អគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា បុព្វលាភរ៉ាប់រងដុលនៅក្នុងការធានារ៉ាប់រងទូទៅបានឈានដល់ជិត 50លានដុល្លារអាមេរិក ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំនេះ។ ឧស្សាហកម្មធានារ៉ាប់រងថ្មីនៅកម្ពុជាបន្តទទួលបានកំណើនគួរឱ្យកត់សម្គាល់ដោយបុព្វលាភកើនឡើងជាង 14% នៅឆមាសទី1 នៃឆ្នាំនេះ។
យោងតាម ឯកឧត្តម ម៉ី វ៉ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ចាប់ពីខែមករាដល់ខែមិថុនា បុព្វលាភសរុបក្នុងការធានារ៉ាប់រងទូទៅបានកើនឡើងដល់ 49.3លានដុល្លារ កើនឡើង 14.7% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឯកឧត្តម បានចង្អុលបង្ហាញថា បុព្វលាភធានារ៉ាប់រងអាយុជីវិត មានចំនួន 66.3លានដុល្លារ កើនឡើង 55.3%។
ថ្លែងនៅក្នុងសិក្ខាសាលាស្តីពីឧស្សាហកម្មធានារ៉ាប់រង លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានា-រ៉ាប់រងកម្ពុជា (Insurance Association of Cambodia ឬ IAC) មានប្រសាសន៍ថា ទីផ្សារកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងដើរតួនាទីកាន់តែធំជារៀងរាល់ឆ្នាំនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។
លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានមានប្រសាសន៍ថា៖“ជាលទ្ធផល បុព្វលាភដុលសរុបនៅក្នុងឧស្សាហកម្មធានារ៉ាប់រង បានកើនឡើងជាមធ្យម 35% ក្នុង 1ឆ្នាំក្នុងរយៈពេល 5ឆ្នាំចុងក្រោយនេះ។ កំណើននេះមិនបានកើតឡើងដោយចៃដន្យទេ។ វាជាលទ្ធផលនៃការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្ររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកបដោយជោគជ័យ”។
លោកប្រធានសមាគមបានបញ្ជាក់ថា ការធានារ៉ាប់រង គាំទ្រពាណិជ្ជកម្ម និងលើកទឹកចិត្តដល់ការវិនិយោគ និងការផ្តល់ប្រាក់កម្ចី ព្រោះវាកាត់បន្ថយហានិភ័យ។ លោកជឿជាក់ថា ការធានា រ៉ាប់រង បានលើកកម្ពស់ស្ថិរភាពហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុន និងបុគ្គល។
លោក វ៉ាថារ៉ូ បានមានប្រសាសន៍បន្តថា៖“ការចូលរួមវិភាគទានទាំងនេះ ត្រូវបានគេមើល ឃើញនៅក្នុងការអភិវឌ្ឍទីផ្សារធានារ៉ាប់រងនៅកម្ពុជាបច្ចុប្បន្ន ជាមួយនឹងការកើនឡើងនូវតម្រូវការ និងការផ្គត់ផ្គង់”។
ប្រទេសកម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន13 ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន11 និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន7។ នេះបើយោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក យក់ ចំរើនឬទ្ធិ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង “ហ្វ័រតេ” បានប្រាប់កាសែតឡារ៉ែនពាណិជ្ជថាជំនួញបានចាប់ផ្ដើមល្អឡើងចាប់តាំងពីចូលទីផ្សារក្នុងស្រុកក្នុងឆ្នាំ2014។
