ថ្វីដ្បិតតែកសិករកម្ពុជានិយមដាំជាងគេ គឺដំណាំចេកមែន តែដំណាំចេកមានសណ្ឋាន និងពូជច្រើនប្រភេទ ច្រើនយ៉ាងប្លែកៗពីគ្នា។ ម្យ៉ាងវិញទៀត ដំណាំមួយប្រភេទនេះ នៅពេលបានផល ហើយ ផ្លែវាក៏ជាតម្រូវការរបស់គ្រប់ៗគ្នាក្នុងការយកទៅធ្វើម្ហូប ជាបង្អែម និងធ្វើជាផលិតផលកែច្នៃ(តំណាប់ចេក ចេកងៀត ចេកហាល ចេកឆាប-ល-)តាមចំណង់ចំណូលចិត្ត។
ផ្លែចេកត្រូវបានពលរដ្ឋខ្មែរយកទៅធ្វើជាផលិតផលកែច្នៃម្យ៉ាងដែលរក្សាទុកហូបបានយូរ ហើយគ្មានប្រជាពលរដ្ឋខ្មែរណាម្នាក់និយាយថា មិនធ្លាប់ស្គាល់នោះទេ តែថែមទាំងធ្លាប់ឃើញ និងធ្លាប់ទាំងហូបស្ទើរតែគ្រប់គ្នាទៀតផង នោះគឺ “ចេកឆាប”។
ដោយមើលឃើញពីផលប្រយោជន៍ជាច្រើនរបស់ផ្លែចេក កសិករនៅសហគមន៍ខេត្តកោះកុង បាននាំគ្នាដាំចេកពូជម្យ៉ាងដែលមានឈ្មោះថា ចេកមាសស្ងួន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក បំពេញតម្រូវការប្រជាពលរដ្ឋខ្មែរ និងរក្សាពូជចេកក្នុងស្រុក ដែលពលរដ្ឋគ្រប់រូបបាននិយមទទួលទានគ្រប់ជំនាន់កន្លងមក។ ជាពិសេស ចេកមាសស្ងួននេះ គេអាចយកទៅកែច្នៃជាផលិតផលចេកឆាបបានយ៉ាងល្អទៀតផង។
ចេកឆាប ជាអាហារសម្រន់ដែលត្រូវបានពលរដ្ឋខ្មែរនិយមចូលចិត្ត និងចាត់ទុកចេកឆាប ជាបង្អែមមួយបែបផងដែររបស់ខ្មែរ។ ចេកឆាបដែលប្រជាពលរដ្ឋតែងតែនាំគ្នាធ្វើ និងដាក់លក់នៅលើទីផ្សារ ក៏ផលិតពីប្រភេទចេកផ្សេងៗពីគ្នាដែរ តែភាគច្រើនគេតែងតែយកចេកណាំវ៉ាមកកែច្នៃជាចេកឆាប ប៉ុន្តែអ្នកខ្លះគេក៏យកចេកមាសស្ងួនមកកែច្នៃជាចេកឆាបដែរដោយសារវាមានភាពស្រួយ និងឈ្ងុយឆ្ងាញ់ជាងចេកដទៃ និងមានឱជារសផ្អែមជាប់ចិត្តទាំងរសជាតិ ទាំងក្លិន និងគុណភាព។
កសិករឈ្មោះ ឡាក់ ហាក់ ជាសមាជិកសហគមន៍កសិកម្មស្រុកថ្មបាំង ខេត្តកោះកុង បានប្រាប់កាសែតឡារ៉ែនពាណិជ្ជឱ្យដឹងថា៖“ចេកដែលខ្ញុំបានដាំសព្វថ្ងៃ ភាគច្រើនជាចេកមាសស្ងួន ដែលគេនិយមយកទៅធ្វើជាចេកឆាបនេះឯង។ បច្ចុប្បន្នខ្ញុំមានផ្ទៃដីដាំចេកប្រមាណតែជាង 7ហិកតាប៉ុណ្ណោះដោយអាចកាប់លក់បានជារៀងរាល់ថ្ងៃនៅលើទីផ្សារ ហើយមួយចំណែកទៀតក៏ដឹកជញ្ជូនទៅឱ្យម៉ូយដល់ភ្នំពេញផងដែរ”។
