បញ្ហាស្ត្រីមានគភ៌ នៅពេលដែលអនាគតអ្នកម្តាយថ្មោងថ្មីចាប់ផ្តើមតាំងគភ៌ដំបូងៗ ច្រើនតែមានអាការឆាប់ខឹងមួម៉ៅ និងមានអារម្មណ៍ប្រែប្រួល តែស្ត្រីមានគភ៌ទាំងឡាយកុំអាលកង្វល់ចិត្តអី ព្រោះអាការទាំងនេះនឹងកើតឡើងក្នុងអំឡុង3ខែដំបូងប៉ុណ្ណោះឯង តែត្រូវអាស្រ័យលើកម្លាំងចិត្តអ្នកដែលនៅក្បែរខ្លួន ជាពិសេសអនាគតលោកឪពុក គឺជាកម្លាំងចិត្តសំខាន់បំផុត។ ថ្ងៃនេះ ឡារ៉ែន មានគន្លឹះល្អៗក្នុងការត្រៀមទប់ទល់ក្នុងអំឡុងពេលមានគភ៌ដំបូងៗមកជម្រាបអនាគតអ្នកម្តាយ និងលោកឪពុកដូចតទៅ។
នៅពេលដែលដឹងពិតប្រាកដហើយថា មានគភ៌… ក្តីត្រេកអរតែងតែចេញមកលាយឡំជាមួយក្តីកង្វល់ រឹតតែនៅក្នុងសង្គមព័ត៌មានផងនោះ រឹតតែអាន រឹតមានអារម្មណ៍ថាភ័យព្រួយឡើង ដូចជា “តើខ្ញុំនឹងធ្វើបានទេ?” “តើខ្ញុំនឹងធ្វើយ៉ាងណាតទៅទៀត?” ជាដើម។ គួបផ្សំជាមួយការប្រែប្រួលរបស់រាងកាយ និងផ្លូវចិត្តរបស់ស្ត្រីមានគភ៌ខ្លួនឯងដែលត្រូវប្រឈមទៀតផង តែមិនចាំបាច់កង្វល់ទេអនាគតអ្នកម្តាយថ្មោងថ្មីទាំងឡាយ គ្រាន់តែតាំងស្មារតី ហើយដកដង្ហើមវែងៗ យល់ដឹងអំពីកម្មវិធីការប្រែប្រួលរបស់រាងកាយ និងផ្លូវចិត្ត ដឹងពីបញ្ហាច្បាស់ ក៏អាចកែខៃបានដែរ។
តាំងគភ៌ដំបូងៗ ជាមួយអារម្មណ៍ប្រែប្រួល
នៅពេលចាប់ផ្តើមមានផ្ទៃពោះក្នុង3ខែដំបូងភាពប្រែប្រួលផ្សេងៗ មិនថាតែអាការនឿយល្វើយ ក្អួតចង្អោរ រមាស់ក្បាលដោះ និងអារម្មណ៍ដែលផ្លាស់ប្តូរខុសពីមុនយ៉ាងស្រឡះ ជួនកាលមានអារម្មណ៍ថា មានសេចក្តីសុខតែមួយភ្លែត ក៏សោកសៅវិញភ្លាមតែម្តង ដោយសារតែមានការកង្វល់ពីការតាំងគភ៌របស់អ្នកម្តាយថ្មោងថ្មី និងបញ្ហាជាច្រើនដែលខ្លួនបារម្ភ ដូចជា មិនដឹងជាប្រសូតបុត្រយ៉ាងណា ឬមើលថែទាំកូនយ៉ាងណា-ល- ក្នុងអំឡុងពេលនេះត្រូវអាស្រ័យកម្លាំងចិត្តពីអ្នកដែលនៅក្បែរខ្លួន ជាពិសេសស្វាមីគឺជាមនុស្សដែលសំខាន់បំផុត។
ប្រើពេលវេលាមិនយូរទេនឹងសម្របសម្រួលខ្លួនបានមិនខាន
