឌីជីថល ដូចជាការពង្រឹងការគ្រប់គ្រងទិន្នន័យ ការការពារទិន្នន័យឯកជន និងការទប់ ស្តាត់បទល្មើសក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានជាដើម។ល។ 5-ការជំរុញអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីសម្រាប់លើកស្ទួយសហគ្រិនភាព និងការបង្កើតធុរកិច្ចថ្មី(Startup) ក្នុងវិស័យឌីជីថល។
ប៉ុន្តែ ទាំងអស់នេះ វាក៏អាចមានបច្ច័យអវិជ្ជមានដល់ទីផ្សារការងារបច្ចុប្បន្នផងដែរ ដោយសារតែនវានុវត្តន៍ថ្មីៗ អាចនឹងជំនួសឱ្យការងារដែលប្រើប្រាស់កម្លាំងពលកម្មរូបវន្ត។ ដូច្នេះ កម្ពុជាត្រូវធ្វើយ៉ាងណាដើម្បីធានាឱ្យកម្លាំងពលកម្មរបស់ខ្លួនអាចសម្របខ្លួន និងទទួលយកនូវការធ្វើឌីជីថលភាវូបនីយកម្មនេះឱ្យបានជាប្រព័ន្ធ និងប្រកបដោយភាពរស់រវើក ក៏ដូចជាការអប់រំផ្នែកទស្សនៈ និងផ្នត់គំនិតដែរ។
ជាមួយគ្នានេះ កម្ពុជាត្រូវតែផ្តល់ការបណ្តុះបណ្តាលនូវជំនាញពាក់ព័ន្ធសម្រាប់ថ្ងៃនេះ និងថ្ងៃអនាគតជូនដល់កម្លាំងពលកម្មនៅក្នុងវិស័យសំខាន់ៗដែលជាមូលដ្ឋានគ្រឹះនៃការផ្លាស់ប្តូរឆ្ពោះទៅរកការធ្វើឌីជីថលភាវូបនីយកម្ម។
ឯកឧត្តម វង្សី វិស្សុត ក៏បានគូសបញ្ជាក់ផងដែរថា៖“សេដ្ឋកិច្ចឌីជីថល នឹងក្លាយជាគំនាស់ថ្មី (New leverage) នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើនសមត្ថភាពប្រកួតប្រជែង ផលិតភាព និងតម្លៃបន្ថែម ដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី4 របស់រាជរដ្ឋាភិបាលកម្ពុជា”៕