លោកបានមានប្រសាសន៍ថា ការដាំចេកមាសស្ងួននេះ មានភាពងាយស្រួល និងមិនលំបាកថែទាំនោះទេ គឺដូចការដាំចេកណាំវ៉ាដែរ ដោយគ្រាន់តែជីកដី រួចដាក់កូនចេកក្នុង 1រណ្តៅ 1គុម្ព(1ដើម) ដាំទុកចន្លោះពី 1ដើមទៅ 1ដើម ចម្ងាយទទឹង 3ម៉ែត្រ បណ្តោយ 4ម៉ែត្រ ពេលដាំហើយ បូមទឹកស្រោចប្រមាណជា 2ដង ដើម្បីឱ្យចេកចាប់ឫស និងអាចរស់បាន តែប៉ុណ្ណឹងជាការស្រេច។ ឯការមើលថែទាំវិញ នៅពេលវាអាយុបាន 1ខែ យើងត្រូវដាក់ជី(ប្រភេទ10 -5-15 ឬ 10-0-20) ចំនួន 80ក្រាមក្នុង 1ដើម។ ដល់ពេលវាអាយុបាន 3ខែ យើងត្រូវដាក់ជីម្ដងទៀត(ប្រភេទ10 -5-15 ឬ 10-0-20) 250ក្រាមក្នុង 1ដើម។ លុះដល់វាអាយុបាន 4ខែ យើងត្រូវដាក់ជីកំប៉ុស ដើម្បីជំនួយដល់ការលូតលាស់របស់វា និងជំនួយដល់ផ្លែឱ្យមានរសជាតិឆ្ងាញ់ និងត្រូវធ្វើការសម្អាតស្មៅជាប្រចាំ។
បន្ទាប់មកយើងមិនបាច់ឱ្យទឹកទៀតទេ គ្រាន់តែមើលថែស្មៅកុំឱ្យដុះ ដោយគ្រាន់តែជម្រះស្មៅពេលដើមចេកនៅតូចៗម្តងម្កាលទៅបានហើយ។ លុះដាំបានរយៈពេលត្រឹម 7ខែ ចេកនឹងចាប់ផ្តើមធ្លាក់ត្រយូង ចេញផ្លែ និងឱ្យផល។ ដល់ពេលវាធំឡើងស្លឹកវានឹងធ្វើឱ្យម្លប់ដីទាំងមូលហើយ ដូច្នេះរុក្ខជាតិផ្សេងៗនឹងមិនដុះនាំឱ្យប៉ះពាល់ដល់ដំណាំចេកនោះទេ។
លោក ហាក់ បានបញ្ជាក់ថា៖“ដំណាំចេកដែលខ្ញុំមានលើផ្ទៃដីប្រមាណជាង 7ហិកតានោះ គឺបានប្រមូលផលក្នុង 1អាទិត្យបាន 400គីឡូក្រាមដែរ គឺក្នុង1ខែ 4ដង ដោយបាននាំចេញទៅឱ្យក្រុមហ៊ុនផលិតនំស្រួយលីលីនៅភ្នំពេញ ហើយចំនួននេះមិនទាន់គ្រប់តាមការបញ្ជាទិញរបស់គេនៅឡើយទេ”។
លោកបានបញ្ជាក់ទៀតថា៖“ចេកមាសស្ងួន ដែលខ្ញុំលក់ទៅឱ្យក្រុមហ៊ុន គឺលក់ក្នុងតម្លៃ 1,600រៀលក្នុង 1គីឡូក្រាម ដោយសារក្រុមហ៊ុនបានឱ្យថ្លៃលើសទីផ្សារ 100-200រៀលក្នុង 1គីឡូក្រាម។ ដូច្នេះក្នុង1ខែ ខ្ញុំអាចទទួលបានប្រាក់ប្រមាណជាង 2លានរៀល(2,560,000រៀល)ដែរ”។
លោក ឡាក់ ហាក់ បានបញ្ជាក់ថា៖“ដូច្នេះទិន្នផលចេក ដើម្បីឱ្យប្រមូលបានតាមតម្រូវការនៃការបញ្ជាទិញរបស់ក្រុមហ៊ុន យើងចាំបាច់ត្រូវតែបង្កើនចំនួន ព្រោះយើងមានកិច្ចព្រមព្រៀងជាមួយគ្នា ដោយត្រូវផ្គត់ផ្គង់សម្រាប់ផលិតជាផលិតផលផ្លែឈើក្រៀម(ចេកឆាប) ដែលបច្ចុប្បន្នការផ្គត់ផ្គង់ស្ថិតក្នុងលក្ខណៈតិចតួចណាស់ សម្រាប់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ប៉ុន្តែយើងនឹងពង្រីកការផលិតបន្ថែមនៅពេលខាងមុខ”។
ថ្វីដ្បិតតែផលដំណាំចេករបស់លោក ឡាក់ ហាក់បានបញ្ជូនទៅឱ្យក្រុមហ៊ុន ដើម្បីផលិតជាផលិតផលកែច្នៃ(ចេកឆាប)តាមបច្ចេកទេសទំនើបមែន តែការធ្វើចេកឆាបដែលប្រជាពលរដ្ឋខ្មែរធ្លាប់បានធ្វើ និងរូបលោកធ្លាប់បានធ្វើជាលក្ខណៈគ្រួសារនោះ ក៏លោកធ្លាប់មានបទពិសោធខ្លះដែរ។
