ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្តីជូនដំណឹងថ្មីមួយដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ដែលកំពុងប្រកបអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាថា ការអនុវត្តបទប្បញ្ញត្តិនៃការផ្គត់ផ្គង់មិនជាប់ពន្ធអាករចំពោះសេវាមូលដ្ឋានខាងហិរញ្ញវត្ថុស្តីពីការណែនាំឱ្យអនុវត្តពន្ធលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់មិនជាប់អាករត្រូវបានព្យួរការអនុវត្តបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។
សេចក្តីជូនដំណឹងចុះហត្ថលេខាដោយលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយផ្នែកឯកជនដើម្បីពិនិត្យសិក្សាលម្អិតឡើងវិញនូវនិយមន័យនៃពាក្យ «សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុ» និងការអនុវត្តអាករលើតម្លៃបន្ថែមលើសេវាមិនមែនជាមូលដ្ឋានខាងហិរញ្ញវត្ថុក្នុងគោលបំណងធានាបាននូវសង្គតិភាពក្នុងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីសារពើពន្ធ ព្រមទាំងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ប្រជាពលរដ្ឋអ្នកប្រើសេវាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានសាទរចំពោះការដាក់ឱ្យពន្យារពេលនេះ។ លោក ហាក់ សេងហ៊ុយ ប្រជាពលរដ្ឋនៅសង្កាត់ជើងឯក រាជធានីភ្នំពេញ មានប្រសាសន៍ថា ការពន្យារការបង់ពន្ធអាករ (VAT)10%នេះ គឺជាការដកបន្ទុកដ៍ធ្ងន់ធ្ងរសម្រាប់ប្រជាពលរដ្ឋទូទៅដែលជាប់ពន្ធ។
កន្លងមកសាធារណជនមានការព្រួយបារម្មណ៍ចំពោះការដាក់ឱ្យជាប់ពន្ធអាករលើតម្លៃបន្ថែមនេះដោយអះអាងថា ពួកគាត់កំពុងព្រួយបារម្ភដោយសារជាប់បំណុលធនាគារហើយនោះ រដ្ឋាភិបាលបែរជាដាក់ឱ្យជាប់ពន្ធអាករបន្ថែម (VAT)10% ដែលជាការបន្ថែមបន្ទុកមួយដ៍ធ្ងន់ក្នុងគ្រួសារ។ លោកអះអាងថា បើសិនជារដ្ឋាភិបាលលើកលែងពន្ធអាករនេះតែម្តងគឺជារឿងល្អសម្រាប់ប្រជាជនទូទៅ៕