បន្ទាប់ពីការសម្របសម្រួលខ្លួនពេញមួយរយៈពេល3ខែមកហើយនិងឈានចូលខែទី3-6 ស្ត្រីមានគភ៌នឹងចាប់ផ្តើមស៊ាំធ្លាប់ជាមួយតួនាទី “ខ្ញុំគឺជាស្ត្រីមានគភ៌” ហើយ។ ស្ត្រីមានគភ៌ភាគច្រើនចាប់ផ្តើមមានអារម្មណ៍ធូរស្រាលឡើង ចាប់ផ្តើមរៀនយល់ដឹងពីភាពផ្លាស់ប្តូរដែលកើតឡើងបានងាយជាងមុន មានអារម្មណ៍ដឹងពីជីវិតតូចមួយដែលនៅក្នុងគភ៌របស់ខ្លួន ពេលកូនរើបំរះគឺជាវិនាទីដែលអស្ចារ្យបំផុតដែលពិបាកនឹងបរិយាយអំពីអត្ថន័យរបស់ភាពជាម្តាយ និងកូនខ្លាំងណាស់។
ជិតប្រសូត សុំឱបម្តងទៀត
នៅពេលភាពអីុកអ៊ាកមកដល់ រាងកាយរបស់ស្ត្រីមានគភ៌ចាប់ផ្តើមមានសាច់មានឈាម និងមានទម្ងន់ខ្លួនច្រើនឡើង ដើរហើរ ចាប់កាន់អ្វីលែងងាយស្រួល ជួយខ្លួនឯងលែងសូវបានដូចមុន រឹតតែជិតប្រសូត ក៏រឹតតែមានកង្វល់រឿងការប្រសូត ខ្លាចកូនមិនរឹងប៉ឹង និងកង្វល់ជាច្រើនរឿងទៀត។
ការយកចិត្តទុកដាក់ និងកម្លាំងចិត្តគឺជារឿងសំខាន់ មនុស្សនៅជុំវិញខ្លួនគឺជាថ្នាំលើកកម្លាំងដែលធ្វើឱ្យស្ត្រីមានគភ៌អាចសម្របសម្រួលអារម្មណ៍ក្នុងមួយថ្ងៃៗបានយ៉ាងមានសេចក្តីសុខ ជាពិសេសស្វាមីគួរយកចិត្តទុកដាក់ថែទាំភរិយាមានគភ៌ជាពិសេស កុំឱ្យមានការតូចចិត្តជាដាច់ខាត គួរប្រើពាក្យសំដីដែលផ្តល់នូវភាពជឿជាក់ថា នឹងនៅក្បែរគ្នាជាកម្លាំងថាមពលវិជ្ជមានដល់អ្នកម្តាយឱ្យឆ្លងផុតអ្វីៗគ្រប់យ៉ាងទៅបានយ៉ាងសុវត្ថិភាព។
បើសិននៅពេលណាដែលស្ត្រីមានគភ៌មានអារម្មណ៍មិនសប្បាយ ចិត្ត ឬមានកង្វល់នោះ សាកល្បងប្រើវិធីបែបងាយៗដែលអាចធ្វើបានដោយខ្លួនឯងគ្រប់ពេលវេលា ដូចជា ការអង្គុយសម្រាកបន្ធូរអារម្មណ៍ឱ្យសប្បាយៗនៅក្នុងទីកន្លែងដែលខ្លួនចូលចិត្ត ក្នុងបន្ទប់ដែលមានខ្យល់អាកាសចេញចូលល្អ សម្រាកបន្ធូរសាច់ដុំគ្រប់ផ្នែក បិទភ្នែកយឺតៗ ដកដង្ហើមចេញចូលវែងយឺតៗ នឹកដល់តែរឿងរ៉ាវល្អៗ ទិដ្ឋភាពដែលស្អាតៗ ម្តងៗប្រមាណជា5-10នាទី ព្រមជាមួយសំឡេងបទភ្លេងស្រាលៗ នោះស្ត្រីមានគភ៌នឹងបានជួបនឹងសេចក្តីសុខដែល មាននៅក្បែរៗខ្លួនមិនខាន៕