នៅលើបណ្ដាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ គេឃើញថា រូបថត Pre-wedding ដែលពោរពេញដោយទេសភាពយ៉ាងប្រណិត លោក ណាត បូរី និងគូស្នេហ៍ បានផ្ដិតយកទេសភាពស្អាតៗប្លែកដល់ទៅ៤ប្រទេសឯណោះ គឺនៅកម្ពុជា វៀតណាម សិង្ហបុរី និង ឥណ្ឌូនេស៊ី ដែលមើលទៅទិដ្ឋភាពអនុស្សាវរីយ៍របស់លោកស្រស់ស្អាតហើយកាលីបហ៊ឺហាតែម្ដង។ តារាសម្ដែងប្រុសរូបនេះ និងគូដណ្ដឹង មានគម្រោងទៅកសាងអនុស្សាវរីយ៍នៅឯនាយសមុទ្រផងដែរ ទើបលោកនិងគូស្នេហ៍ សុខចិត្តចំណាយដល់ម្លឹង។
លោក ណាត បូរី បានអះអាងប្រាប់អ្នកសារព័ត៌មានថា មង្គលការរបស់លោក ពិតជាគ្រោងធ្វើឡើងដល់ជាង១៤០តុ ទៅលើសនេះមែន ដោតសារតែគ្រួសាររបស់អនាគតភរិយាលោក គឺអ្នកមានមុខមាត់នៅក្រុងបាវិត។ យ៉ាងណាមិញសម្រាប់តារាសិល្បៈលោកអញ្ជើញតែរវង្វង់ក្រោម១០តុប៉ុណ្ណោះ ដោយសារតែមង្គលការនៅឆ្ងាយពេក។ ក្នុងលោក ក៏មិនមានគម្រោងធ្វើពិធីកាត់ចំណងដៃនៅភ្នំពេញដែរ ដើម្បីកុំឱ្យពិបាករំខានភ្ញៀវ ជាពិសេសគឺរវល់ខ្លាំង។ លោកថា តារាសិល្បៈនឹងចូលរួមច្រើន សម្រាប់មង្គលការរបស់លោកដែលនឹងធ្វើនៅថ្ងៃទី២១ ធ្នូ ក្នុងឆ្នាំ២០១៩ នៅក្រុងបាវិតនោះ ប៉ុន្តែបើឱ្យអញ្ជើញទៅក្នុងចំនួនប៉ុន្មានរូបឱ្យប្រាកដនោះគឺមិនទាន់ដឹងទេ។
យ៉ាងណាមិញលោកបញ្ជាក់បន្ថែមថា ពិធីទាំងមូលចំណាយខ្ពស់ ដោយសារតែធ្វើច្រើនតុ ខណៈដែលគ្រួសារទាំងសងខាងក៏នឹងធ្វើឱ្យសមនឹងមុខមាត់ឳពុកម្ដាយក្មេក ដែលជាអ្នកជោគជ័យ នៅក្រុងបាវិត លើជំនួញដីធ្លី។ អនាគតភរិយារបស់លោក ក៏ជាអ្នកនាំចូលផ្ដាច់មុខផលិតផលអនឡាញ ដែលជោគជ័យម្នាក់ផងដែរ ទើបលោកប្រាប់ថា មង្គលការពិបាកធ្វើឡើងតិចតួច។