លោក ឡាក់ ហាក់ បានបញ្ជាក់ថា៖ “ប្រជាពលរដ្ឋយើង ប្រាកដជាធ្លាប់ស្គាល់ និងធ្លាប់ពិសា ចេកឆាបនេះហើយ ព្រោះវាសម្បូរណាស់នៅក្នុងស្រុកខ្មែរយើង។ ប៉ុន្តែសម្រាប់បងៗមួយចំនួនប្រហែលជាមិនទាន់ដឹងពីវិធីធ្វើនៅឡើយទេ ដូច្នេះពេលនេះខ្ញុំសូមធ្វើការណែនាំពីការផ្សំគ្រឿង និងវិធីធ្វើដូចខាងក្រោម៖យើងត្រូវមានគ្រឿងផ្សំ គឺចេកណាំវ៉ា ឬចេកមាសស្ងួនស្រគាល 1ស្និត ស្ករស 250ក្រាមខ្លាញ់រាវ 400ក្រាម(សម្រាប់ចេក 1ស្និត)។ បើយើងមានធាតុផ្សំរួចនោះ វិធីធ្វើមិនជាលំបាកឡើយ ដោយវិធីធ្វើ គឺយើងត្រូវបកសម្បកផ្លែចេកឱ្យស្អាត បន្ទាប់មកធ្វើការឈូសវាជាចំណិតស្តើងៗ ដាក់ហាលថ្ងៃឱ្យស្ងួត។ បន្ទាប់ពីហាលស្ងួតហើយ យើងដាក់ខ្ទះដាំឱ្យក្តៅ បន្ទាប់មកដាក់ខ្លាញ់ចូល រួចធ្វើការបំពងឱ្យស្រួយ រួចស្រង់ឡើង ទុកឱ្យស្រស់ខ្លាញ់។
បន្ទាប់មកដាក់ដាំទឹកស្ករ រម្ងាស់ឱ្យឡើងជើងអង្ក្រង ហើយចាក់ចេកដែលបំពងស្រួយហើយនោះចូលទៅ។ ជ្រួយត្រឡប់វាឱ្យស្ងួតទឹក បន្ទាប់មកស្រង់ឡើង ដាក់ហាលថ្ងៃរហូតដល់ស្ងួត ទើបដាក់ក្នុងកែវគ្របឱ្យជិត ដើម្បីរក្សាទុកពិសាបានយូរថ្ងៃ។
លោក ហាក់ បានប្រាប់កាសែតឡារ៉ែនពាណិជ្ជទៀតថា៖“ខ្ញុំមានគោលបំណងពង្រីកការដាំដុះដំណាំចេករបស់ខ្ញុំនេះបន្ថែមទៀត ព្រោះតាមការផ្គត់ផ្គង់សព្វថ្ងៃ ក្រុមហ៊ុននៅមានតម្រូវការ និងបញ្ជាទិញច្រើនទៀតណាស់ ហើយក្រុមហ៊ុនក៏បានទុកលទ្ធភាពជូនសហគមន៍ឱ្យរៀបចំផែនការដាំដុះច្បាស់លាស់ ដើម្បីឱ្យបានគ្រប់ចំនួនដែលក្រុមហ៊ុនត្រូវការ”។
លោកជំទាវ កែវ មុំ អគ្គនាយិកាក្រុមហ៊ុន លីលីហ្វ៊ូដ ផលិតនំស្រួយ ធ្លាប់បានប្រាប់កាសែតឡារ៉ែនពាណិជ្ជអំពីមូលហេតុនៃការបង្កើតរោងចក្រកែច្នៃបន្លែ និងផ្លែឈើនេះថា៖ “វាជាផ្នែកមួយនៃទីផ្សារសម្រាប់កសិផលរបស់ខ្មែរយើង ដោយក្រុមហ៊ុនបានចុះកិច្ចសន្យាជាមួយកសិករនៅខេត្តកំពត កោះកុង ព្រះវិហារ មណ្ឌលគិរី និងខេត្ដកំពង់ចាម ដើម្បីឱ្យពួកគាត់បង្កើនការផលិតឱ្យច្រើន សម្រាប់ផ្គត់ផ្គង់មកក្រុមហ៊ុនតាមការកំណត់ ដើម្បីផលិតឱ្យបានតាមតម្រូវការទីផ្សារ”។
លោកជំទាវបានឱ្យដឹងថា៖ “តាមរយៈគម្រោងនេះ ក្រុមហ៊ុនបានបញ្ជាទិញបន្លែ ផ្លែឈើពីកសិករក្នុងកម្រិតប្រមាណ3 ទៅ 5តោនក្នុង 1ថ្ងៃៗ ដែលការយកបន្លែ-ផ្លែឈើមកកែច្នៃជាបន្លែផ្លែឈើក្រៀម យើងនឹងជួយដល់កសិករបានច្រើន។ បច្ចុប្បន្ន រោងចក្របណ្តោះអាសន្ននេះអាចធ្វើការផលិតបន្លែផ្លែឈើក្រៀមបានក្នុង 1ថ្ងៃពី2 ទៅ 3តោន។ នៅពេលរោងចក្រសាងសង់រួចរាល់នាពេលខាងមុខ រោងចក្រមួយនេះនឹងពង្រីកចង្វាក់ផលិតកម្មបន្ថែមទៀត ដើម្បីនាំចេញទៅលក់នៅក្រៅប្រទេសផងដែរ”៕