លោកបានមានប្រសាសន៍ថា៖“បុព្វលាភដុលរបស់យើង និងចំនួនអតិថិជនសកម្មកំពុងកើន ឡើងជារៀងរាល់ឆ្នាំ ដែលជាក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចផ្តល់ការធានារ៉ាប់រងអាយុជីវិត និងគ្រោះ ថ្នាក់ផ្ទាល់ខ្លួនដល់អតិថិជនដែលរស់នៅមិនក្រោម 10ដុល្លារក្នុង 1ថ្ងៃ”។
លោក បានបញ្ជាក់ថា៖“បើនិយាយទៅដល់ការកើនឡើង មានទីផ្សារ2។ ទី1-គឺទីផ្សារធានារ៉ាប់រងសហគ្រិន អ្នកដែលមានក្រុមហ៊ុន សហគ្រាស វាមានការកើនជាប្រចាំជាយូរមកហើយ។ តែកំណើនទី2-គឺជាកំណើនបុគ្គល មានន័យថា ការទិញធានារ៉ាប់រងជាលក្ខណៈបុគ្គល ជាពិសេសក្រុមហ៊ុនមានធានារ៉ាប់រងអាយុជីវិតមានការកើនច្រើន។ ពោលគឺ ធានារ៉ាប់រងអាយុជីវិត កើនជាងធានារ៉ាប់រងទូទៅ”។
លោក យក់ ចំរើនឬទ្ធិ បន្តថា ៖“បើតាមការប្រមើលមើល យើងសង្ឃឹមថា វាអាចនឹងកើនឡើងជារៀងរាល់ឆ្នាំ ព្រោះអត្រាទិញធានារ៉ាប់រងរបស់យើងនៅទាបនៅឡើយ។ គឺវាមានត្រឹមប្រមាណ 0.78%ប៉ុណ្ណោះ ដូច្នេះវានៅកើនឡើងទៀត។ ដូច្នេះ កត្តាសំខាន់គឺ កំណើនសេដ្ឋកិច្ចរបស់ប្រទេស និងការយល់ដឹងរបស់បងប្អូនប្រជាពលរដ្ឋចំពោះវិស័យធានារ៉ាប់រង ដែលជួយពន្លឿនវិស័យធានារ៉ាប់រងឱ្យដំណើរការទៅមុខបាន”។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក៏បានដាក់វិភាគទានក្នុងវិស័យធានារ៉ាប់រងដល់ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាចំនួន 24.6ពាន់លានដុល្លារ ស្មើនឹង 0.8%ដែរ។ ផ្នែកធានារ៉ាប់រងអាយុជីវិតបានចូលរួមចំណែក 0.3%នៃផ.ស.សកាលពីឆ្នាំមុន។
របាយការណ៍វិនិយោគអាស៊ានឆ្នាំ2019 ដែលបានចេញផ្សាយថ្មីៗនេះ ក៏បានបញ្ជាក់ដែរថា ការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា ត្រូវបានគ្របដណ្ដប់ដោយផលិតកម្ម និងសេវាកម្ម ជា ពិសេសហិរញ្ញវត្ថុ និងធានារ៉ាប់រង។ សេវាកម្មមានចំនួន 79% នៃ FDI(ទុនវិនិយោគក្រៅប្រទេស ឬForeign Direct Investment)ទាំងអស់នៅក្នុងប្រទេស។
ទាំងលោកវ៉ាន់ និងលោក វ៉ា ថារ៉ូ បានមានប្រសាសន៍ស្រដៀងគ្នាថា៖ “មានកន្លែងជាច្រើនសម្រាប់កំណើន ហើយសង្ឃឹមថា ក្រុមហ៊ុនធានារ៉ាប់រងកាន់តែច្រើននឹងចូលទីផ្សារនៅប៉ុន្មានឆ្នាំខាងមុខនេះ។ បញ្ហាប្រឈមដែលឧស្សាហកម្មនេះកំពុងប្រឈម គឺកង្វះធនធានមនុស្ស។ធនធានមនុស្សចាំបាច់ត្រូវតែមានសម្រាប់ឧស្សាហកម្មនេះ ដើម្បីទ្រទ្រង់កំណើននេះ។ យើងត្រូវការជំនាញ ផ្សេងគ្នាក្នុងខ្សែចង្វាក់តម្លៃការធានារ៉ាប់រង។ ការកសាងធនធានមនុស្ស គឺជាអាទិភាពមួយសម្រាប់យើង។ យើងបន្តខិតខំធ្វើការជាមួយព្រឹត្តិការណ៍ ដូចជាសិក្ខាសាលានេះ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្នុងឧស្សាហកម្មនេះ”៕